ក្រុមមន្ត្រីនៃស្ថាប័នសិទ្ធិមនុស្សចំនួន ៤ របស់អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការ«គំរាមចាប់ខ្លួន»នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូគឺលោកអំ សំអាត កាលពីចុងខែមីនាឆ្នាំ២០២០កន្លងទៅនេះ។ នេះបើយោងតាមលិខិតរួមគ្នាមួយច្បាប់ដែលត្រូវបានបញ្ចេញជាសាធារណៈនៅថ្ងៃអង្គារទី២៨ខែកក្កដានេះ ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតរបស់អ្នកជំនាញការសិទ្ធិមនុស្សទាំង៤ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ផ្ញើជូនប្រមុខការទូតកម្ពុជាបានបញ្ជាក់ថា៖
«យើងបារម្ភថា ការគំរាមកំហែងជាសាធារណៈបែបនេះប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្សអាចមានឥទ្ធិពលបន្ទុចបង្អាក់ទៅលើសេរីភាពនៃការសម្តែងមតិ សេរីភាពនៃការបញ្ចេញយោបល់ និងលំហសម្រាប់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានជាសាធារណៈ និងការធ្វើសកម្មភាពលើកកម្ពស់ការយល់ដឹងក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩»។
ប្រតិកម្មរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនេះដែលមានទីស្នាក់ការក្នុងទីក្រុងហ្សឺណែវប្រទេសស្វីសធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា ឆ្នាំ២០២០កន្លងទៅ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដោយព្រមានលោក អំ សំអាត ទាក់ទងនឹងអត្ថាធិប្បាយរបស់មន្ត្រីសិទ្ធិមនុស្សក្នុងស្រុករូបនេះអំពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើបុគ្គលដែលសម្តែងការព្រួយបារម្ភអំពីបញ្ហាកូវីដ១៩នៅកម្ពុជា។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិទាំង៤រូប រួមមានអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សគឺអ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាគឺអ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់និងការការពារសិទ្ធិសម្តែងមតិនិងបញ្ចេញយោបល់គឺលោក David Kaye និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាពក្នុងការជួបជុំនិងការប្រមូលផ្តុំដោយសន្តិវិធីគឺលោក Clement Nyaletsossi Voule។
នៅក្នុងលិខិតឆ្លើយតបរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវចុះថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០ តំណាងរដ្ឋាភិបាលកម្ពុជាបានសរសេរថា៖
«អាជ្ញាធរស្នើឲ្យមន្ត្រីសង្គមស៊ីវិលរាយការណ៍ព័ត៌មានឲ្យបានជាក់លាក់ទៅលើការចោទប្រកាន់អំពីការគំរាមកំហែងនោះ ដើម្បីឲ្យអាជ្ញាធរចាត់វិធានការសមស្រប»។
លោក អំ សំអាត ធ្លាប់បានបង្ហោះវីដេអូថា ការចោទប្រកាន់លោកផ្អែកលើការផ្សាយព័ត៌មានដែលមិនឆ្លុះបញ្ចាំងខ្លឹមសារទាំងស្រុងរបស់សម្តីរបស់លោក។
លោក អំ សំអាត ដែលជានាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ធ្លាប់ត្រូវបានរងការវាយដំពីសំណាក់កងសន្តិសុខរបស់អាជ្ញាធរក្រុងភ្នំពេញ ខណៈពេលលោកកំពុងបំពេញការងារឃ្លាំមើលការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងក្រុមបាតុករដែលតវ៉ានៅក្បែរទីលានប្រជាធិបតេយ្យក្នុងក្រុងភ្នំពេញកាលពីឆ្នាំ២០១៦៕