ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ទាមទារ​ឲ្យ​ចិន​ដោះលែង​អ្នក​កាសែត​អ្នកស្រី Zhang Zhan


អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​តវ៉ា​ដើម្បីទាមទារ​ឲ្យ​​ដោះលែង​អ្នក​កាសែត​ពលរដ្ឋ​អ្នកស្រី Zhang Zhan នៅ​ខាងក្រៅ​ការិយាល័យ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
អ្នក​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​តវ៉ា​ដើម្បីទាមទារ​ឲ្យ​​ដោះលែង​អ្នក​កាសែត​ពលរដ្ឋ​អ្នកស្រី Zhang Zhan នៅ​ខាងក្រៅ​ការិយាល័យ​ទំនាក់ទំនង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ទីក្រុង​ហុងកុង ប្រទេស​ចិន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​អង្គារ សហភាព​អឺរ៉ុប​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន​ដោះលែង​អ្នក​កាសែត​អ្នកស្រី Zhang Zhan និង​អ្នក​កាសែត មេធាវី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មុន​ពេល​ដែល​ស្ថាប័ន​នេះ​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​វិនិយោគ​ដ៏​សំខាន់​មួយ​ជាមួយ​រដ្ឋាភិបាល​ចិន ទោះបីជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រវត្តិ​រំលោភ​សិទ្ធិ​ការងារ​និង​រំលោភ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន​ក៏ដោយ។

អ្នកស្រី Zhang ត្រូវ​បាន​តុលាការ​មួយ​នៅ​ក្នុង​ទីក្រុង​សៀងហៃ​កាត់ទោស​ដាក់​ពន្ធនាគារ ៤ ឆ្នាំ កាល​ពី​ថ្ងៃ​ចន្ទ ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន «បង្ក​ជម្លោះ​និង​បង្កើត​បញ្ហា» នៅ​ក្នុង​អំឡុងពេល​ដែល​អ្នកស្រី​រាយការណ៍​ព័ត៌មាន​ក្នុង​ដំណាក់កាល​ដំបូងៗ​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្ដី​របស់​អ្នកស្រី។

លោក Peter Stano អ្នកនាំ​ពាក្យ​គោល​នយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖ «មុន​ពេល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន អ្នកស្រី Zhang Zhan បាន​រាយការណ៍​អំពី​ការ​ផ្ទុះ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ទីក្រុង Wuhan»។

លោក Stano បាន​បន្ត​ថា៖ «យោង​តាម​ប្រភព​ដែល​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​នានា អ្នកស្រី Zhang បាន​ទទួល​រង​ទារុណកម្ម និង​ការ​ធ្វើ​បាប​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃុំ​ខ្លួន​របស់​អ្នកស្រី ហើយ​ស្ថានភាព​សុខភាព​របស់​អ្នកស្រី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង។ វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នកស្រី​ត្រូវ​ទទួល​បាន​ការ​ថែទាំ​គ្រប់គ្រាន់​ផ្នែក​វេជ្ជសាស្ត្រ»។

សហភាព​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ផង​ដែរ​ចំពោះ​លោក Yu Wensheng ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ដែល​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ក៏​ដូចជា​អ្នក​កាសែត មេធាវី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​ចិន​ផងដែរ៕

XS
SM
MD
LG