លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអំពាវនាវសុំឲ្យមេដឹកនាំពលរដ្ឋនិងសាសនានៅជុំវិញពិភពលោក រួបរួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងនឹង«សេចក្តីសន្យាបន្លំនៃក្រុមជ្រុលនិយម» ហើយច្រានចោលការយល់ថាក្រុម«ភេរវករ»ជាអ្នកតំណាងឲ្យសាសនាអ៊ីស្លាម។
នៅក្នុងសន្និសីទមួយនៅក្រុង វ៉ាស៊ីនតោន ស្តីពីការទប់ស្កាត់អំពើជ្រុលនិយម លោក អូបាម៉ា បានថ្លែងកាលពីថ្ងៃពុធនេះថា «ពួកភេរវករព្យាយាមដើរតួដាក់ខ្លួនជាមេដឹកនាំសាសនា ជាយុទ្ធជនសាសនា។ ជនទាំងនោះមិនមែនជាមេដឹកនាំសាសនាទេ ពួកគេជាភេរវជន។ យើងមិនធ្វើសង្គ្រាមជាមួយសាសនា អ៊ីស្លាមទេ។ យើងធ្វើសង្គ្រាមជាមួយមនុស្សដែលបានប្រើសាសនាអ៊ីស្លាមខុសបទ»។
លោក អូបាម៉ា បានថ្លែងទៅក្រុមប្រតិភូ នៅក្នុងសន្និសីទបីថ្ងៃថា ការប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម មិនអាចទទួលជ័យជំនះបានទេ ដោយសារកម្លាំងយោធាតែមួយនោះទេ។
លោកក៏បានអំពាវនាវដោយផ្ទាល់ដល់មេដឹកនាំមូស្លីមសំខាន់ៗ ឲ្យដកខ្លួនចេញឆ្ងាយពីមនោគមវិជ្ជាហិង្សាឃោរឃៅផងដែរ។ លោកថ្លែងថា បុគ្គលគ្រប់រូបមានកាតព្វកិច្ចមួយក្នុងការ«និយាយយ៉ាងច្បាស់» ប្រឆាំងនឹងអំពើហិង្សាដែលប្រព្រឹត្តិទៅលើ មនុស្សស្លូតត្រង់។ លោកថ្លែងថា «មេដឹកនាំមូស្លីមត្រូវធ្វើការឲ្យលើស ពីការគ្រាន់តែបំបាត់ការយល់ឃើញថាប្រទេសយើងបានប្តេជ្ញាចង់បង្ក្រាបសាសនាអ៊ីស្លាម»៕