ជាលើកទីពីរក្នុងខែតែមួយ អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់តំបន់ក្នុងប្រទេសអាល្លឺម៉ង់បដិសេធរដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែលនេះបង្ហាញថា ទិដ្ឋភាពនយោបាយនៅក្នុងប្រទេសនេះកំពុងតែផ្លាស់ប្ដូរយ៉ាងខ្លាំង។ លោកស្រី Merkel បានប្រកាសថា លោកស្រីនឹងមិនឈរឈ្មោះជាប្រធានគណបក្សនយោបាយរបស់លោកស្រីបន្តទៀតទេ ហើយថាអាណត្តិរបស់លោកស្រីក្នុងពេលនេះគឺជាអាណត្តិចុងក្រោយបង្អស់ហើយ។
អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតថ្នាក់តំបន់នៃរដ្ឋ Hesse ដ៏ចម្រុងចម្រើន សម្រេចឈប់គាំទ្រគណបក្សប្រជាធិបតេយ្យគ្រិស្តរបស់លោកស្រី Merkel និងគណបក្សជាដៃគូរបស់លោកស្រី។
ដោយមានសម្ពាធពីខាងក្នុងគណបក្សប្រជាធិបតេយ្យគ្រិស្តដែលហៅកាត់ថា CDU បានប៉ះពាល់ដល់លោកស្រី Merkel តាំងពីមុនថ្ងៃអាទិត្យមកម៉្លេះ ដោយអ្នករិះគន់ផ្ទៃក្នុងនិយាយថា លោកស្រីមិនគួរឈរឈ្មោះបោះឆ្នោតម្តងទៀតជាប្រធាន
គណបក្ស CDU ដែលគ្រោងនឹងធ្វើការបោះឆ្នោតនៅខែធ្នូ ខាងមុខនេះនោះទេ។ កាលពីថ្ងៃចន្ទ លោកស្រី Merkel បានបញ្ជាក់ថា លោកស្រីនឹងមិនឈរឈ្មោះជាប្រធានគណបក្សម្តងទៀតនៅខែធ្នូ ខាងមុខនេះឡើយ ថ្វីត្បិតតែលោកស្រីនឹងនៅបន្តកាន់តំណែងជាអធិការបតីអាល្លឺម៉ង់រហូតដល់អាណត្តិរបស់លោកស្រីបញ្ចប់នៅឆ្នាំ២០២១ខាងមុខនេះក៏ដោយ។ លោកស្រីបានមានប្រសាសន៍ថា «ខ្ញុំនឹងមិនឈរឈ្មោះសម្រាប់តំណែងនយោបាយអ្វីទៀតទេ ក្រោយពីអាណត្តិរបស់ខ្ញុំបញ្ចប់»។
លោកស្រី Merkel វ័យ៦៤ឆ្នាំ បានដឹកនាំគណបក្សរបស់លោកស្រីអស់រយៈពេល១៨ឆ្នាំមកហើយ និងបានកាន់តំណែងជាអធិការបតីអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៥មក៕