រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock ដែលកំពុងធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃពុធនេះ បាននិយាយថា លោកស្រីនឹងបញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការ សន្ទនាជាមួយប្រទេសរុស្សីដើម្បីការពារកុំឲ្យមានជម្លោះជុំវិញប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារ Reuters។
លោកស្រីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «ទាក់ទិននឹងប្រទេសរុស្សី សាររួមមកពីអឺរ៉ុបនិងរដ្ឋាភិបាលអាមេរិក គឺច្បាស់លាស់ថា សកម្មភាពរបស់រុស្សី នឹងធ្វើឲ្យខាតបង់ដ៏ជាក់ច្បាស់ហើយវិធីតែមួយគត់ដើម្បីដោះស្រាយបញ្ហានេះ គឺតាមរយៈការសន្ទនាគ្នាតែប៉ុណ្ណោះ»។
លោស្រីបានបន្ថែមទៀតថា «យើងកំពុងស្ថិតក្នុងដំណាក់ការ នៃការសម្រេចចិត្តដែលការពិភាក្សាដ៏មានសារៈសំខាន់នៅគ្រប់លំដាប់ថ្នាក់នឹងត្រូវកើតមានឡើង ហើយបើទោះបីទម្រង់នៃការពិភាក្សាគ្នានោះមានលក្ខណៈខុសគ្នាក្តី ក៏សាររបស់យើងដែលជាដៃគូឆ្លងមហាសមុទ្រអាត្លង់ទិកចំពោះរដ្ឋាភិបាលរុស្សី មិនមានការផ្លាស់ប្តូរទេ»។
ដោយមានការព្រមានពីការដាក់ពង្រាយកងទ័ពរុស្សីកាន់តែច្រើនឡើងនៅតាមបណ្តោយព្រំ ដែនជាមួយប្រទេសអ៊ុយក្រែននោះ មន្ត្រីអាមេរិកនិងរុស្សី មានគម្រោងជួបពិភាក្សាគ្នាស្តីពីបញ្ហាសន្តិសុខនៅថ្ងៃទី១០ ខែមករាខាងមុខនៅក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីសហើយអង្គការអូតង់ក៏មានគម្រោងជួបប្រជុំផងដែររវាងឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិករបស់ខ្លួនជាមួយមន្ត្រីជាន់ខ្ពស់រុស្សីនៅថ្ងៃទី១២ខែមករាខាងមុខនេះ៕