រដ្ឋាភិបាលថ្មីនៃប្រទេសបារាំងបានចូលកាន់តំណែងមួយសប្តាហ៍ក្រោយពីគណបក្សសាធារណរដ្ឋឈ្មោះគណបក្ស Republic On The Move របស់លោកប្រធានាធិបតី Emmanuel Macron មានការគាំទ្រតិចនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋានជុំទីពីរ។
មេដឹកនាំរដ្ឋាភិបាលនេះគឺលោកនាយករដ្ឋមន្ត្រី Jean Castex ដែលជាអតីតអភិបាលក្រុងមិនសូវមានគេស្គាល់មកពីតំបន់ Pyrenees។ លោកមានងារថាជា« Mr. Deconfinement មានន័យថា «អ្នកមិនបង្ខាំង» ក្រោយពីលោកបានចាត់ចែងឲ្យប្រទេសបារាំងចេញផុតពីការបិទប្រទេសដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា។ លោកបានកាន់តំណែងនេះជំនួសលោក Edouard Philippine ដែលជាវរជនមានប្រជាប្រិយភាពហើយអាចជាគូប្រជែងនឹងលោក Macron ក្នុងការបោះឆ្នោតលើកក្រោយផងដែរ។
លោក Ulysse Gosset ដែលជាអ្នកអត្ថាធិប្បាយនយោបាយប្រចាំប៉ុស្តិ៍ទូរទស្សន៍ BMFTV នៅប្រទេសបារាំង បាននិយាយថា៖
«លោក Macron មានគោលដៅមួយគឺ ប្រយុទ្ធនឹងដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ច កែប្រែប្រទេសធ្វើឱ្យប្រទេសជាតិមានស្ថានភាពល្អជាងពេលសព្វថ្ងៃនេះសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅពេលខាងមុខ»។
លោក Ulysse Goss បានថ្លែងទៀតថា៖ «ការងាររបស់នាយករដ្ឋមន្ត្រីរូបនេះគឺធ្វើតាមបញ្ជារបស់លោក Macron។ លោកត្រូវដោះស្រាយវិបត្តិទាំងនេះ។ ហើយគ្មានអ្វីលើសពីនេះទេ។ លោក Macron មិនចង់មាននាយករដ្ឋមន្ត្រីដែលអាចជាគូប្រជែងដូចលោកអតីតនាយករដ្ឋមន្ត្រី Edouard Philippe ទេ»។
លោក Gerard Darmanin រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃនាំឱ្យមានការរំជើបរំជួល។លោកមានអាយុ៣៥ឆ្នាំដែលធ្វើឲ្យលោកជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានវ័យក្មេងជាងគេក្នុងប្រព័ន្ធរដ្ឋាភិបាលសាធារណរដ្ឋបារាំងហៅថា Fifth Republic បង្កើតដោយលោក Charles de Gaulle ។ លោកបានចូលកាន់តំណែងនៅពេលកងកម្លាំងប៉ូលិសបាក់ទឹកចិត្ត ហើយប្រឈមនឹងការចោទប្រកាន់ពីការរើសអើងខាងពូជសាសន៍និងអំពើហិង្សា។
លោក Gerard Darmanin ក៏ប្រឈមនឹងការស៊ើបអង្កេតដំបូងមួយអំពីការចោទប្រកាន់ពីបទរំលោភសេពសន្ធវៈដែលការិយាល័យរបស់លោក Macron និយាយថា មិននាំឱ្យមានឧបសគ្គដល់ការតែងតាំងឱ្យលោកកាន់តំណែងនេះទេ។
សហជីពប៉ូលិសគ្មានប្រតិកម្មអំពីចៅហ្វាយនាយថ្មីរបស់ពួកគេទេ។ ក៏ប៉ុន្តែពួកអ្នកការពារស្ត្រីបានធ្វើបាតុកម្មនៅខាងមុខវិមានប្រធានាធិបតី Elysee។
លោក Eric Dupond-Moretti រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធ៌មក៏មានរឿងចម្រូងចម្រាសដែរ។ លោកល្បីឈ្មោះជាមេធាវីម្នាក់ដែលចូលចិត្តប្រឈ្លោះដោយលោកបានការពារពួកជាតិនិយម Corse ពួកអ្នកនយោបាយអាហ្វ្រិក និងលោក Julien Assange អ្នកបង្កើតបណ្តាញ Wikileaks។ មេដឹកនាំម្នាក់នៃសហជីពពួកចៅក្រមបានរិះគន់ការតែងតាំងលោក Eric Dupond-Moretti ថាជា «ការប្រកាសសង្គ្រាម» ប្រឆាំងនឹងប្រព័ន្ធតុលាការ។
ការរុះរើរដ្ឋាភិបាលដោយលោក Macron ប្រឈមនឹងសម្ពាធឱ្យមានសកម្មភាពខាងបរិស្ថាននៅក្រោយគណបក្ស Greens Party មានការគាំទ្រច្រើននៅក្នុងការបោះឆ្នោតក្រុង។ លោកស្រី Barbara Pompili ជាសហអ្នកបង្កើតគណបក្សការពារបរិស្ថាននេះនិងជារដ្ឋលេខាធិការសម្រាប់កិច្ចការជីវចម្រុះ។ ក៏ប៉ុន្តែលោកស្រីមិនមានឥទ្ធិពលទេហើយលោកស្រីនឹងប្រឈមនឹងការពិនិត្យពិច័្ចយអំពីរបៀបលោកស្រីដោះស្រាយការកាត់បន្ថយការបញ្ចេញឧស្ម័នកាបោនក្នុងបរិយាកាសនិងគោលដៅខាងបរិស្ថានឯទៀតៗ។
ប្រែសម្រូលដោយលោក ឈឹម សុមេធ