បេក្ខជនប្រធានាធិបតីដែលគេរំពឹងទុកពីគណបក្សកុម្មុយនីស្តបារាំងគឺលោក Fabien Roussel។ លោកគឺជាអតីតអ្នកកាសែតដែលមានភាពល្បីល្បាញចំពោះការរស់នៅបែបស្តុកស្តម្ភ និងជាអ្នកនេសាទបែបកម្សាន្តអារម្មណ៍។ លោកបានដឹកនាំគណបក្សនេះចាប់តាំងពីឆ្នាំ២០១៨មក។ លោកមានការគាំទ្រខ្លាំងនៅក្នុងកិច្ចប្រជុំគណបក្ស ទោះបីជាមូលដ្ឋានរបស់គណបក្សនេះត្រូវសម្រេចគាំទ្របេក្ខភាពរបស់លោកនៅខែក្រោយក៏ដោយ។
លោក Roussel បានប្រកាសកាលពីថ្ងៃទី១១ ខែមេសា ពីគម្រោងរបស់លោកដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ លោកថា លោកចង់ផ្តល់កម្មវិធីនៃក្តីសង្ឃឹមដល់ប្រជាជនបារាំង មិនមែនគ្រាន់តែយកឈ្នះការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយបញ្ហាគ្មានការងារធ្វើ ភាពក្រីក្រ និងវិសមភាពផងដែរ។
គណបក្សកុម្មុយនីស្តដែលមានអាយុមួយសតវត្សរ៍របស់បារាំងនេះធ្លាប់មានកម្លាំងនយោបាយយ៉ាងខ្លាំងក្លា។ នៅក្នុងទសវត្សរ៍ ១៩៧០ គណបក្សនេះជាគណបក្សឆ្វេងនិយមដ៏មានអំណាចបំផុតនៅក្នុងប្រទេស ដែលមានការគាំទ្រប្រមាណ ២០%។ គណបក្សនេះក៏បានគ្រប់គ្រងទីក្រុងដែលមានប្រជាជន ដែលមានជាវណ្ណៈកម្មករជាច្រើននៅជុំវិញទីក្រុងប៉ារីស ដែលត្រូវបានគេដាក់ឈ្មោះក្រៅផ្លូវការថា តំបន់ក្រវាត់ក្រហម និងមានផ្លូវដែលត្រូវបានដាក់ឈ្មោះតាមបុគ្គលកុម្មុយនីស្តមួយចំនួនដូចជា លោក កាល់ម៉ាក្ស៍ និងលោកលេនីនជាដើម។
សព្វថ្ងៃនេះ គណបក្សនេះជាស្រមោលនៃអតីតកាលរបស់ខ្លួន ទោះបីជាគណបក្សនេះស្ថិតក្នុងចំណោមគណបក្សកុម្មុយនីស្តនៅទូទាំងអឺរ៉ុបដែលមានសមាជិកនៅក្នុងសភាអឺរ៉ុបក្តី។ នៅក្នុងប្រទេសបារាំង បេក្ខជនស្តាំនិយម និងកណ្តាលនិយមបានដណ្តើមយកតំបន់ «ក្រវាត់ក្រហម» នៅក្នុងទីក្រុងប៉ារីស ហើយគណបក្សកុម្មុយនីស្តនៅពេលនេះគ្រប់គ្រងតំបន់តែមួយប៉ុណ្ណោះនៅបារាំង។
លោកស្រី Marie-George Buffet បេក្ខជនប្រធានាធិបតីចុងក្រោយរបស់គណបក្សនេះដែលគេរំពឹងថាឈ្នះការបោះឆ្នោតទទួលបានសំឡេងឆ្នោតគាំទ្រតិចជាង ២% នៃសំឡេងឆ្នោតសរុបនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៧។ លោក Roussel ត្រូវបានបោះឆ្នោតជ្រើសរើស ដោយសារតែការអំពាវនាវរបស់លោកដើម្បីឈរឈ្មោះម្តងទៀត។
លោក Jean Petaux អ្នកវិភាគនយោបាយថា ការសម្រេចចិត្តរបស់លោក Roussel ស្ទើរតែជាការសម្រេចសម្រាប់គណបក្សរួចទៅហើយ។ ប្រសិនបើគណបក្សកុម្មុយនីស្តមិនដាក់បេក្ខជនឲ្យឈរឈ្មោះទេនោះ ពួកគេអាចនឹងមិនមានវត្តមានទៀតនោះទេ។ ប្រសិនបើពួកគេដាក់ នោះពួកគេអាចនឹងរងភាពអាម៉ាស់ដោយសារការចាញ់ឆ្នោត។
ទិដ្ឋភាពក្នុងពេលខាងមុខដ៏ខ្លីមិនអំណោយផលនោះទេ។ កិច្ចប្រជុំមួយមានគោលបំណងបង្រួបបង្រួមអ្នកឆ្វេងនិយមបារាំងដែលមានការបែកបាក់ រាប់ចាប់ពីគណបក្សបៃតង ដល់លោក Jean-Luc Melenchon មេដឹកនាំឆ្វេងនិយមជ្រុល រហូតដល់អ្នកស្រី Anne Hidalgo អភិបាលក្រុងប៉ារីសមកពីគណបក្សសង្គមនិយម។ អ្នកគាំទ្រសង្ឃឹមថា នឹងស្វែងរកបេក្ខជនតែមួយរូបសម្រាប់ការប្រជែកយកតំណែងប្រធានាធិបតីនៅឆ្នាំក្រោយ។ ប៉ុន្តែលោកMelenchon ដែលជាតួអង្គដ៏មានឥទ្ធិពលមួយរូបនិយាយថា លោកនឹងមិនចូលរួមនោះទេ។
ទោះបីជាក្រុមឆ្វេងនិយមរួបរួមគ្នាក៏ដោយ ក៏អ្នកអត្ថាធិប្បាយនយោបាយថា ការដែលលោក Roussel ត្រូវបានជ្រើសរើសមិនទំនងនឹងកើតឡើងទេ។ ប្រសិនបើលោក Roussel សម្រេចឈរឈ្មោះដោយខ្លួនឯង នោះនឹងធ្វើឱ្យក្រុមឆ្វេងនិយមកាន់តែបែកបាក់ថែមទៀត។
ទោះជាជ្រើសយកជម្រើសណាក៏ដោយ ក៏ឱកាសសម្រាប់គណបក្សកុម្មុយនីស្ត និងក្រុមឆ្វេងនិយមផ្សេងទៀតមានតិចតួចណាស់។ ការស្ទង់មតិរបស់វិទ្យាស្ថាន IFOP នៅពាក់កណ្តាលខែមេសាបង្ហាញថា លោកប្រធានាធិបតី Emmanuelle Macron និងលោកស្រី Marine Le Pen មេដឹកនាំស្តាំនិយមជ្រុលនាំមុខក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ ការស្ទង់មតិបង្ហាញថា មិនមានបេក្ខជនឆ្វេងនិយមណាមួយអាចទទួលបានសំឡេងឆ្នោតគាំទ្រលើសពី ១៣% នៃសំឡេងឆ្នោតសរុបនោះទេ ហើយលោក Roussel នឹងទទួលបានតែ ២.៥% សំឡេងប៉ុណ្ណោះ។
លោក Petaux ថា វាជាស្ថានភាពដែលអាចនឹងមិនកើតឡើង ដោយសារតែវិបត្តិវីរុសកូរ៉ូណាបានធ្វើឱ្យប្រជាជនបារាំងមួយចំនួនចង់ទទួលបាននូវអ្វីៗថ្មីដែលគណបក្សកុម្មុយនីស្តបានសន្យាជាយូរមកហើយ ដូចជាការត្រឡប់ទៅរករដ្ឋដែលមានការការពារវិញជាដើម។ ប៉ុន្តែទោះបីជាក្នុងចំណោមវណ្ណៈកម្មករក្តី ក៏គណបក្សនេះបានបាត់បង់ការគាំទ្រទៅហើយ។ មនុស្សជាច្រើនបានប្តូរទៅគាំទ្រគណបក្ស National Rally ដែលជាគណបក្សស្តាំនិយមជ្រុលរបស់លោកស្រី Le Pen វិញ៕