ភ្នំពេញ៖ ក្រុមប្រទេសផ្តល់ជំនួយបានអនុម័តគម្រោងថវិកាកែសម្រួលថ្មីចំនួន ៣៥,៣៧លានដុល្លារអាមេរិកសម្រាប់ការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនបីនាក់នៅឆ្នាំ២០១៣នេះ។
គម្រោងទឹកប្រាក់នេះបង្ហាញពីការកាត់បន្ថយចំនួនជាង៥លានដុល្លារអាមេរិកពីគម្រោងដើម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃអង្គារនេះ។
លោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាបញ្ជាក់ថាការអនុម័តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ហើយមកទល់ពេលនេះតុលាការនៅរង់ចាំការទម្លាក់លុយជាក់ស្តែងពីប្រទេសម្ចាស់ជំនួយ។
«ជាដំណឹងដ៏ល្អមួយសម្រាប់តុលាការ ហើយក៏ជាការបញ្ជាក់មួយថា ក្រុមប្រទេសម្ចាស់ជំនួយបានយល់ស្របចំពោះសំណើទាំងប៉ុន្មានរបស់តុលការ។ ហើយអ្វីដែលយើងបន្តរង់ចាំតទៅទៀតនោះគឺការសន្យាពីប្រទេសម្ចាស់ជំនួយដែលយើងរំពឹងថា នឹងធ្លាក់មកបន្តបន្ទាប់នៅពេលខាងមុខ»។
ការអនុម័តគម្រោងថវិកានេះត្រូវបានធ្វើឡើងស្របពេលដែលភាគីកម្ពុជាក្នុងសាលាក្តីខ្មែរក្រហមកំពុងប្រឈមនឹងកង្វះថវិកាដែលធ្វើឲ្យបុគ្គលិកកម្ពុជាចំនួនជិត២៨០នាក់មិនបានទទួលប្រាក់ខែអស់រយៈពេលបីខែមកហើយ។
ក្នុងចំណោមគម្រោងថវិកាទាំង២៦លានដុល្លារអាមេរិក ភាគីជាតិនឹងទទួលបាន៩,៣៧លានដុល្លារនិងភាគីអន្តរជាតិនឹងទទួលបាន៣៥,៣៧លានដុល្លារ។
លោកឡាស អលសិន (Lars Olsen) អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមខាងភាគីអន្តរជាតិមានប្រសាសន៍ថា គម្រោងថវិកាដែលត្រូវបានអនុម័តនេះគឺជាឧបករណ៍ដល់ការរៃអង្គាសថវិកាក្នុងចំណោមប្រទេសម្ចាស់ជំនួយ។
«មានន័យថា ក្នុងពេលនេះយើងដឹងច្បាស់អំពីការចំណាយដែលយើងអាចរំពឹងថា នឹងបានក្នុងឆ្នាំនេះហើយក៏មានន័យថា គម្រោងនេះនឹងត្រូវប្រើក្នុងការរៃអង្គាសមូលនិធិចាំបាច់ក្នុងចំណោមប្រទេសជាសមាជិកនៃក្រុមប្រទេសដែលចាប់អារម្មណ៍នឹងសាលាក្តីខ្មែរក្រហមពីព្រោះថាទាំងអស់គ្នាដឹង ហើយឥឡូវនេះនូវទំហំទឹកប្រាក់សម្រាប់ដំណើរការកាត់ទោសនៅឆ្នាំ២០១៣»។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី នៃសាលាក្តីខ្មែរក្រហមបានស្វាគមន៍ចំពោះការអនុម័តលើគម្រោងថវិកាថ្មីនេះ។
លោកថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានដដែលដោយទទូចដល់សហគមន៍ម្ចាស់ជំនួយអន្តរជាតិ ឲ្យផ្តល់ជំនួយជាចាំបាច់ដោយសារភាគីជាតិមិនទទួលបានការសន្យាថវិកាថ្មីនៅឡើយទេសម្រាប់ឆ្នាំ២០១៣នេះ។
សូមបញ្ជាក់ថាសាលាក្តីខ្មែរក្រហមកំពុងកាត់ទោសជនជាប់ចោទបីនាក់ក្នុងសំណុំរឿង០០២ដែលសុទ្ធសឹងជាមេដឹកនាំកំពូលខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម។ ក្នុងនោះមាននួន ជា អតីតប្រធានសភាដែលគេស្គាល់ថា ជាមេមនោគមវិជ្ជានៃរបបកុម្មុយនិស្តដាច់ខាតនេះ ខៀវ សំផន អតីតប្រមុខរដ្ឋ និងអៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសខ្មែរក្រហម៕