ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​ស្ត្រី​ថ្ងៃ​សុក្រ​គ្រោង​ធ្វើ​ធម្ម​យាត្រា ដើម្បី​លើក​កម្ពស់​យុត្តិធម៌​សង្គម


ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​តែង​តែ​តវ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​ស្វាមី​របស់​ពួកគេ ដែល​កំពុង​ជាប់​ពន្ធនាគារ គ្រោង​នឹង​រៀបចំ​ធម្មយាត្រា​មួយ នា​ដើម​ខែ​ឧសភា​ខាង​មុខ ដោយ​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ក្នុង​គោល​បំណ​ង​លើក​កម្ពស់​យុត្តិ​ធម៌​សង្គម។ នេះ​បើ​យោង​តាម​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២៣។

បើ​តាម​លិខិត​ដដែល ធម្មយា​ត្រា​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២៣ ហើយត្រូវ​ចេញ​ដំណើរ​ពី​ភ្នំពេញ ឆ្លង​កាត់​ខេត្តកណ្តាល ខេត្ត​កំពង់​ចាម ខេត្ត​កំពង់ធំ ហើយ​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប​ដែល​ជា​គោល​ដៅ​ចុង​ក្រោយ។

អ្នកស្រី ព្រំ ចន្ថា អ្នក​តំណាង​ស្ត្រី​ថ្ងៃ​សុក្រ ប្រាប់​វីអូអេ​ថា​ស្វាមី​របស់​អ្នក​ស្រី​ដែល​ជា​អ្នក​នយោ​បាយ​ម្នាក់​កំពុង​ជាប់​ពន្ធនាគារ ដែល​អ្នកស្រី​តែង​តែ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង។

អ្នកស្រីថ្លែង​ថា៖ «ធម្មតា​នេះ គឺ​ខ្ញុំ​មាន​គោល​បំណង​ចង់​លើក​កម្ពស់​យុត្តិ​ធម៌​ក្នុង​សង្គម ​ព្រោះ​រាល់​ថ្ងៃ​នេះ​យើង​អ​យុ​ត្តិ​ធម៌​ក្នុង​សង្គម ដោយ​សារ​ក្រុម​គ្រួសារ​របស់​ពួក​ខ្ញុំ​វា​អយុត្តិ​ធម៌ ក៏​ដូច​ជា​ប្រជាពល​រដ្ឋ​ទូទៅ។ អ៊ី​ចឹង​ខ្ញុំ​ធ្វើ​ដើម្បី​ឆ្លុះ​បញ្ចាំង»។

បើ​តាម​ស្ត្រី​រូប​នេះ មក​ទល់​ពេលនេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពីក្រ​សួង​មហា​ផ្ទៃ​នៅ​ឡើយ​ទេ ខណៈ​អ្នកស្រី​រង់ចាំ​ការ​ឆ្លើយ​តប។

អ្នកស្រី​បន្ថែម​ថា​ប្រជាពល​រដ្ឋទូទៅ​អាច​ចូលរួម​នៅ​ក្នុងធម្មយាត្រា​នេះ​បាន បើ​សិន​ជា​ពួក​គេ​ចង់​ចូល​រួម។ អ្នកស្រី​មិន​ទាន់​អាច​កំណត់​ចំនួន​អ្នក​ចូលរួមជាក់​លាក់​នៅ​ឡើយ​ទេ ប៉ុន្តែ​ថា​យ៉ាង​តិច​៥០​នាក់​នឹង​ចូលរួម។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា​លោក​មិន​ទាន់​ទទួល​បាន​លិខិត​របស់​ក្រុម​ស្រ្តី​ថ្ងៃ​សុក្រ​នៅ​ឡើយ​ទេ ហេតុ​នេះ​ក្រសួង​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​បែប​ណា​នៅ​ឡើយ​ទេ។

ស្ត្រី​ថ្ងៃ​សុក្រ​នេះ​គឺជា​ឈ្មោះ​របស់​ក្រុម​ស្ត្រី​មួយ​ក្រុម​ដែល​តែងតែ​នាំ​គ្នា​តវ៉ា​ជា​រៀង​រាល់​ថ្ងៃ​សុក្រ ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធ​នា​គារ ហើយ​ពួកគេ​ជា​សកម្មជន​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ៕

XS
SM
MD
LG