លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ថ្លែងថា ការបែកបាក់ទំនុកចិត្តគ្នារវាង សហរដ្ឋអាមេរិក និងប្រទេសរបស់លោកស្រី ជុំវិញរឿងចារកម្មកន្លងមកបានបង្ហាញថា ប្រទេសទាំងពីរ «មានការយល់ដឹងមូលដ្ឋានប្លែកគ្នា» លើកិច្ចការរបស់ទីភ្នាក់ងារស៊ើបការសម្ងាត់។
ថ្លែងប្រាប់ទូរទស្សន៍ ZDFក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសៅរ៍ លោកស្រីមានប្រសាសន៍ថាលោកស្រីចង់ឃើញសហរដ្ឋអាមេរិកកែប្រែអាកប្បកិរិយាចារកម្មរបស់ខ្លួន។ លោកស្រីអះអាងថា «យើងមិនអាចរស់នៅក្នុងសម័យសង្គ្រាមត្រជាក់ទៀតទេ»។
សូមបញ្ជាក់ថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ប្រទេសអាល្លឺម៉ង់ក៏បានទាមទារឲ្យមេដឹកនាំជាន់ខ្ពស់ចារកម្មរបស់អាមេរិកនៅក្នុងទីក្រុងប៊ែកឡាំង (Berlin)ចាក់ចេញពីប្រទេសអាល្លឺម៉ង់ផងដែរ។ ការទាមទារនេះធ្វើឡើងក្រោយរកឃើញថាមន្ត្រីអាល្លឺម៉ង់ពីរនាក់បានធ្វើការឲ្យទីភ្នាក់ងារស៊ើបការសម្ងាត់របស់អាមេរិក៕