ប្រទេសបារាំងបានបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ ខណៈកាលពីថ្ងៃចន្ទ អត្តពលិកនានាបានចាកចេញពីទីក្រុងប៉ារីសវិលត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ដោយសរសើរការរៀបចំការប្រកួតកីឡានេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន AP។
ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះបានបិទបញ្ចប់ទៅដោយជោគជ័យ ទោះបីជាព្រឹត្តិការណ៍នេះត្រូវគេបារម្ភដោយសារការវាយប្រហារភេរវកម្ម កូដកម្ម និងការតវ៉ាផ្សេងៗក៏ដោយ។
ក្នុងពិធីបិទបញ្ចប់កាលពីយប់ថ្ងៃអាទិត្យដែលសង្កត់ធ្ងន់លើសារស្នូលរបស់ការប្រកួតកីឡាអូឡាំពិកដែលនោះគឺសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិលោក Thomas Bach បានសរសើរការរៀបចំការប្រកួតកីឡានេះនៅទីក្រុងប៉ារីសថាជា «ការប្រកួតល្អបំផុត»។
កីឡាករប្រហែល ៩.០០០ នាក់បានប្រមូលផ្ដុំគ្នានៅក្នុងស្តាត Stade de France ដែលជាស្ដាតដ៏ធំជាងគេនៅបារាំងកាលពីយប់ថ្ងៃអាទិត្យដើម្បីទស្សនាការសម្តែងដែលមានការបង្ហាញពីវង់តន្ត្រីករបារាំង Air វង់ភ្លេងហ្គីតា Phoenix តារាចម្រៀងបែលហ្ស៊ិកនាង Angele និងតារាចម្រៀងរ៉េបកម្ពុជាលោក វណ្ណដា។
រដ្ឋធានីបារាំងបានប្រគល់កាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះបន្តវេនសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវក្តៅបន្ទាប់នៅឆ្នាំ ២០២៨ ដល់ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ អត្តពលិកកាយសម្ព័ន្ធអាមេរិកាំងនាង Simone Biles បានចូលរួមជាមួយអភិបាលក្រុង Los Angeles អ្នកស្រី Karen Bass នៅក្នុងការទទួលយកជាផ្លូវការនូវទង់កីឡាអូឡាំពិក។
តារាភាពយន្តហូលីវូដលោក Tom Cruise បានទម្លាក់ខ្លួនចុះពីលើដំបូលស្តាតអមដោយចម្រៀងតាមលំនាំខ្សែភាពយន្តរឿង «Mission Impossible» ហើយទទួលយកទង់កីឡាអូឡាំពិកពីតារាកាយសម្ព័ន្ធនាង Simone Biles និងបន្ទាប់មកដោតទង់នោះនៅពីក្រោយម៉ូតូរួចបើកចេញពីស្តាត៕
វេទិកាបញ្ចេញមតិ