ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​អាមេរិក​ត្រៀម​ដោះស្រាយ​បញ្ហា​ចាយវាយ​ពិបាកៗ​មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ


រូប​ឯកសារ៖ ពន្លឺ​ព្រះអាទិត្យ​ចាំង​ដាក់​អគារ​វិមាន​សភា Capitol​ របស់​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ពន្លឺ​ព្រះអាទិត្យ​ចាំង​ដាក់​អគារ​វិមាន​សភា Capitol​ របស់​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​បាន​សម្រាក​អស់​ពេល​មួយ​ខែ។ សមាជិកព្រឹទ្ធសភា​បាន​ចូល​ធ្វើ​ការ​វិញ​នៅ​សប្តាហ៍មុន ហើយ​អ្នកតំណាងរាស្ត្រចូល​វិញ​នៅ​សប្តាហ៍​នេះ។

ដោយ​មាន​សំឡេង​លើស​គណបក្ស​សាធារណរដ្ឋ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ និង​ដោយ​បាន​សម្រេច​តាម​របៀបវារៈ​ខាងនីតិបញ្ញត្តិរបស់​លោក​ប្រធានាធិបតី Joe Biden សំខាន់ៗ​មួយ​ចំនួន​រួច​ ហើយ​នោះ​ គណបក្ស​ប្រជាធិបតេយ្យ​គ្រោង​អនុម័ត​សេចក្តី​ព្រាងច្បាប់សំខាន់​ថ្មីៗ​មួយ​ចំនួន​ទៀត។ ក៏ប៉ុន្តែ​ពួកគេ​នៅ​សល់​ពេល​តែប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ មុន​សមាជិក​សភា​ឈប់​សម្រាក​ម្តង​ទៀត ដើម្បីឱ្យ​ពួក​គេ​ទៅ​ធ្វើការ​ឃោសនា​បោះឆ្នោតនៅមុនការបោះឆ្នោតពាក់​កណ្តាល​អាណត្តិ​នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ខាង​មុខ។

ការ​ផ្តល់​ថវិកា​ចាយវាយ​សម្រាប់​រដ្ឋាភិបាល

សឹង​តែ​រាល់​ឆ្នាំ សមាជិក​សភា​មិន​បាន​យល់ស្រប​គ្នា​លើ​សេចក្តីព្រាង​ច្បាប់​ថវិកា​ចាយវាយ មុនថ្ងៃកំណត់​ចុងក្រោយ​បង្អស់នៅ​ថ្ងៃ​ ទី៣០ ខែ​កញ្ញា​ទេ ដែល​ជា​ថ្ងៃ​រដ្ឋាភិបាល​អស់​ថវិកា​ចាយវាយ។ សមាជិក​បក្ស​ប្រជាធិបតេយ្យ​និង​បក្ស​សាធារណរដ្ឋ តាមធម្មតាយល់​ស្រប​គ្នា​លើ​សេចក្តី​សម្រេច​បន្ត​ការចាយវាយ​ធម្មតា ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាច​ដំណើរការ​តទៅទៀត។ គេ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​សេចក្តី​សម្រេច​បន្ត​ការ​ចាយវាយ​នេះ​នឹងផ្តល់​ថវិកា​ចាយវាយ​ហួស​ពី​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​រហូត​ដល់​ចុង​ឆ្នាំ ឬ​វែងឆ្ងាយ​ជាង​នេះ​នៅ​ឡើយ​ទេ។

ការអនុម័តសេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​អាស្រ័យ​លើថា​តើភាគី​ទាំង​អស់​អាចយល់​ស្របគ្នា​អំពី​សំណើ​របស់​លោក​ប្រធានាធិបតី Biden សុំប្រាក់​ចំណាយ៤៧​ពាន់លាន​ដុល្លារ ថែមទៀត​ដែលមាន​រួម​ជំនួយ​យោធា​និង​ជំនួយ​មនុស្សធម៌​សហរដ្ឋ​អាមេរិកថ្មីចំនួន ​១៣​ពាន់លាន​ដុល្លារ សម្រាប់​ប្រទេស​អ៊ុយក្រែន និង ២២.៤០០​លាន​ដុល្លារ​សម្រាប់​បន្ត​ការ​ប្រឹងប្រែង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាគច្រើនក្នុង​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក បាន​ប្រាប់​ពួក​អ្នកកាសែត​កាល​ពី​ថ្ងៃពុធ ទី៧ ខែ​កញ្ញា​ថា៖ ​«ប្រទេស​អ៊ុយក្រែន​ត្រូវការជំនួយថែមទៀត។ យើង​ចង់ផ្តល់​ជំនួយ​ដល់ប្រទេស​នេះ។ ហើយ​ចំពោះ​ជំងឺ​អុតស្វា​និង​កូវីដ​ យើងត្រូវតែ​ប្រុងប្រៀប។ ​យើង​តែង​តែប្រុងប្រៀប​ជា​និច្ច​នៅក្នុង​ប្រទេស​នេះ។ ​ហើយ​ជាការ​អាប់​កេរ្តិ៍​ឈ្មោះ​ដែល​ពួក​សាធារណរដ្ឋ យក​រឿង​នេះ​មក​ធ្វើ​ជា​ល្បែង​នយោបាយ នៅ​ពេល​ដែល​សុខភាព​របស់​ប្រទេស​ជាតិ​កំពុង​មានបញ្ហា»។

រូប​ឯកសារ៖ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគតិច​ក្នុងព្រឹទ្ធសភា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២។
រូប​ឯកសារ៖ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគតិច​ក្នុងព្រឹទ្ធសភា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២។

គណបក្ស​សាធារណរដ្ឋ​រារែក​ក្នុង​ការ​យល់ព្រម​តាម​សំណើ​សុំ​ថវិកា​ចាយវាយ​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ ដោយ​ជជែក​ថាប្រាក់កាស​នេះ​គួរ​យក​ពី​ប្រាក់​បំរុង​ទុក​សម្រាប់​ទប់ទល់​នឹង​ជំងឺ​កូវីដ​ដែលមិន​បាន​ប្រើ។ លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ ដែល​មាន​សំឡេង​ភាគតិច​ក្នុងព្រឹទ្ធសភា បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «គម្រោង​ចាយវាយ​តាម​ធម្មតា​ជា​បន្ត ដែល​កាន់តែ​ច្បាស់លាស់ កាន់​តែ​ល្អ​ប្រសើរ។ សង្គ្រាម​នៅ​អ៊ុយក្រែន ច្បាស់​ជា​មាន​អាទិភាព​សម្រាប់​គណបក្ស​ទាំង​ពីរ។ យើង​ចាំមើល​ថា តើ​បក្ស​ប្រជាធិបតេយ្យ​នឹង​ស្នើ​សុំ​អ្វីខ្លះ និង​ថា​តើ​ត្រូវការ​ប្រាក់​ប៉ុន្មាន សម្រាប់ជួយ​អ៊ុយក្រែន​ក្នុង​ការ​ធ្វើ​សង្គ្រាម​នេះ»។​

រឿង​រៀបការរវាងមនុស្ស​ស្រឡាញ់​អ្នក​មាន​ភេទ​ដូច​គ្នា

សេចក្តីសម្រេចរបស់​តុលាការកំពូលស.រ.អ.​កាល​ពី​ពេលមុនក្នុង​រដូវ​ក្តៅ ដែល​បានលុបចោល​សិទ្ធិតាម​រដ្ឋធម្មនុញ្ញ​មានរយៈពេល​៥០ឆ្នាំមក​ហើយដល់​ការ​ពន្លូតកូន​ដែល​ត្រូវ​បាន​ធានាដោយ​ករណី Roe versus Wade នាំឱ្យ​មាន​សេចក្តីព្រាង​ច្បាប់​ដែល​ការពារ​សិទ្ធិឯ​ទៀតៗនៅ​កម្រិត​សហព័ន្ធ។

លោកស្រី Tammy Baldwin និង​លោកស្រី Kyrsten Sinema សមាជិកា​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​ស្វែងរក​ការ​គាំទ្រ​ពី​សមាជិក​គណបក្ស​សាធារណរដ្ឋដើម្បីឱ្យ​បាន​សំឡេង​ឆ្នោត​គាំទ្រ​៦០សម្រាប់​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ ដែល​ការពារ​សិទ្ធិ​រៀបការរវាង​មនុស្ស​ស្រឡាញ់​មនុស្សមាន​ភេទ​ដូច​គ្នា។ កាលពី​ខែ​មិថុនា ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អនុម័តសេចក្តី​ព្រាងច្បាប់​ស្រដៀងគ្នា​ដោយ​មានការ​គាំទ្រ​ពី​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​ចំនួន​៤៧នាក់។​

លោក Schumer ​បានប្រាប់ក្រុមអ្នក​កាសែតកាលពី​ថ្ងៃពុធ​ថា៖ «ការ​បោះឆ្នោត​អំពី​សមភាពរៀបការ​នឹង​ធ្វើឡើង​ក្នុង​ព្រឹទ្ធសភាក្នុងពេលប៉ុន្មានសប្តាហ៍​ខាងមុខ​នេះ ហើយ​ខ្ញុំ​សង្ឃឹម​ថានឹង​មាន​សមាជិក​នៃ​គណបក្ស​សាធារណរដ្ឋ​១០​នាក់​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​នេះ»។

រូប​ឯកសារ៖ លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាគច្រើនក្នុង​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២។
រូប​ឯកសារ៖ លោក Chuck Schumer មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ភាគច្រើនក្នុង​ព្រឹទ្ធសភាសហរដ្ឋ​អាមេរិក ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២២។

លោក Schumer បាន​ថ្លែង​ថា៖ «យើង​ចង់ឱ្យ​មានការបោះឆ្នោតជា​សេចក្តី​ព្រាងច្បាប់​មួយ​ដាច់​ដោយ​ឡែក‍» ដែល​អាច​ឱ្យ​មានលទ្ធភាព​បញ្ចូល​វា​ក្នុងសេចក្តីព្រាងច្បាប់​ចែង​ពី​ការ​បន្ត​ចាយវាយ​ថវិកា​ដូច​ឆ្នាំ​មុន ដែល​អាចបង្កើន​សម្ពាធលើ​ពួក​សាធារណរដ្ឋ​ដោយបង្ខំ​ពួក​គេឱ្យ​បិទ​រដ្ឋាភិបាល ដើម្បី​រាំង​ខ្ទប់​សេចក្តីព្រាង​ច្បាប់នេះ។

ការ​ស៊ើបអង្កេត​ការ​វាយប្រហារវិមានសភា​កាពីតូល​កាលពី​ថ្ងៃទី៦ មករា ២០២១
គណៈកម្មាធិការ​ពិសេសស៊ើបអង្កេតការ​វាយប្រហារវិមានសភា​កាពីតូល​កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២១ នឹង​បើកសវនាការ​ជាថ្មី​នៅ​ខែនេះ។ ដើមដំបូង​គណៈកម្មាធិការ​នេះ​គ្រោង​ធ្វើ​សវនាការ​តែ៧​ប៉ុណ្ណោះ ប៉ុន្តែពួក​សមាជិក​សភា​បានពង្រីក​ការស៊ើបអង្កេតសាធារណៈរបស់​ពួក​គេ​អំពី​ការប្រឹងប្រែងរបស់​អតីតប្រធានាធិបតីលោក Donald Trump ដើម្បីប្រែ​ក្រឡះ​លទ្ធផល​ការបោះឆ្នោតប្រធានាធិបតីកាលពី​ឆ្នាំ២០២០ ​ដែល​ជា​ការ​វាយប្រហារ​អាក្រក់បំផុតលើ​វិមានសភា​កាពីតូល​ក្នុងពេ​លពីររយឆ្នាំ។

លោកស្រី Liz Cheney តំណាង​រាស្ត្រខាងគណបក្ស​សាធារណរដ្ឋ​ដែលបានចាញ់ក្នុង​ការបោះឆ្នោត​បឋមដើម្បី​ឈរ​ឈ្មោះ​ជា​ថ្មី​សម្រាប់​អសនៈលោកស្រី​កាលពី​ខែ​សីហា-បានថ្លែង​ហើយ​ថាលោក Trump អាច​ប្រឈមនឹងការចោទប្រកាន់​អំពី​សកម្មភាពរបស់លោក។ គេ​រំពឹង​ថា​គណៈកម្មាធិការនេះ​នឹង​ស្តាប់អំពី​ភ័ស្តុតាង​ថ្មីៗ​ដែលពួកគេ​ទទួល​បាន​កាល​ពី​ដើម​រដូវក្តៅ។

ព្រឹទ្ធសភា​អាច​អនុម័តសេចក្តី​ព្រាងច្បាប់​កែទម្រង់​គណៈអ្នក​បោះឆ្នោត​ដោយបំភ្លឺ​មុខនាទីរបស់អនុប្រធានាធិបតី​ក្នុង​ការ​បញ្ជាក់​លទ្ធផល​នៃការបោះឆ្នោត​ប្រធានាធិបតី។ សេចក្តី​ព្រាង​ច្បាប់​នេះ​របស់​គណបក្ស​ទាំង​ពីរ​មាន​គោលដៅ​បញ្ចៀស​កុំឱ្យ​មានការ​ប្រើដោយ​មិន​ត្រឹមត្រូវ​នូវ​ច្បាប់​មួយ​ឆ្នាំ១៨៨៧​មួយ ដែល​បាន​នាំឱ្យ​មាន​ការ​ជជែក​ដេញដោល​គ្នា​នៅ​ក្រោយ​ការ​វាយប្រហារ​លើ​វិមាន​សភា​កាពីតូល​សហរដ្ឋ​អាមេរិក។​

របៀបវារៈឯ​ទៀត

បន្ថែមលើ​នេះ គេ​រំពឹង​ថា​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នឹង​បន្ត​ការ​យល់ព្រមដល់​ពួក​មន្ត្រី​តុលាការដែលលោក Biden បាន​ស្នើ​ឈ្មោះតែងតាំង​ឱ្យកាន់​តំណែង​សំខាន់ៗ។ ហើយក្រុមមេដឹកនាំ​ជាន់ខ្ពស់​ទាំង៨នាក់ របស់​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​ព្រឹទ្ធសភា​និង​រដ្ឋសភា​អាច​ទទួល​ព័ត៌មាន​សម្ងាត់​ទាក់ទង​នឹង​ការ​ដែល​លោក Trump មាន​ឯកសារ​សម្ងាត់​នៅ​ឯ​ផ្ទះលោកនៅ Mar-a-Lago។

ដោយសារតែ សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មានប្រៀប​លើបេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​ការ​បោះឆ្នោតពាក់​កណ្តាល​អាណត្តិ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​នោះ លោក Schumer អាច​សម្រេចលប់​ចោលសម័យ​ប្រជុំ​ពីរអាទិត្យ​ក្នុងខែតុលា​ដើម្បីទុកពេលថែម​ទៀត​ឱ្យពួក​សមាជិកព្រឹទ្ធសភា​ធ្វើការ​ឃោសនា​បោះឆ្នោតនៅ​ក្នុង​រដ្ឋ​របស់ពួក​គេ៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

អត្ថបទ​ទាក់ទង

XS
SM
MD
LG