ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​គ្រោង​​ចេញ​ប្រើ​កម្មវិធីទូរស័ព្ទ​របស់​រដ្ឋ​ដើម្បីតាមដានការ​​​​​ឆ្លង​កូវីដ១៩នៅ​ដើម​ខែ​មិថុនា


រូបឯកសារ៖ រូបសំណាកដែលមានពាក់ម៉ាស នៅបរិវេណ Trocadero ក្បែរប៉ម Eiffel នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ រូបសំណាកដែលមានពាក់ម៉ាស នៅបរិវេណ Trocadero ក្បែរប៉ម Eiffel នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។

ប្រទេស​បារាំង​គ្រោង​នឹង​ចាប់​ផ្តើម​ប្រើប្រាស់​កម្មវិធី​ app ​លើ​ទូរស័ព្ទ ដែលត្រូវបាន​ផ្តួចផ្តើម​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​តាម​ដាន​ការ​ទំនាក់​ទនង​ក្នុង​សង្គម​របស់​ពលរដ្ឋ​ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា​ខាង​មុខ។ នេះបើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​កិច្ចការ​ឌីជីថល​របស់​បារាំង លោក Cedric O ក្នុង​ថ្ងៃ​អង្គារ​នេះ។ ប៉ុន្តែ លោក​សោកស្តាយ​ដែល​ក្រុមហ៊ុន Apple មិន​បាន​ចូល​រួម​ក្នុង​គម្រោង​នេះ។

ប្រទេស​នានា​កំពុង​ប្រញាប់ប្រញាល់​បង្កើត​កម្មវិធី​ app ស្មាតហ្វូន ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​មធ្យោបាយ​ចាំ​បាច់​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ ខណៈអាជ្ញាធរ​កំពុង​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ ដោយ​នៅ​រក្សា​វិធានការ​ដូច​ជា​ការ​រក្ស​គម្លាត​សង្គម​ និង​ការ​ធ្វើ​តេស្ត​រក​អ្នក​ឆ្លង​វីរុស​កូរ៉ូណា។

លោក Cedric O មិន​បាន​បញ្ជាក់​ថា​ ហេតុ​អ្វី​ក្រុមហ៊ុន​ Apple ដែល​ជា​អ្នក​ផលិត​ទូរស័ព្ទ​ iPhone មិន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ទេ។ ប៉ុន្តែ​លោក​និយាយ​ថា​ លោក​សោកស្តាយ​ ខណៈ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ក្នុង​ពិភពលោក​កំពុង​រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗដែល​កំពុង​រីកចម្រើន​ បែរជា​មិន​ជួយ​រដ្ឋាភិបាល​ក្នុង​គ្រា​មាន​វិបត្តិ​នេះ​ទៅ​វិញ។​

មន្ត្រី​ក្រុមហ៊ុន Apple នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​ទេ​នៅ​ពេល​នេះ។

កម្មវិធី​ app ទូរស័ព្ទ​ដែល​មាន​ឈ្មោះ​ថា StopCOVID ដើម្បី​តាមដាន​ការ​ឆ្លង​កូវីដ​តាម​ទំនាក់ទំនង​សង្គម​នេះ នឹង​ត្រូវ​គេ​ចាប់​ផ្តើម​ប្រើ​សាកល្បង​នៅ​ថ្ងៃ​ទី​១១​ ខែ​ឧសភា​ខាង​មុខ ​នៅពេល​ដែល​ប្រទេស​បារាំង​គ្រោង​នឹង​បន្ធូរបន្ថយ​វិធានការ​បិទ​សកម្មភាព​ប្រទេស។ ​

ក៏​ប៉ុន្តែ​អ្នក​តាក់តែង​ច្បាប់​បារាំង​ខ្លះ​ បាន​សម្តែង​ការ​បារម្ភ​អំពី​បញ្ហា​ឯកជនភាព ​និង​ជំរុញ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើ​កម្មវិធី​ app បែប​នេះ។

ប្រទេស​អង់គ្លេស ​នឹង​ធ្វើ​ការ​សាកល្បង​ app តាមដាន​កូវីដ​១៩​របស់​ខ្លួន​ដែរ​ ក្នុង​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG