ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នឹង​ពិភាក្សា​គ្នា​អំពី​បញ្ហា​ចិន រុស្ស៊ី មីយ៉ាន់ម៉ា និង​ស៊ីរី


រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កំពុងចូលរួមកិច្ចប្រជុំនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១។

រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុម​ប្រទេស G-7 នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស អំពី​បញ្ហា​នានា​នៅ​លើ​ពិភពលោក​ដូចជា ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ និង​រុស្ស៊ី រដ្ឋប្រហារ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ជាដើម។

ក្រសួង​ការបរទេស​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​ប្រជុំ​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស​លោក Dominic Raab «នឹង​ដឹកនាំ​ការ​ពិភាក្សា​អំពី​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​បន្ទាន់​ដែល​គំរាម​ប៉ះពាល់​ដល់​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និង​សិទ្ធិ​មនុស្ស»។

លោក Raab បាន​និយាយ​ថា ការ​ពិភាក្សា​គ្នា​នេះ​គឺ​ជា «ឱកាស​ដើម្បី​ប្រមូល​ផ្ដុំ​រួម​គ្នា​នូវ​សង្គម​ប្រជាធិបតេយ្យ​បើក​ចំហ​នានា និង​ដើម្បី​បង្ហាញ​នូវ​សាមគ្គីភាព​នៅ​ចំ​ពេល​ដ៏​សំខាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​និង​ការ​គំរាម​កំហែង​កើនឡើង»។

លោក Raab ត្រូវ​គេ​រំពឹង​ថា​នឹង​ជំរុញ​សមាជិក​នានា​នៃ​ក្រុម​ប្រទេស G-7 ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​និង​អង្គភាព​ណា ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​យោធា​មីយ៉ាន់ម៉ា គាំទ្រ​ការ​ដាក់​ទណ្ឌកម្ម​អាវុធ និង​បង្កើន​ជំនួយ​មនុស្ស​ធម៌​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ជួប​ជាមួយ​លោក Raab កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និង​បាន​និយាយ​ទាក់ទិន​នឹង​ប្រទេស​ចិន​ថា គោលដៅ​គឺ​មិន​មែន «ព្យាយាម​រាំង​ខ្ទប់​ប្រទេស​ចិន​នោះ​ទេ»។

លោក Blinken បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​គឺ​ប្រកាន់​ខ្ជាប់​តាម​របៀប​រៀបរយ​ដែល​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ដែល​ប្រទេស​របស់​យើង​បាន​ប្រឹងប្រែង​ធ្វើ​យ៉ាង​ខ្លាំង​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ដើម្បី​ប្រយោជន៍​ដល់​ពលរដ្ឋ​របស់​យើង និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ប្រទេស​ចិន​ផងដែរ»៕

XS
SM
MD
LG