របាយការណ៍ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍មកពីអង្គការសិទ្ធិមនុស្សHuman Rights Watch ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉កបានចោទប្រកាន់អ៊ីស្រាអែលពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដែលមានគោលបំណងបង្អត់ទឹកជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ទំនងជានាំឱ្យមនុស្សរាប់ពាន់ស្លាប់។
របាយការណ៍ដែលមានកម្រាស់១៧៩ទំព័រដែលបានចេញផ្សាយនៅលើគេហទំព័ររបស់អង្គការនោះបានបញ្ជាក់ពីរបៀបដែលចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមកងជីវពលដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២៣មក ពួកអាជ្ញាធរនិងកងទ័ពអ៊ីស្រាអែលបានកាត់ផ្តាច់ទឹកហើយក្រោយមកបានរឹតត្បិតបំពង់បង្ហូរទឹកទៅកាន់តំបន់ហ្កាហ្សា ហើយបានកាត់ផ្តាច់ភ្លើងអគ្គិសនីនិងរឹតត្បិតប្រេងឥន្ឌនៈ។
បន្ថែមពីនេះ របាយការណ៍នោះបានបញ្ជាក់ទៀតថាអ៊ីស្រាអែលមានបំណងបំផ្លាញនិងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធទឹកនិងអនាម័យនិងសម្ភាៈជួសជុលទឹក ហើយនឹងបិទការផ្គត់ផ្គង់ទឹកសំខាន់ៗ។
ក្នុងសេចក្តីថ្លែងការណ៍ នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch លោកស្រី Tirana Hassanបានចោទប្រកាន់អ៊ីស្រាអែលពីការមានចេតនាដកហូតនូវវត្ថុសំខាន់ៗសម្រាប់ទ្រទ្រង់អាយុជីវិតពីជនជាតិប៉ាឡេស្ទីនរយៈពេលជាង១ឆ្នាំ។
លោកស្រី Hassan បាននិយាយទៀតថា «ការណ៍នេះមិនមែនជាការធ្វេសប្រហែសទេ។ វាជាគោលនយោបាយដែលត្រូវបានគិតគូរដោយកាត់ផ្តាច់ដែលនាំឱ្យមនុស្សស្លាប់រាប់ពាន់នាក់ដោយសារការខ្សោះទឹកនិងជំងឺដែលជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៃការបំបាត់ពូជសាសន៍និងសកម្មភាពប្រល័យពូជសាសន៍»។
អ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ៕
វេទិកាបញ្ចេញមតិ