ក្រុមសកម្មជនឆ្នើមៗនៅលើសកលលោក ដែលត្រូវបានស្គាល់ថាជា «មនុស្សជាទីគោរព» ឬហៅជាភាសាអង់គ្លេសថា«Edlers» បានទស្សនកិច្ចប្រទេសឥណ្ឌា (India) ដើម្បីប្រកាន់ជំហរជាសាធារណមួយប្រឆាំងនឹងការអនុវត្តជាអន្តរជាតិចំពោះអាពាហ៍ពិពាហ៍កុមារ។
លោក ដេសម៉ុន ទូទូ (Desmond Tutu) អាចារ្យសាសនាគ្រឹស្តនៃប្រទេសអាហ្វ្រិកខាងត្បូង (South Africa) និងជាប្រធានក្រុម ដែលត្រូវបានស្គាល់ថាជា «មនុស្សជាទីគោរព» បានថ្លែងកាលពីសប្តាហ៏មុន នៅទីក្រុងញ៉ូដេលីថា គំនិតផ្តួចផ្តើមរបស់ក្រុមនេះ ដែលមានន័យថា «ក្មេងស្រី ប៉ុន្តែមិនមែនកូនក្រមុំ» នឹងជួយ ប្រទេសឥណ្ឌា ឲ្យប្រើប្រាស់សក្តានុពលពិតប្រាកដរបស់ខ្លួន។
«ប្រទេសឥណ្ឌា ស្ថិតក្នុងដំណាក់កាលក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយ។ ហើយ យើងកំពុងនិយាយថា ចូរ! ស្រមៃមើលថាតើនឹងមានអ្វីកើតឡើង នៅពេលដែលស្ត្រី និងក្មេងស្រី ត្រូវអនុញ្ញាតឲ្យមានសេរីភាព។
ក្រុម«មនុស្សជាទីគោរព» ជាក្រុមឯករាជ្យមួយ របស់អតីតមេដឹកនាំពិភពលោក ដែលព្យាយាមប្រើឥទ្ធិពលរបស់ពួកគេ ដើម្បីបញ្ចប់បុព្វហេតុសំខាន់ៗជាច្រើន ទាក់ទងនឹងការឈឺចាប់របស់មនុស្សជាតិ នៅទូទាំងពិភពលោក។
លោកស្រី ម៉ារី រូប៊ីនសុន (Mary Robinson) អតីតប្រធានាធិបតីស្រីដំបូងបង្អស់របស់ប្រទេសអៀរឡង់ (Ireland) ថ្លែងថា អាពាហ៍ពិពាហ៍កុមារ បានទាក់ទាញចំណាប់អារម្មណ៏របស់ក្រុមនេះ ដោយសារកុមារមួយចំនួន ត្រូវរងផលប៉ះពាល់ជាសកល។
«បញ្ហាអាពាហ៍ពិពាហ៍កុមារ មិនមែនជារឿងតូចតាចឡើយ។ មានកុមារីចំនួនដប់លាននាក់ក្នុងមួយឆ្នាំៗ។ តួលេខនេះ ស្មើនឹងកុមារីចំនួន ១០០លាននាក់ ក្នុងរយៈពេល១០ឆ្នាំ ដែលជាទូទៅ ត្រូវរៀបការដោយគ្មានការយល់ព្រមពីពួកគេផ្ទាល់ ឬមិនដឹងថាតើបុរសណាម្នាក់ ដែលពួកគេ ត្រូវរៀបការជាមួយ។»
អាពាហ៍ពិពាហ៍កុមារ មានលក្ខណៈខុសច្បាប់ នៅក្នុងប្រទេសឥណ្ឌា អស់ពេលជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែ ការសិក្សាជាច្រើន ស្តែងឲ្យឃើញថា មួយភាគបី នៃកុមារីចំនួន១០លាននាក់ដែលរៀបការក្រោមអាយុ១៨ឆ្នាំ រស់នៅឥណ្ឌា។
ការស្ទាបស្ទង់មតិថ្នាក់ជាតិកាលពីឆ្នាំ២០០៦ នៅឥណ្ឌា បានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោម៥នាក់ ដែលមានអាយុចាប់ពី២០ទៅ២៤ឆ្នាំ បានរៀបការមុនពេលពួកគេឈានចូលវ័យ១៥ឆ្នាំ។ ជារឿយៗ ការអនុវត្ដបែបនេះ ត្រូវបានពណ៌នាថាជាប្រពៃណីសាសនាតាំងពីបុរាណ និងផ្នត់គំនិត ដែលចាត់ទុកកូនស្រី ថាជាអ្នកបង្កបញ្ហាច្រើន ដែលត្រូវតែបញ្ជូនចេញពីគ្រួសារ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន។
លោកស្រី អ៊ីឡា បាត់ (Ela Batt) ជាសកម្មជនមួយរូប ដែលបានបង្កើតសហជីពពាណិជ្ជកម្មរបស់ស្រ្ដីធំបំផុត នៅឥណ្ឌា។ លោកស្រី បាននិយាយថា ការសម្រេចចិត្តលើបញ្ហាអាពាហ៍ពិពាហ៍កុមារ ជាកិច្ចការដ៏សំខាន់ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សកលលោក។
«ដូចបញ្ហាភាពក្រីក្រដែរ អាពាហ៍ពិពាហ៍កុមារ ជាអំពើហិង្សា។ ហើយអំពើហិង្សានេះ កំពុងធ្វើឡើងដោយមានការយល់ព្រមពីសង្គមទៀតផង។»
លោកស្រី ហ្គ្រូ ហាលឹម ប្រ៊ុនលែន (Gro Harlem Brundtland) ជាសមាជិកមួយរូបនៃក្រុម«មនុស្សជាទីគោរព» ហើយធ្លាប់ជានាយករដ្ឋមន្រ្តីស្រីទីមួយ របស់ប្រទេស ន័រវែស (Norway) ផងដែរ។
«ក្នុងនាមជាវេជ្ជបណ្ឌិត ខ្ញុំចង់គូសបញ្ជាក់ថាតើ អាពាហ៍ពិពាហ៍បែបនេះ មានផលប៉ះពាល់ទៅលើសុខភាពយ៉ាងដូចម្តេចខ្លះ។ ផលប៉ះពាល់ មានដូចជា ធ្វើឲ្យខូចរូបរាងកាយរបស់ក្មេង និងកុមារីវ័យក្មេង ហើយថែមទាំងប៉ះពាល់ដល់ទារក ដោយសារតែភាពឆាប់មានគ័ភ៌។
គំនិតផ្តួចផ្តើមស្តីពី«កុមារី ប៉ុន្តែមិនមែនកូនក្រមុំ» បានប្រមូលផ្តុំអង្គការថ្នាក់មូលដ្ឋានជាច្រើនមកពីជាង៨០ប្រទេស។ ក្រុម «មនុស្សជាទីគោរព» ថ្លែងថា គំនិតផ្តួចផ្តើមនេះ នឹងកំណត់នូវការអនុវត្ដដ៏ប្រសើរបំផុតមួយចំនួន សម្រាប់ការអប់រំ និងការជះឥទ្ធិពលផ្នែកនយោបាយ ទៅលើសហគមន៍មូលដ្ឋាន ដើម្បីបញ្ឈប់អាពាហ៍ពិពាហ៍ដែលមិនទាន់គ្រប់អាយុ៕
ប្រែសម្រួលដោយ ចាប ចិត្រា