ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​សិទ្ធិ​មនុស្ស​មួយ​​ទទូច​ឲ្យ​អាជ្ញាធរ​ទម្លាក់​ការ​ចោទ​ប្រកាន់​មន្ត្រី​សិទ្ធិ​មនុស្ស


លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)

ក្រុមអ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជួរ​មុខ​ (Frontline Defenders) ​បាន​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​និង​គ្មាន​លក្ខខណ្ខ​នូវ​បទ​ចោទព្រហ្មទណ្ឌ​ចំពោះ​សកម្មជនការពារ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​រូប​គឺ​លោក​ នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

ការ​អំពាវនាវ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជួរ​មុខ​ ដែល​ជា​មូលនិធិ​អន្តរជាតិ​សម្រាប់​ការពារសកម្ម​ការពារ​សិទ្ធិ​មនុស្ស​នេះ​ កើត​មាន​ឡើង​បន្ទាប់​ពី​មន្ត្រី​តុលាការ​ពីរ​នាក់​នៅ​តុលាការ​ខេត្ត​សៀមរាបបាន​ប្តឹង​លោក​ នី ចរិយា ​ពី​បទ​បរិហារ​កេរ្តិ៍​ឈ្មោះ​ បង្កាច់​កេរ្តិ៍​ឈ្មោះ​និង​ការ​ប៉ុនប៉ង​បំភិត​បំភ័យ​មន្ត្រី​តុលាការ។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​នៅថ្ងៃ​ទី​២​កក្កដារបស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិជួរមុខ​ដែល​មាន​ទី​តាំង​ក្នុង​ទីក្រុង​ឌុបលីន​ (Dublin) ​ប្រទេស​អៀរឡង់ (Ireland)​ បាន​សរសេរ​ថា៖​

«ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជួរ​មុខ​សូម​សម្តែងនូវ​ការ​ព្រួយ​បារម្ភ​របស់​ខ្លួនយ៉ាង​ខ្លាំង​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​មាន​ការ​រើស​អើង​ទៅ​លើ​លោក​នី ចរិយា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ហើយ​នឹងការ​ចេញដីការបស់​តុលាការកោះហៅ​ឲ្យរូបលោក។​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជឿ​ជាក់ថា​ វា​គឺ​ជា​ការ​ប៉ុនប៉ង​បំបិទ​សំឡេង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងឡាយនៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​រារាំងការ​ងារ​ស្រប​ច្បាប់​របស់​ពួក​គេ​ក្នុង​ការ​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​ជន​រង​គ្រោះ​ដោយ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស»។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ​ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជួរមុខ​បាន​បន្តថា៖​

«អ្នក​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជួរ​មុខ​ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ក្នុង​ប្រទេស​កម្ពុជា​ធានា​ក្នុង​រាល់​កាលៈទេសៈ​ថា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ​មាន​លទ្ធភាព​អនុវត្ត​សកម្មភាព​សិទ្ធិ​មនុស្ស​ស្រប​ច្បាប់​របស់​ពួក​គេ​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ ដោយ​គ្មានការ​ផ្ចាញ់​ផ្ចាល​តប​មក​វិញ​ និង​គ្មាន​ការ​រឹត​ត្បិត​អ្វី​ទាំង​អស់»។​

ការ​ចោទ​ប្រកាន់​បទ​ព្រហ្ម​ទណ្ឌ​មក​លើ​លោក​នី ចរិយា​ត្រូវ​បាន​ធ្វើឡើង​ នៅ​ក្រោយ​ពេល​ដែល​សមាគម​អាដហុក​ប្រកាស​ថា​ ខ្លួន​នឹង​ចាប់​ផ្តើម​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ជំនួស​មុខ​ឲ្យ​សហគមន៍​មួយ​នៅ​ស្រុក​ស្វាយ​លើ​ដែល​ពលរដ្ឋ​សហគមន៍​នោះអះអាង​ថា ​ម្ចាស់​កាន់​កាប់​ដី​សម្បទាន​សង្គម​បានឆ្កា​រាន​ឆ្លង​ព្រំ​ប្រទល់ស្រុកចូល​ដី​សហគមន៍​របស់​ពួក​គេ។ ​នេះ​បើយោង​ទៅតាម​ការ​ផ្សព្វ​ផ្សាយ​កន្លង​មករបស់​ព្រឹត្តិប័ត្រ​ព័ត៌មាន​ឌឹ ខេមបូឌា​ ដេលី​ (The Cambodia Daily)។​

ចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​នេះ​គឺ​សំដៅ​ចំៗ​ទៅ​លើ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ពីរ​រូប​គឺលោក​សុក កែវ​បណ្ឌិត​ ព្រះ​រាជ​អាជ្ញា​រង ​និង​លោកគី​ ឬទ្ធី ​ចៅ​ក្រម​ស៊ើប​អង្កេត​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​អនុវត្ត​នីតិវិធី​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​មួយ​រវាង​ពលរដ្ឋ​បួន​រូប ​និង​ក្រុម​ហ៊ុន​កសិពាណិជ្ជកម្ម​មួយ​ឈ្មោះ​សហគមន៍​តាខ្មៅ​អភិឌ្ឍន៍​កសិកម្ម​ (Community Takhmao Development Agriculture and Industrial) នៅ​ក្នុង​ស្រុក​ស្វាយលើ​ខេត្ត​សៀមរាប។

ចំណាត់​ការនេះ​បាន​ធ្វើ​ឲ្យ​មន្រ្តី​តុលាការ​ពីរ​រូប​នេះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ រួចបឹ្តង​លោក​នី ចរិយា​ ដោយ​ចោទប្រកាន់លោក​ពី​បទ​បរិហារ​កេរ្តិ៍​ឈ្មោះ​ មួល​បង្កាច់​កេរ្តិ៍​ឈ្មោះ​ និង​ការ​ប៉ុនប៉ង​បំភិត​បំភ័យ​មន្ត្រី​តុលាការ​នេះ។​

VOA​ ពុំ​អាច​ទាក់ទង​លោក​សុក កែវបណ្ឌិត​បាន​ទេ​ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិន​ដំណើរ​ការ។​ រី​ឯ​លោក​គី ឫទី្ធ​បាន​បដិសេដ​មិន​ធ្វើ​អធិប្បាយ​ទេ។​

លោក​នី ចរិយា​បាន​មាន​ប្រសាសន៍​ប្រាប់ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​បន្ត​ត្រៀម​ចូល​ខ្លួន​ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​១៣​ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​បំភ្លឺ​បទ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​នេះ។​

«សម្រាប់​ខ្ញុំ​ ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ទោះ​បី​ជា​មាន​ការ​ប្តឹង​ផ្តល់​ហៅ​សួរ​យ៉ាង​ណា​ក៏ដោយ​ យើង​នឹង​ត្រៀម​ខ្លួន​ក្នុង​ការ​បង្ហាញ​ភស្តុតាង​ពី​អ្វី​ដែល​តុលាការ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​អំពើខុស​ឆ្គង​រំលោភនីតិ​វិធី​ច្បាប់»។​

នៅ​ក្នុង​សំណុំ​រឿង​ក្តីក្តាំ​វិវាទ​ដីធ្លី​នេះ​ តុលាការ​ខេត្ត​សៀមរាប​កាល​ពីចុង​ខែ​មិថុនា​បាន​កាត់ទោសពលរដ្ឋ​ជា​កសិករបួន​នាក់​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ ​តែ​ទោស​របស់​ពួក​គេ​ត្រូវ​បាន​ព្យួរ​ ដោយ​ពីរ​នាក់​ជាប់​មិន​លើស​ពី​ពីរ​ខែ ​ហើយ​ពីរ​នាក់​ទៀត​ត្រូវ​បាន​ព្យួរ​ទោស​មួយ​ឆ្នាំ​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រាន​ដី​កម្ម​សិទ្ធិ​របស់​សហគមន៍​តាខ្មៅ​អភិឌ្ឍន៍​កសិកម្ម។​

កសិករ​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ជំងឺ​ចិត្ត​សរុប​ចំនួន​១០​លាន​រៀលផង​ដែរ៕

XS
SM
MD
LG