មន្ត្រីបារាំងនិយាយថា មនុស្ស៧នាក់ត្រូវចាប់ខ្លួននៅក្នុងតាមរកជនសង្ស័យដ៏សំខាន់ពីរនាក់ក្នុងការបាញ់ប្រហារកាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្ស១២នាក់នៅការិយាល័យទស្សនាវដ្តី Charlie Hebdo នៅទីក្រុងប៉ារីស។
លោកនាយករដ្ឋមន្ត្រី Manuel Valls បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា ជនសង្ស័យពីរនាក់នោះត្រូវបានផ្នែកស៊ើបការណ៍សម្ងាត់ស្គាល់អត្តសញ្ញាណហើយ។ លោកនាយករដ្ឋមន្ត្រីថ្លែងថា ជនទាំងពីរនោះធ្វើសកម្មភាពដូចជាទាហាន។
លោកនាយករដ្ឋមន្ត្រីក៏បាននិយាយដែរថា ការទប់ស្កាត់មិនឲ្យមានការវាយប្រហារបែបនេះជាលើកទីពីរគឺជាកង្វល់ចម្បងរបស់រដ្ឋាភិបាល។ ប៉ូលិសនៅទីក្រុងប៉ារីសនិយាយថា ប៉ូលិសស្រ្តីម្នាក់បានស្លាប់ដោយសារជនល្មើសបាញ់នៅថ្ងៃព្រហស្បតិ៍នេះ នៅភាគខាងត្បូងទីក្រុងប៉ារីស។ គេនៅមិនទាន់ដឹងនៅឡើយថា តើការបាញ់ប្រហារនៅថ្ងៃព្រហស្បតិ៍នេះទាក់ទងនឹងការតាមរកជនសង្ស័យក្នុងការបាញ់ប្រហារនៅ Charlie Hebdo នោះឬយ៉ាងណាទេ ។
ខណៈពេលដែលជនល្មើសម្នាក់ឈ្មោះ Hamyd Mourad អាយុ១៨ឆ្នាំបានប្រគល់ខ្លួនឲ្យអាជ្ញាធរទាក់ទងនឹងការបាញ់ប្រហារកាលពីថ្ងៃពុធ ប៉ូលិសនៅតែស្រាវជ្រាវរកបងប្អូនប្រុសរបស់ជននោះឈ្មោះ Said និង Cherif Kouachi។ ជនទាំងពីរនេះជាអ្នករស់នៅក្រុងប៉ារីស អាយុខ្ទង់៣០ឆ្នាំ ហើយ Cherif ធ្លាប់បានជាប់ពន្ធនាគារពីបទភេរវកម្ម។ អាជ្ញាធរបារាំងនិយាយថា ជនទាំងនោះប្រដាប់ដោយអាវុធ និងប្រកបទៅដោយគ្រោះថ្នាក់៕