ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​មិន​​ទាន់​ទទួល​​ការ​បញ្ជក់​ថា​អាមេរិក​នឹង​បន្ថយ​​ទ័ព​ខ្លួន​​ទេ


​រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី Annegret Kramp-Karrenbauer ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ទីស្នាក់ការ​គណបក្ស​ Christian Democratic Union នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។
​រដ្ឋមន្ត្រី​​ការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី Annegret Kramp-Karrenbauer ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ នៅ​ទីស្នាក់ការ​គណបក្ស​ Christian Democratic Union នៅ​ក្នុង​ក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការពារ​ជាតិ​អាល្លឺម៉ង់​លោកស្រី Annegret Kramp-Karrenbauer ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ ថា លោកស្រី​មិន​បាន​ទទួល​ការ​បញ្ជាក់​ណា​មួយ​ពី​អាជ្ញាធរ​សហរដ្ឋ​អាមេរិក​ចំពោះសេចក្តី​រាយការណ៍​ព័ត៌មាន​ដែល​ថា អាមេរិក​បាន​សម្រេច​ដក​ទាហាន​របស់​ខ្លួន​ជាង​១​ភាគ​៤​ដែល​កំពុង​ប្រចាំ​ការ​នៅ​ប្រទេស​អាល្លឺម៉ង់។

សារព័ត៌មាន​ Wall Street Journal របស់​អាមេរិក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បញ្ជ​ឲ្យ​ក្រសួង​ការពារ​ជាតិ​បន្ថយ​ចំនួន​ទាហាន​អាមេរិក​ដែលកំពុង​ឈរ​ជើង​នៅ​ប្រទេស​អាល្លឺម៉ង់ ចំនួន​៩.៥០០នាក់។ កាសែត New York Times បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Mark Esper ក៏​បាន​យល់​ព្រម​លើ​សំណើ​នេះ​រួច​ហើយ។

ថ្លែង​ក្នុង​សន្និសីទ​នៅ​ទី​ក្រុង​ប៊ែរឡាំង លោកស្រី​រដ្ឋមន្ត្រី​ Kramp-Karrenbauer ថ្លែង​ថា រដ្ឋាភិបាល​អាល្លឺម៉ង់គ្រាន់​តែ​បាន​ឃើញ​សេចក្តី​រាយការណ៍​ព័ត៌មាន​ប៉ុណ្ណោះ និង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ។​

បច្ចុប្បន្ន​មាន​ទាហាន​អាមេរិក​ចំនួន​៣៤.៥០០​នាក់​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​នៅ​ប្រទេស​អាល្លឺម៉ង់​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ​របស់​អង្គការ​ណាតូ។

សេចក្តី​រាយការណ៍​ព័ត៌មាន​អំពី​ការ​កាត់​ចំនួន​ទ័ព​នៅ​អាល្លឺម៉ង​នេះ​ស្រប​នឹង​គោលនយោបាយ​«អាមេរិក​មុន​គេ» ឬ America First របស់​លោក​ប្រធានាធិតបតី​ត្រាំ ដែល​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ចំណាយ​យោធា​របស់​ពួក​គេ​ជាង​មុន៕

XS
SM
MD
LG