សកម្មជនជាតិរុស្ស៊ីម្នាក់ដែលបានដោះលែងចេញពីពន្ធនាគារនៅសប្តាហ៍នេះបន្ទាប់ពីជាប់ពន្ធនាគារ៤ឆ្នាំ៦ខែ បាននិយាយថាលោកមានផែនការបន្តដាក់ការគាបសង្កត់ប្រធានាធិបតី Vladimir Putin ហើយលោកនឹងលើកទឹកចិត្តឲ្យពួកសកម្មជនធ្វើពហិការមិនចូលរួមការបោះឆ្នោតនៅឆ្នាំក្រោយ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសន្និសីទកាសែតមួយ លោ Sergei Udaltsov ឥស្សរៈជនឆ្វេងនិយមរបស់គណបក្សប្រឆាំងរុស្ស៊ីបាននិយាយថា ការបោះឆ្នោតរុស្ស៊ីមានភាពមិនត្រឹមត្រូវ ហើយបានអំពាវនាវឲ្យធ្វើពហិការកុំចូលរួមការបោះឆ្នោតនេះ។
លោកបានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «ពួកអាជ្ញាធរបានធ្វើការផ្លាស់ប្តូរច្បាប់បោះឆ្នោតដូចជាមនុស្សបោកប្រាស់»។
លោក Udaltsov អាយុ៤០ឆ្នាំបានដឹកនាំអង្គការឆ្វេងនិយមដែលគេហាមឃាត់នៅក្នុងការតវ៉ាប្រឆាំងនៅតាមផ្លូវនានានៅឆ្នាំ២០១១និងឆ្នាំ២០១២ ដើម្បីប្រឆាំងការបោះឆ្នោតឲ្យលោក Putin ជាប់ឆ្នោតប្រធានាធិបតីអាណត្តិទី៣។ លោកបានត្រូវតុលាការកាត់ឲ្យជាប់ទោសនៅឆ្នាំ២០១៤ពីការបង្ករហេតុឲ្យមានកុបកម្មដ៏ធំមួយ។ លោក Udaltsov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងបញ្ចៀសកាលចូលរួមនៅក្នុងការតវ៉ានៅតាមផ្លូវនានា ក៏ប៉ុន្តែ លោកនឹងបន្តប្រឆាំងរដ្ឋាភិបាលរបស់លោក Putin ហើយនឹងដាក់ការគាបសង្កត់ក្នុងការគាំទ្របញ្ហាសង្គមនានា។
លោកបាននិយាយថា៖ «វានឹងក្លាយជាការគិតខ្លីរបស់ខ្ញុំក្នុងការប្រកាន់ជំហរដើម្បីបង្ហាញកាំភ្លើងហើយអំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្ម។ អស់លោក អ្នក នឹងសើចចំអកឲ្យខ្ញុំហើយគិតថា ខ្ញុំជាមនុស្សឡប់ដែលខ្ញុំបានចំណាយពេលយ៉ាងយូរនៅក្នុងគុកហើយឥឡូវនេះ ខ្ញុំអំពាវនាវមនុស្សផ្សេងទៀតឲ្យធ្វើបាតុកម្មម្តងទៀត»។
ខណៈដែលលោក Udaltsov បាននិយាយថា លោកនឹងមិនចូលរួមការតវ៉ាប្រឆាំងនៅតាមផ្លូវ លោកបាននិយាយថា លោកនៅតែមានសកម្មភាពនៅក្នុងចលនាហើយនៅរដូវស្លឹកឈើជ្រុះ «អស់លោក អ្នកនឹងឮអំពីបាតុកម្មរបស់យើងហើយនឹងអំពីយុទ្ធនាការរបស់យើង»៕