ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារក្តី​មេដឹកនាំ​ខ្មែរ​ក្រហម​ប្រឆាំង​និង​ការ​បញ្ចូល​មន្ទីរ ស២១​ក្នុង​សំណុំ​រឿង​០០២


អ្នក⁣ទេសចរ⁣មើលផ្ទាំង⁣រូបដាក់បង្ហាញនៅមន្ទីរ ស២១។
អ្នក⁣ទេសចរ⁣មើលផ្ទាំង⁣រូបដាក់បង្ហាញនៅមន្ទីរ ស២១។
ភ្នំពេញ៖ នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​មេធាវី​ការពារ​អតិត​មេដឹកនាំ​ខ្មែរ​ក្រហម បាន​ប្រឆាំង​និង​សំណើរ​របស់​សហព្រះរាជអាជ្ញារ​ឲ្យ​បញ្ចូល​មន្ទីរ ស២១ ក្នុង​ការ​កាត់​ក្តី​សំណុំ​រឿង០០២។

លោក គង់ សុ​ឋាន​រិ​ទ្ធ នៃ​វី​អូ​អេ ដែល​បាន​ទៅតាម​ដាន​ការបើក​សវនាការ​នេះ រាយការណ៍​ពី​រាជធានី​ភ្នំពេញ​មក​ថា ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​នួន ជា ខៀវ សំផន និង​អៀង សារី ក៏បាន​ជំទាស់​ការ​បំបែក​សំណុំរឿង​០០២​សម្រាប់​ការកាត់ក្តី​ជា​វគ្គ​តូចៗ​នោះ​ដែរ។
ក្រុម​មេធាវី​ការពារ​ជនជាប់ចោទ​បាន​ប្រឆាំង​ការស្នើ​ឲ្យ​ដាក់​មន្ទីរ​ស ២១ឬ​គុក​ទួលស្លែង​ចូលក្នុង​ការកាត់ក្តី​សំណុំរឿង០០២វគ្គ​ទី១ដែល​កំពុងតែ​ដំណើរការ​ក្នុង​ពេលនេះ​ដោយ​សំអាងថា​វា​នឹងធ្វើ​ឲ្យ​មានការ​ពង្រីក​ដំណើរការ​ក្តី​កាន់តែច្រើន។
នៅក្នុង​សវនាការ​ស្តីពី​ការ​បំបែក​ដំណើរការ​និតិ​វិធី​ដំណើរការ​កាត់ទោស​ក្នុង​សំណុំរឿង​ទី២នេះ​កាលពី​ថ្ងៃ​ច​ន្ទ័​និង​បាន​បន្ត​មួយថ្ងៃ​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ លោក​អេ​ន​ឌ្រូ ខេ​លី សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​បាន​លើក​ឡើង​ថា​មន្ទីរ​ ស២១ តំណាង​ឲ្យ​ការ​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​ពីព្រោះថា​ជនរងគ្រោះ​ដែល​ទទួលរង​ការធ្វើ​ទារុណកម្ម​និង​សម្លាប់ចោល​ក្នុង​មន្ទីរ​ ស២១ ត្រូវ​ចាប់ខ្លួន​ពី​គ្រប់ទិសទី​ទាំងអស់​ក្នុងប្រទេស​កម្ពុជា។
ប៉ុន្តែ​នៅក្នុង​សវនាការ​នៅ​ថ្ងៃនេះ​លោក​មេធាវី វិចទ័រ កូ​ប៉េ ការពារ​ឲ្យ​អតីត​ប្រធានសភា​ខ្មែរក្រហម​នួន ជា លើក​ឡើងថា​ការបញ្ចូល​គុក​ទួលស្លែង​ចូលក្នុង​វិសាលភាព​នៃ​ដំណើរការ​ក្តី​នៃ​សំណុំរឿង០០២
«នឹង​នាំ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជាច្រើន​បន្ថែមទៀត​ចំពោះ​អ្វីមួយ​ដែល​មិនបាន​កើតឡើង​ពិត​ប្រាកដ»នៅក្នុង​គុក​នេះ។
«ប្រសិនបើ​អង្គជំនុំជម្រះ​ទទួល​យក​សំណើរ​របស់​សហ​ព្រះរាជ​អាជ្ញា​ថា​គុក​ទួលស្លែង​នឹងត្រូវ​ប្រើប្រាស់​ជា​លើកចុងក្រោយ​សម្រាប់​បទ​ប្រល័យ​ពូជសាសន៍​ដែល​បានកើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដូច្នេះ​វា​នឹងត្រូវ​ប្រើ​ជា​បន្តទៀត​ដោយ​មនុស្ស​ដដែល​នៅក្នុង​សាលាក្តី​នេះ»។
ជំហរ​នេះ​ត្រូវ​គាំទ្រ​ដោយ​សហ​មេធាវី​សញ្ជាតិ​បារាំង​លោក​អា​ធើ វែ​កិន របស់​អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម​ខៀវ សំផន។
ក្នុងពេល​ជាមួយគ្នា​នោះ​ក្រុម​មេធាវី​របស់​ជនជាប់ចោទ​ទាំងបី​ដែល​កំពុង​ប្រឈម​ក្នុង​រង្វង់​ក្រចកសេះ​មាន​នួន ជា ខៀវ សំផន និង​អៀង សារី បាន​ច្រាន​ចោលការ​បំបែក​ដំណើរការ​និតិ​វិធី​កាត់ទោស​ជា​វគ្គ​តូចៗក្នុង​សំណុំរឿង០០២នេះ​ដោយ​សំអាងថា​ការធ្វើការ​កាត់ទោស​របៀប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូនក្តី​របស់​ផង​ខ្លួន។
សហ​ព្រះរាជ​អា​ជ្ញា​កាល​ពីដើម​សប្តាហ៍​ចាត់ទុកថា​ការ​បំបែក​ការកាត់ក្តី​ជា​វគ្គ​តូចៗ​បែបនេះ​មាន​សារសំខាន់​ដល់​ជនជាប់ចោទ​ដែលមាន​វ័យ​កាន់តែ​ចាស់ជរា​និង​មាន​ផលប្រយោជន៍​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដូច​ទឡ្ហី​ករ​ដែល​បានលើកឡើង​កាលពីដើម​ដំបូង​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង។
លោក​គង់ សំអុន សហ​មេធាវី​កម្ពុជា​របស់​ខៀវ សំផន បញ្ជាក់​ជំហរ​សម្រាប់​កូនក្តី​របស់​ខ្លួន។
«សំនុំរឿង០០២/២ឬ/៣ដែល​ហៅថា​ជា​សវនាការ​តូចៗ​ត​ទៅ​ទៀត​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លោក​ខៀវ សំផន»។
សូម​បញ្ជាក់ថា​អង្គជំនុំជម្រះ​សាលាដំបូង​បានចាប់ផ្តើម​បំបែក​នីតិវិធី​សំណុំរឿង០០២ជា​បី​ផ្នែក​កាលពី​ឆ្នាំ២០១១គឺ​សំណុំរឿង​០០២/១ដែល​ទាក់ទង​នឹង​ការជម្លៀស​ដោយ​បង្ខំ សំណុំរឿង​០០២/ ២ ទាក់ទង​នឹង​បទ​ចោទ​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​សំណុំរឿង​០០២/៣ទាក់ទង​នឹង​បទ​ចោទ​អំពី​អំពើប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ចាម​និង​វៀតណាម។
នៅក្នុង​សវនាការ​នៅថ្ងៃនេះ​ដែរ​លោក​មេធាវី​គង់ សំអុន បានស្នើ​ឲ្យ​បំបែក​កូនក្តី​របស់ខ្លួន​ចេញពី​ជន​ជាប់ចោទ​ពីរ​នាក់​ទៀត​គឺ​នួន ជា​និង​អៀង សារី៕
XS
SM
MD
LG