ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ប្រជាជន​ដែល​រាយការណ៍​ពី​ជំងឺ​កូវីដ១៩ ​នៅ​ប្រទេស​ចិន​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ


សម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់កាន់បដារូបអ្នកស្រី Zhang Zhan នៅខាងក្រៅការិយាល័យទំនាក់ទំនងរដ្ឋាភិបាលចិន នៅទីក្រុងហុងកុង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

តុលាការ​នៅ​ក្រុង​សៀងហៃ ប្រទេស​ចិន​ កាលពី​ថ្ងៃទី២៨ ខែធ្នូ បាន​កាត់ទោស​អ្នកស្រី Zhang Zhan ដែល​ជា​អតីត​មេធាវី និង​អ្នក​កាសែត​ប្រជាជន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​ ៤ ឆ្នាំ ​ចំពោះ​ការ​រាយការណ៍​របស់​អ្នកស្រី​អំពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។ នេះ​ជា​ការ​កាត់​ទោស​ដ៏​ធ្ងន់ធ្ងរ ហើយ​អ្នក​ជំនាញ​ច្បាប់​និយាយ​ថា ការ​កាត់​ទោស​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ចិន​មាន​ការ​បាក់ស្បាត។

អ្នកស្រី Zhang ដែល​មាន​វ័យ ​៣៧ ឆ្នាំ ​ជា​អ្នក​កាសែត​ប្រជាជន​ម្នាក់​ក្នុង​ចំណោម​អ្នក​កាសែត​ប្រជាជន​មួយ​ចំនួន​ ដែល​បាន​រាយការណ៍​ពី​ការ​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស​កូរ៉ូណា​ នៅ​ក្នុង​កណ្តាល​ទីក្រុង Wuhan នៃ​ប្រទេស​ចិន។ សេចក្តី​រាយការណ៍​របស់​ក្រុមអ្នក​កាសែត​បង្ហាញ​ពី​ស្ថានភាព​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​ជាង​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​ ចំពោះ​ការ​ឆ្លងរាលដាល​នេះ។

បើ​យោង​តាម​អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​របាយការណ៍​របស់​អ្នកស្រី​ Zhang ក៏​រួម​មាន​ឧទាហរណ៍​នៃ​ការ​បៀតបៀន​លើ​គ្រួសារ​ជនរងគ្រោះ​ ដែល​ស្វែងរក​ការ​ទទួល​ខុសត្រូវ​ផង​ដែរ។

អ្នកស្រី Zhang ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​ នៅ​ក្នុង​ខែឧសភា និង​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ការ​ផ្តល់​បទសម្ភាសន៍​ទៅ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ការ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង «កេងចំណេញ​យ៉ាង​អាក្រក់» ពីការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។

អ្នកស្រី​បាន​បាត់ខ្លួន​នៅ​ក្នុង​ក្រុង Wuhan កាលពី​ថ្ងៃទី ១៤ ​ខែឧសភា ​បើ​យោង​តាម​ការ​របាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ ហើយ​មួយថ្ងៃ​ក្រោយ​មក ​បែរ​ជា​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​សៀងហៃ ដែល​មាន​ចម្ងាយ​ជាង​ ៦៤០ គ.ម.​ពីទីក្រុង Wuhan។ នៅ​ក្នុង​តុលាការ អ្នកស្រី​ត្រូវ​បាន​ជាប់​ចោទ​ពី​«ការ​បង្ក​ជម្លោះ និង​បង្ក​បញ្ហា»។​ នេះ​ជា​ការ​ចោទប្រកាន់​មួយ​ដែល​ជា​រឿយៗ ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ចោទប្រកាន់​សកម្មជន​ចិន។

មេធាវី​របស់​អ្នកស្រី Zhang លោក Zhang Keke បាន​ប្រាប់ VOA ថា អ្នកស្រី Zhang Zhan បាន​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ជិត​ ៥ ខែ​មក​ហើយ។ អ្នកស្រី​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ ដោយ​អង្គុយ​នៅ​ក្នុង​កៅអី​រុញ ប៉ុន្តែ​បាន​បដិសេធ​មិន​ព្រម​និយាយ​អ្វី​នោះ​ទេ ដែល​នេះ​អាច​ជា​ការ​ប្រើប្រាស់​ភាពស្ងៀមស្ងាត់​ដើម្បី​ជា​ទម្រង់​មួយ​នៃ​ការ​តវ៉ា។

លោក Zhang Keke បាន​និយាយ​ថា៖ «រឿង​តែ​មួយ​គត់​ដែល​អ្នកស្រី​បាន​និយាយ​គឺ​ថា ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ [អាជ្ញាធរ] មិន​មាន​សិទ្ធិ​សួរ​ចម្លើយ​អ្នកស្រី​នោះ​ទេ»។

បើ​យោង​តាម​មេធាវី​ការពារ​របស់​អ្នកស្រី នៅ​ក្នុង​សវនាការ រដ្ឋអាជ្ញា​បាន​ចោទប្រកាន់​អ្នកស្រី Zhang ពី​ការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​គេ​ហៅ​ថា «មតិយោបល់​ដែល​បង្ក​បញ្ហា» នៅ​លើ​បណ្តាញ​សង្គម​ចិន​ដូចជា Weibo និង WeChat។ ក៏​ប៉ុន្តែ​ រដ្ឋអាជ្ញា​មិន​ទាន់​ផ្តល់​ការ​បង្ហោះ ​ឬ​វីដេអូ​ណា​មួយ​ជា​ភស្តុតាង​នៅ​ឡើយ​ទេ។​

លោក Zhang Keke បាន​និយាយ​ក្នុង​ន័យ​ថា «អ្នកស្រី​មិន​បាន​ប្រតិដ្ឋ​(ប្រឌិត) របាយការណ៍​ណា​មួយ​ឡើយ ហើយ​ក៏​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ដែរ» ហើយ​លោក​បាន​បន្ថែម​ថា អ្នកស្រី​ទំនង​នឹង​ប្តឹង​ឧទ្ធរណ៍​លើ​សាលក្រម​នេះ។

មេធាវី​សិទ្ធិ​មនុស្ស​ចិន​ម្នាក់​ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ VOA ថា ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ ៤ ឆ្នាំ​នេះ​ ពិត​ជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់។

លោក​បាន​និយាយ​ក្នុង​ន័យ​ដើម​ថា៖ «ការ​បង្ក​ជម្លោះ និង​បង្ក​បញ្ហា​ជាទូទៅ​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​ជាក់លាក់​មួយ​ដែល​មិន​លើស​ពី៥ឆ្នាំ។ សម្រាប់​បទល្មើស​លើក​ដំបូង ការ​កាត់ទោស​ជាទូទៅ​គឺ​១ឆ្នាំ។»

លោក​បាន​បន្ថែម​ទៀត​ថា ការ​កាត់ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​អ្នកស្រី Zhang មាន​បំណង​ធ្វើ​ឱ្យ​មាន​ការ​ភ័យខ្លាច ​ក្នុង​ចំណោម​អ្នក​កាសែត​ប្រជាជន និង​មេធាវី​ការពារ​សិទ្ធិ​ពលរដ្ឋ។​

អង្គការ​សិទ្ធិ​មនុស្ស​ក៏​បាន​ថ្កោលទោស​លើ​ការ​កាត់​ទោស​នេះ​ដែរ។

លោក Cédric Alviani ប្រធាន​ការិយាល័យ​អាស៊ី​ខាង​កើត​នៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) ដែល​ជា​អង្គការ​សេរីភាព​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប៉ារីស​ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ចិន ​រហូត​ទាល់​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដោះលែង​អ្នកស្រី Zhang និង​សកម្មជន​សេរីភាព​សារព័ត៌មាន ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ចិន។

លោក Alviani បាន​ប្រាប់ VOA ក្នុង​ន័យ​ដើម​ថា៖ «អ្នកស្រី Zhang Zhan គ្រាន់​តែ​បម្រើ​ប្រយោជន៍​សាធារណៈ ​តាមរយៈ​ការ​រាយការណ៍​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩។ ដូច្នេះ​អ្នកស្រី​មិន​គួរ​ត្រូវ​បាន​ឃាត់​ខ្លួន និង​មិន​គួរ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​៤ ឆ្នាំ​នោះ​ទេ។ សវនាការ​នេះ​មិន​មាន​យុត្តិធម៌​នោះ​ទេ»។

ប្រទេស​ចិន​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បិទបាំង​អំពី​រឿង​ផ្ទុះ​ឡើង​ដំបូង​នៃ​វីរុស​កូរ៉ូណា ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​កូវីដ១៩ និង​បំបិទ​សំឡេង​អ្នក​លួច​បញ្ចេញ​ព័ត៌មាន រួម​ទាំង​លោក​វេជ្ជបណ្ឌិត Li Wenliang ដែល​បាន​ទទួល​មរណភាព និង​អ្នក​កាសែត​ប្រជាជន​ដូចជា​លោក Fang Bing លោក Chen Qiushi លោក Li Zehua និង​អ្នកស្រី Zhang Zhan ចំពោះ​ការ​បញ្ចេញ​ព័ត៌មាន​ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​បញ្ចេញ​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Li បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បំបិទ​ការ​ព្យាយាម​របស់​លោក​ ដើម្បី​ព្រមាន​ពិភពលោក​ពី​វីរុស​កូរ៉ូណា​នេះ។

ប្រទេស​ចិន​បាន​បដិសេធ​ដាច់​អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ទាំង​នេះ និង​បាន​និយាយ​ថា ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​វីរុស​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​លោក​ខាង​លិច​ដូចជា សហរដ្ឋអាមេរិក​នោះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG