ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ដឹង​តិចតួច​ពី​ដំណើរ​ប្រធានាធិបតី​ចិន​ទៅកាន់​រុស្ស៊ី តែ​បារម្ភ​ខ្លាំង​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន


ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣។

កាល​ពី​ថ្ងៃ​ចន្ទ​ប្រធានា​ធិបតី​ចិន​លោក​ Xi Jinping​ បាន​ទៅដល់​ទីក្រុង​មូស្គូ​ សម្រាប់​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រយៈ​ពេល​៣​ថ្ងៃ​ ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លោក​ Vladimir Putin​។ ក្នុង​ដំណើរ​ទស្សន​កិច្ច​នោះ​ លោក​ Xi មាន​របៀប​វារៈនៃ​ការពិភាក្សា​អំពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ និង​សំណើ​សន្តិភាព​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

ទោះ​យ៉ាង​ណា​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ​ពលរដ្ឋ​មួយ​ចំនួន​ មិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លំាង​លើ​ដំណើរ​ទស្សនកិច្ចរបស់​លោក​ Xi​ នៅ​ក្នុងទីក្រុង​មូស្គូ​នោះ​ទេ តែ​ពួក​គេ​ថា អ្វីដែល​ពួក​គេ​បារម្ភ​ខ្លាំង​នោះ​គឺ​ការ​អូស​បន្លាយ​សង្គ្រាមនៅ​អ៊ុយ​ក្រែន​ ដែល​រង​ការ​វាយ​ប្រហារ​ទាំងទទឹង​ទិស​ពី​រុស្ស៊ី​តាំង​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២២។ ​

និស្សិត​វិស្វកម្មជីវៈសាស្រ្ត ឆ្នាំ​ទី១ កញ្ញា​ យ៉ែង ខែមា​ អាយុ​១៨​ឆ្នាំ​ ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះថា នាង​បាន​មើល​ឃើញ​អំពី​ផល​ប៉ះ​ពាល់​ ដែល​បណ្តាល​មក​ពី​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ ដោយ​លើក​ហេតុ​ផល​ថា តម្លៃ​អីវ៉ាន់​ផ្សេង​ៗ​ និង​ប្រេង​ឥន្ទនៈ​ កើន​ខ្ពស់​ជាង​មុន​ពេល​សង្គ្រាម​ផ្ទុះ​ឡើង។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ​មាន​ផល​វិបាក​ច្រើន​ព្រោះ​អី​ទី​មួយ​រឿង​អីវ៉ាន់​ឡើង​ថ្លៃ​ប៉ះ​ពាល់​ដល់​ជីវភាព​ ប្រជា​ជន​យើង​ ហើយ​ណា​មួយ​ទៀត​ដល់​ពេល​មាន​សង្គ្រាម​អ៊ីចឹង​ទៅ​ប្រើ​ប្រាស់​អាវុធ​អី​ផ្សេងៗ វា​ប៉ះ​ពាល់​ដល់​បរិស្ថាន​នៅ​លើ​ផែនដី​យើង​ទៀត»។

យុវតី​រូប​នេះ​បន្ត​ថា​ បើ​សង្គ្រាម​រវាង​រុស្សី​និង​អ៊ុយក្រែន​ចេះ​តែ​អូស​បន្លាយ​ មិន​ឈប់នោះ​ វា​គឺ​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែរ​ ចំពោះ​ការ​កើត​ឡើង​សង្គ្រាម​លោក​ ដូច​ជាសង្គ្រាម​លោក​លើក​ទី១ និង​លើក​ទី​២​ ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នីមួយៗ​មាន​ការធ្លាក់​ចុះ​ ដោយ​រាប់​ទាំង​ប្រទេស​កំពុង​ជាប់​ផុង​ក្នុង​សង្រ្គាម​ និង​ប្រទេស​ដទៃ​ទៀតនៅ​លើ​ពិភពលោក​ដែល​មិនស្ថិត​ក្នុងជម្លោះ​។

កញ្ញា​បន្ថែម​ថា​៖ ​«អា​រឿង​ហ្នឹង​ ខ្ញុំ​គិត​ថា ​វា​គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ដែរ​ ដោយ​សារ​កាល​ណា​កាន់​តែ​ខ្លាំង​ទៅ​វា​អាច​កើត​ជា​សង្រ្គាម​ដូច​កាល​មុន​ ដូច​ជា​សង្គ្រាម​លោក​លើក​ទី១​ លោក​លើក​ទី​២ដែរ​បង​»។​

ព្រះ​តេជ​ព្រះ​គុណ ​ធាង ប៊ុនប៉ា ដែល​មាន​ព្រះជន្មាយុ​២៨​វស្សា​ និង​ជា​និស្សិត​អក្សរ​សាស្រ្ត​ខ្មែរ​ ឆ្នាំ​ទី៤​ បាន​មាន​សង្ឃ​ដីកាថា ចិនមិន​អាច​ចរចា​ឱ្យ​មាន​ការបញ្ឈប់​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​បាននោះ​ទេ​ តែ​ព្រះ​អង្គ​ចង់​ឃើញ​សន្តិភាព​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​ថា​៖ «បើ​តាម​មើល​ទៅ​ដើម្បី​ជា​សន្តិភាព​រវាងប្រទេស​មួយ​ទៅ​ប្រទេសនិង​ប្រទេសមួយ​ទៀត សង្គ្រាម​ហ្នឹង​វា​ត្រូវ​គួរ​តែ​បញ្ចប់​ហ្នឹង​ឯង ដើម្បី​រកសុខ​សន្តិភាព​ជូន​ដល់​ប្រជារាស្រ្ត ជា​ពិសេស​នៅ​ប្រទេស​អ៊ុយក្រែន​ហ្នឹង​តែ​ម្តង ដែល​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារសង្គ្រាម​ហ្នឹង​ច្រើន​ណាស់»។

ព្រះអង្គ​បាន​មាន​សង្ឃ​ដីកាបន្ត​ថា​ មិន​ថា​ប្រជា​ពលរដ្ឋ​រុស្ស៊ី​ និង​អ៊ុយក្រែន​ទេ សូម្បី​តែ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​នៅ​តែ​មាន​ការព្រួយ​បារម្ភ​ពី​បញ្ហា​សង្រ្គាម​នេះដែរ ​ព្រោះ​កម្ពុជា​ក៏​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ ទំរាំ​មាន​សន្តិភាព​ដូច​សព្វ​ថ្ងៃ​។

ព្រះតេជ​ព្រះគុណ ធាង ប៊ុនប៉ា​ បាន​មាន​សង្ឃដីកា​បន្ថែម​ថា៖ «យើង​ដឹង​ហើយ​ថា ​សង្គ្រាម​កាល​ណា​កើត​មាន​គឺ​ធ្វើ​ឱ្យ​ខាត់បង់ទ្រព្យ​សម្បត្តិ​ជាតិ បាត់​បង់​ជីវិត​ប្រជា​ពលរដ្ឋ​អ៊ីចឹង​គ្មាន​នរណា​មួយ​ចង់​ឱ្យ​មាន​សង្គ្រាម​កើត​ឡើង​ទេ តែ​ក្នុង​នាម​ជាប្រជាជន​ខ្មែរ​ក៏​ដូច​គ្នា​គឺ​មិន​ចង់​ឱ្យ​មាន​ឈ្លោះ​ទាស់​ទែង​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​គឺ​វា​ធ្វើ​ឱ្យ​ទឹក​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​យើង​វា​ភ័យ​ខ្លាច ព្រោះ​ថា​ប្រជា​ពលរដ្ឋយើង​ពី​មុន​មក​ធ្លាប់​បាន​ឆ្លង​កាត់​សង្រ្គាម​ហ្នឹង​ច្រើន​ដែរ ហើយ​ក៏​នៅ​តែ​មាន​ការភ័យ​ខ្លាច​ដែរ»។

ចំណែកលោក ​ម៉ឹង សំអាត ​អាយុ​៣៥​ឆ្នាំ​ មុខ​របរ​ជា​អ្នក​លក់​ដូរ បាន​បង្ហាញ​ការបារម្ភ​របស់​លោក​ថា​ បើ​សង្គ្រាម​រវាង​ប្រទេស​រុស្សី និង​អ៊ុយក្រែន​នេះ​មិន​បញ្ចប់​ទេ​ ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​សង្គ្រាម​រ៉ាំរ៉ៃ​មួយនេះ​ នឹងធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​នៃ​ប្រទេស​នានា​ថយ​ចុះ​ ហើយ​ការ​នាំទំនិញ​ចេញចូល​កម្ពុជា​ ក៏នឹង​ជួប​ឧបសគ្គ​ច្រើន​។ ​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារនេះ​ថា៖ «បើ​និយាយ​ពី​កត្តា​ដែល​ជួប​បញ្ហា​គឺ​វា​នឹង​ជួប​ហើយ ឧទាហរណ៍​ដូច​ជា​ សេដ្ឋកិច្ច​ជាក់​ស្តែង​អ៊ីចឹង​គឺ​ជួប​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្លាក់​ចុះ ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា​យើង​គឺ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​នាំ​ចូល ឬ​ការនាំ​ចេញ​ផលិតផល​ណា​មួយ​នាំ​ចេញ​ទៅ​បណ្តា​ប្រទេស​អឺរ៉ុប​ និង​ប្រទេស​ផ្សេងៗ​អី​ជា​ច្រើន។ ឧទាហរណ៍​ថា រោង​ចក្រ​កាត់​ដេរ​អ៊ីចឹង​ រាល់​ថ្ងៃ​នេះ​យើង​ឃើញ​ស្រាប់​ យើង​នាំ​ចេញ​ផលិតផល ឬ​ក៏​សម្លៀក​បំពាក់ ​ខោអាវ ស្បែក​ជើង​អី​ផ្សេងៗ​ហ្នឹង​ យើង​ត្រូវ​ការទៅ​សហគមន៍​អឺរ៉ុប​នាំ​ចេញ ឬ​ក៏​ប្រទេស​លោក​អី​ផ្សេងៗ​»។​

នៅ​ថ្ងៃ​អង្គារ​នេះ បើតាម​ផែនការ​ដែល​បាន​គ្រោង​ទុក​ លោក​ Xi នឹង​មាន​ការ​ជជែក​ច្រើន​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ដែល​ឯកោគឺ​លោក ​Putin​។ លោក​ Xi និង​លោក​ Putin​ បាន​ចាត់​ទុក​ថា​ ពួក​គេ​ជា​ «មិត្ត​ជា​ទី​ស្រលាញ់​នឹង​គ្នា​»​។ ជំនួប​អ្នក​ទាំង​ពីរ​ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ការ​ជំទាស់​របស់​ប្រទេស​នៅ​បស្ចិម​លោក​លើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​។ នេះ​បើតាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters​។

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​កិច្ចប្រជុំ​មួយ​នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

អំឡុង​ពេល​ដែល​មាន​ការ​ជួប​ចរចាមិន​ផ្លូវ​ការរវាង​លោក​ Xi Jinping​ និង​លោក​ Vladimir Putin ក្នុង​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃចន្ទ អ្នក​វិភាគ​ខ្លះ​ យល់​ថា​ ការ​ជួប​ចរចា​រវាង​ភាគី​ទាំង​ពីរ​ទំនង​ជា​នឹង​ផ្តល់​លទ្ធ​ផល​តិច​តួច ជុំវិញ​ការ​កសាង​សន្តិភាព​នៅ​អ៊ុយក្រែន​ ខណៈ​ការ​ជួប​ចរចា​នេះកើត​ឡើង​ក្រោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅកាត់​ថា (ICC) ចេញ​ដីកា​ចាប់ខ្លួន​លោក​ Putin​ កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន​ ដោយ​ចោទ​លោក ​Putin ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ចំពោះ​ការ​និរទេស​ខ្លួន​កូនក្មេង​ចេញ​ពីប្រទេស​អ៊ុយក្រែន។​

អ្នក​ស្រាវជ្រាវ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​គឺ​លោក ​វណ្ណ ប៊ុនណា​ យល់ថា​ ចិន​នឹង​ពិបាក​រក​ច្រក​ចេញសម្រាប់​វិបត្តិ​ដែល​កាន់​តែស្មុគ​ស្មាញ​នៅ​អ៊ុយក្រែន​ ព្រោះ​ចិន​បាន​ជួប​តែ​ភាគី​រុស្ស៊ី​ ដោយ​មិន​ទាន់​បាន​ជួប​ភាគី​អ៊ុយ​ក្រែន​ ហើយ​ការ​ចរចារវាង​លោក Xi ​និង​លោក Putin​ ​ ក៏​កំពុង​កើត​ឡើង​ចំ​ពេល​លោក​ Putin​ ត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរ​ជាតិ​ចេញ​ដីកា​ចាប់​ខ្លួន​ ដែល​ធ្វើ​ឱ្យ​លោក ​Putin​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​បន្ថែម​លើ​បញ្ហា​នយោបាយ​។

លោក​ថ្លែង​ថា៖ «ដូច្នេះ​ វាត្រូវ​ការ​ទីមួយ​ ទាក់​ទង​ទៅនឹង​ភាគី​រុស្ស៊ី​ហ្នឹង​ ខ្លួន​ឯង​ហ្នឹង​អំពី​ការ​ទទួល​ស្គាល់អំពី​អ្វីដែល​ខ្លួន​បាន​ធ្វើ​ ហើយ​ទីពីរ​ទាក់​ទង​នឹង​អ៊ុយក្រែន​ ក៏ដូច​ជា​ ភាគី​ទី​បី មាន​អាមេរិក ចិន​ ជាដើម។​ កាលណា​បើ​សិន​ជា​ចិន​ អាច​ថា​ គាំទ្រ​ទៅ​លើ​ជំហរ​របស់​រុស្ស៊ី​ទៅ​ក្នុង​វិបត្តិហ្នឹង​ វាបង្ក​ទៅ​ជា​ បង្កើត​គេហៅ​ថា​ ទាក់​ទង​នឹង​សង្គ្រាម​ត្រជាក់​បែប​ថ្មី​ មាន​ន័យ​ថា​ រុស្ស៊ី​ព្យាយាម​ សុំទោស​ ចិន​អាច​គាំទ្រ​រុស្ស៊ី​ ហើយ​លោក​ខាង​លិច​ដែល​ដឹកមុខ​ដោយ​សហរដ្ឋ​អាមេរិក​គាំទ្រ​អ៊ុយក្រែន​ ដូច្នេះ​ វា​ធ្វើ​ឱ្យ​វិបត្តិ​ហ្នឹង​ វា​អូសបន្លាយ​កាន់តែ​យូរ​ ដរាប​ណា​ភាគី​ទាំង​ពីរ​នៅ​តែ​មាន​លទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​គ្នា​ទៅវិញ​ទៅ​មក​ វិបត្តិ​សង្គ្រាម​វា​នៅ​តែ​កើត​មាន​តទៅ​ទៀត»។

យ៉ាង​ណាក៏ដោយ​ លោក​ថា​ ដំណើ​រទស្សនកិច្ច​របស់​លោក​ Xi ​នៅ​ទីក្រុង​មូស្គូមាន​បំណង​ជាក់​លាក់​មួយ​បង្ហាញ​ថា​ ចិន​នៅ​ពេល​នេះ​ មាន​ភាពជាអ្នកដឹកនាំ​ពិភពលោក​នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះអន្តរជាតិ។ ​

លោក​បន្ថែមថា​ ការចរ​ចា​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​អាច​ធ្វើ​ទៅ​បាន​ លុះត្រា​តែ​ភាគី​ជម្លោះ​ព្រម​ដាក់​អាវុធ​ចុះ។

លោក​ថ្លែង​ថា៖ «បើមើល​តាម​រយៈការ​ចង់​បាន​របស់​អ៊ុយក្រែន​ ទាល់​តែ​មាន​ការ​ដក​ទ័ព​របស់​រុស្ស៊ី​ចេញ​ពី​អ៊ុយក្រែន​ បាន​ទើប​ឱ្យ​មាន​ការ​ចរចា​ទៅ​លើ​វិបត្តិ​ហ្នឹង​ ដូច្នេះ​វា​ជា​រូប​ភាព​មួយ​ដែល​ពិបាកក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ ក៏ប៉ុន្តែ​តាម​រយៈ​ដំណើរ​ទស្សន​កិច្ច​ហ្នឹង​ចិន​អាច​ចំណេញ​រូបភាព​ផ្នែក​ការទូត​ដែល​បង្ហាញ​អំពី​ភាព​ជា​ដឹកនាំ​របស់​ពិភពលោក​ក្នុង​ការ​ស្វែង​រក​សន្តិភាព​ហ្នឹង​ទៅដល់​បណ្តា​ប្រទេស​ទាំង​អស់​ផង​ដែរ»។ ​

ដំណើរ​ទស្សនកិច្ច​នៅ​មូស្គូ​របស់​លោក Xi គឺ​ជា​សញ្ញា​ថ្មី​ចុងក្រោយ​នៃ​មហិច្ឆតា​ការទូត​ដែល​កាន់​តែ​កើនឡើង​របស់​មេដឹកនាំ​ចិន ក្រោយ​ពី​ការ​ប្រកាស​កាល​ពី​សប្តាហ៍​មុន​អំពី​កិច្ច​ព្រមព្រៀង​ដែល​ចិន​ជា​អ្នក​សម្រប​សម្រួល​ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​អ៊ីរ៉ង់​និង​អារ៉ាប៊ី សាអូឌីត បង្កើត​ឡើងវិញ​នូវ​ទំនាក់​ទំនង​ការទូត​របស់​ពួកគេ​ ក្រោយ​ពី​មាន​ភាព​ប្រទូស្តរាយ​អស់​៧​ឆ្នាំ​មក។

​យ៉ាង​ណា​ក៏ដោយ​ ទីក្រុង​វ៉ាស៊ីនតោនបាន​ថ្កោលទោស​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Xi ដោយ​បាន​ថ្លែង​ថា​ ការ​កំណត់​ពេល​នៃដំណើរ​ទស្សនកិច្ច​ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទ​លោកពូទី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ដែល​ការណ៍​នេះបាន​បង្ហាញ​ថា​ ចិន​កំពុង​ផ្តល់​ឱ្យ​ទីក្រុង​មូស្គូ​នូវ​ការ«ការ​ពារ​ពិសេស​ខាង​ការទូត»​ ឱ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​បន្ថែម​ទៀត។ នេះ​បើតាម​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Reuters​។

ដោយឡែក​ នាយក​រដ្ឋមន្រ្តីកម្ពុជា​លោក​ ហ៊ុន សែន ​ធ្លាប់​បាន​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ​តាម​រយៈ​ការ​ចរចា ​ដើម្បី​បញ្ចប់​សង្រ្គាម​នៅ​អ៊ុយក្រែន​ ហើយ​លោក​ក៏​បាន​ប្រាប់​អំពី​ជំហរ​របស់​កម្ពុជា​ទៅ​កាន់​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជាដែល​ចេញផ្សាយជា​សាធារណៈ​កាលពីខែ​វិច្ឆិកា​ ឆ្នាំ​២០២២។

​បើតាម​លោក​ ហ៊ុន សែន​ ជំហរ​របស់​កម្ពុជា​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន​ គឺកម្ពុជា​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជា​ជាតិ ​និង​ច្បាប់​អន្តរ​ជាតិ ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ ការគំរាម​ ឬ ​ការ​ប្រើប្រាស់​កម្លាំង​លើ​អធិប​តេយ្យ​ភាព​ បូរណ​ភាព​ដែនដី​របស់​រដ្ឋ​ឯករាជ្យ ​និង​មិន​គាំទ្រ​ដល់​ការ​បំបែក​រដ្ឋ ​ឬ​ការ​ទន្ទ្រាន​យក​ទឹកដី​ពី​ប្រទេស​ដទៃ​ឡើយ។ ​

លោក ​Volodymyr Zelenskyy​ ប្រធានាធិបតី​អ៊ុយក្រែន ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​កម្ពុជា​ដែល​បាន​គាំទ្រ​ និង​បាន​ចូល​ជា​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេច​ចិត្ត​របស់​មហា​សន្និបាត​អង្គការ​សហ​ប្រជាតិ ​និង​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​សង្គ្រាម​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ផៃ ស៊ីផាន ​ប្រាប់វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា ការ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន Xi Jinping​ នៅ​ប្រទេស​រុស្សី​គឺ​ជាសញ្ញា​ល្អ​មួយ​ ព្រោះ​សូម្បី​តែ​សហរដ្ឋ​អាមេរិក​ក៏​លើក​ឡើង​ថា ​ភាគី​ចិន​អាច​មាន​លទ្ធភាព​ក្នុង​ការ​សម្រប​សម្រួលឱ្យ​មាន​ការ​ចរចាឈាន​ទៅបញ្ចប់​សង្រ្គាម​រវាង​រុស្សី និង​អ៊ុយក្រែន​។ ​

លោក​បញ្ជាក់​ថា៖ «នៅ​ក្នុង​បរិបទ​នេះ ភាគី​ចិន​ហ្នឹង​បាន​បង្ហាញ​ជំហ គឺ​ការជ្រើសរើស​យក​ជា​កិច្ច​ចរចា ជ្រើស​រើស​យក​ភិនភាគ​ដើម្បី​ដោះ​ស្រាយ​។ ហើយ​ខាង​ភាគី​អ៊ុយ​ក្រែន ជា​រឿង​ដែល​ពាក់​ព័ន្ធ​នឹង​លោក​ខាង​លិច ពាក់ព័ន្ធ​ជា​មួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​ទទួល​ខុស​ត្រូវ ហើយ​ភាគី​ចិន​គាត់​បាន​និយាយ​ថា ការ​បញ្ជូន​សព្វាវុធ​ទៅ​កាន់​អ៊ុយក្រែន​គឺ​វា អត់​មាន​បាន​ប្រយោជន៍​អី​ទេ ក្រៅ​ពី​ការកាប់​សម្លាប់​នោះ។ ដូច្នេះ​ជំហរ​របស់​ចិន​គឺ​ជំហរ​ យក​កិច្ច​ចរចា​ជា​កិច្ច​ព្រមព្រៀង​ដើម្បី​បញ្ចប់​សង្រ្គាម​ អាហ្នឹង​ជំហរ​របស់​ភាគី​ចិន​ អាហ្នឹង​ក៏​ដូច​ជា​ជំហរ​កម្ពុជា កម្ពុជា​ចង់​ឃើញ​ភាគី​ទាំង​ពីរ​ហ្នឹង​គឺ ចូល​មក​តុ​ចរចា​ដើម្បី​ជជែក​គ្នា​វិញ​ ជា​ជាង​ការ​ប្រើប្រាស់​ជីវិត​មនុស្ស»។

លោក​បាន​បន្ថែម​ទៀត​ថា បើ​សង្រ្គាម​រុស្សីជា​មួយ​នឹង​អ៊ុយក្រែន​នៅ​តែ​បន្ត​នោះ ​ផល​ប៉ះ​ពាល់​នឹង​មិនមែន​មាន​តែ​លើកម្ពុជា​ទេ​គឺ​ទាំង​ពិភព​លោក​ទាំង​មូល​។ លោក​សង្កត់​ធ្ងន់​ថា​ បើ​កាល​ណា​សង្រ្គាម​នៅ​មាន​ក្នុងប្រទេស​អ៊ុយក្រែន វាក៏​អាចមាន​ការ​បែងចែក​ពិភពលោក ហើយវានឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច ​ការរស់នៅ​ និងភាព​ក្សេម​ក្សាន្ត​របស់​មនុស្ស​ផង​ដែរ​៕

XS
SM
MD
LG