ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​នៅ​ហ្គាណា​មាន​មន្ទិល​ចំពោះ​ភាព​ទៀងត្រង់​របស់​​គណកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​


រូបភាព​ឯកសារ៖ ទង់ជាតិ​ប្រទេស​ហ្គាណា (កណ្តាល) បក់​រវិចៗ​នៅ​ខាងមុខ​អគារតុលាការ​កំពូល​ទីក្រុង Accra ប្រទេស​ហ្គាណា។
រូបភាព​ឯកសារ៖ ទង់ជាតិ​ប្រទេស​ហ្គាណា (កណ្តាល) បក់​រវិចៗ​នៅ​ខាងមុខ​អគារតុលាការ​កំពូល​ទីក្រុង Accra ប្រទេស​ហ្គាណា។

ប្រធាន​ស្តីទីនៃ​គណបក្ស​ប្រឆាំង​ចម្បង​​របស់​ប្រទេស​ហ្គាណា ​ដែល​មាន​ឈ្មោះ​ថា ​គណបក្ស​ស្នេហាជាតិ​ថ្មី (NPP) ​បានសម្តែង​ក្តីបារម្ភ​ថា​ប្រធាន​គណៈកម្មាការ​រៀបចំការបោះឆ្នោត​ លោក​ Charlotte Osei​ ប្រហែល​ជាមិន​មាន​ភាព​អព្យាក្រឹត​ ក្នុង​ការ​ត្រួតពិនិត្យ​មើល​ការបោះឆ្នោត​ទូទៅ​នាខែ​វិច្ឆិកា​ខាងមុខនេះ​ទេ​។

លោក​ Freddie Blay ​ដែល​មក​ពី​គណបក្ស NPP ក័​បាន​និយាយ​ដែរ​ថា ​គណបក្ស​ប្រឆាំង​បាន​រួបរួមគ្នា​ប្តេជ្ញាចិត្ត​ដណ្តើម​យក​អំណាច​ពី​ប្រធានាធិបតី​កំពុង​កាន់​តំណែង ​លោក John Dramani Mahama​ និង​គណបក្ស​កាន់​អំណាច​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា សមាជ​ប្រជាធិបតេយ្យ​ជាតិ (NDC) ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ សភា ​និង​ក្នុងស្រុក​នាពេល​ខាងមុខ។

គណបក្ស​ NPP ​បានសម្តែង​នូវ​ការ​ព្រួយបារម្ភ​ អំពី​ដំណើរ​ការ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដែល​មាន​កម្រិត។ ដំណើរការ​នេះ​ជាផ្នែក​មួយនៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ ដើម្បី​ចុះឈ្មោះ​ប្រជា​ពលរដ្ឋ​ ដែល​បច្ចុប្បន្ន​មានអាយុ​ ១៨ ឆ្នាំ​ឡើង​ទៅ​ ចាប់តាំង​ពីការបោះ​ឆ្នោត​មុន​។

គណបក្ស NPP ​បាន​លើកឡើង​ថា​ បញ្ជី​ឈ្មោះអ្នក​បោះឆ្នោត​ថ្មី ត្រូវតែ​ចងក្រង​ឲ្យ​បាន​ មុនពេល​បោះឆ្នោត​ពី​ព្រោះ​ បញ្ជីឈ្មោះ​អ្នកបោះ​ឆ្នោត​ដែល​មាន​ស្រាប់ គឺបាន​បំប៉ោង​ចំនួន​ជន​ដែល​ពុំមែន​ជា​ពលរដ្ឋ​ហ្គាណា​ និង​អនីតិជន។ គណបក្សនេះ ​បានអះអាង​ថាប្រសិន​បើមិន​មាន​ការ​ដោះស្រាយ​ទេ ​ការចុះ​ឈ្មោះ​តាម​បញ្ជី​ដែល​លើស​ចំនួន​នោះ​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុច្ចរិតភាព​នៃការ​បោះ​ឆ្នោត​។

Blay បាន​និយាយ​ថា «យើង​ពិតជា​មិន​សប្បាយ​ចិត្ត​ឡើយ​។ ក្រៅពី​នេះ​ ទាហាន​ឈរជើង​របស់​យើង បាន​ត្រៀមលក្ខណៈ​រួច​ជាស្រេច​ ហើយ​កំពុងខំ​ប្រឹង​ធ្វើការ​យ៉ាងខ្លាំង​ហើយ​ធានា​ថា គ្មាន​អ្វី​ដែល​មិន​ប្រក្រតី​កើតឡើង​បន្ថែមទៀត។ ប៉ុន្តែ​បើ​វា​នៅ​តែ​ដូច​នេះ យើង​ពិតជា​មិន​សប្បាយ​ចិត្ត ជាមួយ​នឹង​ការចុះ​បញ្ជី​ឈ្មោះ​ ដែល​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ការបោះឆ្នោត»៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG