ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រទេស G-7 ទាមទារ​ឱ្យ​ទីភ្នាក់ងារ IAEA បាន​ចូល​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយក្រែន​ដោយ​គ្មាន​ការ​រារាំង


ទិដ្ឋភាព​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ខាង​ក្រៅ​ទីក្រុង Enerhodar ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ក្នុង​តំបន់ Zaporizhzhia នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។
ទិដ្ឋភាព​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​ខាង​ក្រៅ​ទីក្រុង Enerhodar ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​ក្នុង​តំបន់ Zaporizhzhia នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​ប្រទេស G-7 បាន​ទាមទារ​ឱ្យ​មាន​ការ​ផ្ដល់​លទ្ធភាព​ដោយ​គ្មាន​ការ​រារាំង​ឱ្យ​ក្រុម​ការងារ​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​ចូល​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុម​នាយក​ផ្នែក​ការ​មិន​រីក​សាយភាយ​អាវុធ​នៃ​ក្រុម​ប្រទេស G-7 បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ក្រុម​ការងារ​របស់​ទីភ្នាក់ងារ IAEA ត្រូវតែ​អាច​ចូល​ទៅ​កាន់​រោងចក្រ​នុយក្លេអ៊ែរ​ទាំង​អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឱ្យ​បាន​ទាន់​ពេល​វេលា​និង​មាន​សុវត្ថិភាព និង «ដោយ​គ្មាន​ការ​រារាំង»។

ពួកគេ​បាន​បន្ថែម​ថា ក្រុម​ការងារ​របស់​ទីភ្នាក់ងារ IAEA ក៏​គួរ​ត្រូវ​បាន​គេ​អនុញ្ញាត​ផងដែរ​ឱ្យ «ចូលរួម​ដោយ​ផ្ទាល់​និង​ដោយ​គ្មាន​ការ​បង្អាក់​ជាមួយ​នឹង​បុគ្គលិក​របស់​អ៊ុយក្រែន​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​ទាំង​នេះ»។

ក្រុម​នាយក​នេះ​បាន​បញ្ជាក់​បន្ត​ថា ការ​ត្រួតត្រា​ជា​បន្ត​របស់​កងទ័ព​រុស្ស៊ី​លើ​រោងចក្រ​នេះ​បាន​បង្ក​ឱ្យ​មាន «ការ​គំរាមកំហែង​ធ្ងន់ធ្ងរ» ចំពោះ «សុវត្ថិភាព​និង​សន្តិសុខ​នៃ​រោងចក្រ​ទាំង​នេះ»។

ពួកគេ​បាន​ព្រមាន​ថា៖ «ទង្វើ​ទាំង​នេះ​បាន​បង្កើន​ច្រើន​គួរសម​នូវ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ ឬ​ក៏​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ និង​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ប្រទេស​ជិត​ខាង​អ៊ុយក្រែន និង​សហគមន៍​អន្តរជាតិ»។

ក្រុម​នេះ​បាន​លើកឡើង​ថា គេ​មិន​គួរ​ប្រើ​រោងចក្រ​នុយក្លេអ៊ែរ​នេះ​សម្រាប់​សកម្មភាព​យោធា ​ឬ​ក៏​សម្រាប់​ការ​ស្ដុក​ទុក​នូវ​សព្វាវុធ​ណា​មួយ​ទេ៕

XS
SM
MD
LG