បុរស៤នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃច័ន្ទ ក្នុងគម្រោងចាប់ជំរិតទារប្រាក់ចំនួន ១ លានដុល្លារនៅរាជធានីភ្នំពេញ ក្រោយកម្លាំងសមត្ថកិច្ចបានដឹងមុន រួចរៀបចំគម្រោងស្ទាក់បាញ់។
កម្លាំងកងរាជអាវុធហត្ថដែលដឹកនាំប្រតិបត្តិការនោះបានឲ្យដឹងថា ឧក្រិដ្ឋជន ៤ នាក់ បានបង្កើតផែនការចូលជំរិតនិងប្លន់សម្លាប់ក្នុងភូមិគ្រឹះមួយ ក្នុងបុរីអង្គរភ្នំពេញ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កងរាជអាវុធហត្ថបញ្ជាក់ថា កម្លាំងបានរៀបផែនការរង់ចាំជនដៃដល់ចូលអន្ទាក់វិញអស់រយៈពេល ៤ ថ្ងៃមកហើយ មុនថ្ងៃកើតហេតុ។ កងរាជអាវុធហត្ថមិនបានបញ្ជាក់ថា តើពួកគេទទួលព័ត៌មានអំពីផែនការចាប់ជំរិតនិងប្លន់នេះពីអ្នកណានោះទេ។
ផែនការនោះត្រូវបានធ្វើឡើង កាលពីថ្ងៃទី១ ខែមីនា វេលាម៉ោងប្រមាណ ១១ ព្រឹក។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់ជនប្រព្រឹត្តនៅកន្លែងកើតហេតុ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា សមត្ថកិច្ចបានបាញ់ប្រហារតបត «ជាការការពារខ្លួន» ដោយសារក្រុមដៃដល់ក៏មានអាវុធផងដែរ។
លោកមានប្រសាសន៍ថា៖ «ស្ថានភាពដោយសារតែបុគ្គលជាជនសង្ស័យ គឺគាត់បាញ់មកលើសមត្ថកិច្ច។ អញ្ចឹងស្ថានភាពនោះ គឺយើងត្រូវមានការតបតនិងការការពារខ្លួនស្របច្បាប់របស់កម្លាំងសមត្ថកិច្ច»។
នៅពេលសួរបញ្ជាក់សេចក្តីលម្អិតជុំវិញករណីបង្ក្រាបខាងលើលោក អេង ហ៊ី មានប្រសាសន៍ថា មេបញ្ជាការរាជធានីភ្នំពេញកំពុងរៀបចំចេញជារបាយការណ៍លម្អិត។
វីដេអូចុះបង្រ្កាបនិងបាញ់ប្រហារនោះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងបានបង្ហាញត្រួសៗពីសកម្មភាពរៀបចំដើម្បីចាត់ការ និងសកម្មភាពបាញ់ប្រហារពីសំណាក់សមត្ថកិច្ចមកលើក្រុមឧក្រិដ្ឋជន។
បន្ទាប់ពីការបង្រ្កាបនេះ មានព័ត៌មានលេចឡើងតាមបណ្តាញសង្គម ដោយមានការបង្ហាញកាតអត្តសញ្ញាណរបស់បុគ្គលម្នាក់នៅក្នុងចំណោមក្រុមឧក្រិដ្ឋជន ដែលកម្លាំងសមត្ថកិច្ចអះអាងថាជាមេខ្លោង ថា ជាមន្រ្តីទីបញ្ជាការអង្គរក្ស។ យ៉ាងណាក្តី លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា ទីបញ្ជាការដ្ឋានអង្គរក្សបានបដិសេធថា បុគ្គលរូបនោះមិនមានឈ្មោះនៅក្នុងអង្គភាពនោះទេ។
បញ្ជាការដ្ឋានកងអង្គរក្សក៏បានចេញលិខិតមួយច្បាប់បដិសេធឈ្មោះនេះ និងថាបុគ្គលឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ប្រើប្រាស់ «បណ្ណក្លែងក្លាយ» ដែលកាតនោះត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុដ លោក ស៊ឹង សែនករុណា បានបង្ហាញមន្ទិលជុំវិញការបដិសេធរបស់ទីបញ្ជាការដ្ឋានអង្គរក្ស។
លោកថ្លែងថា៖ «សូម្បីតែអង្គភាពដែលត្រូវបានរងការចោទប្រកាន់ថាមេកើយរបស់ជនដែលត្រូវបានគេបាញ់សម្លាប់ហ្នឹង ក៏មិនមានការបញ្ជាក់ឲ្យបានច្បាស់លាស់ដែរ គឺមានការបដិសេធ។ ក៏ប៉ុន្តែយើងឃើញមានការលេចរូបភាពជាច្រើន ដែលថាម្នាក់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ហ្នឹងគឺធ្លាប់បានបម្រើការនៅទីបញ្ជាការកងអង្គរក្សអីជាដើម»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុករូបនេះបន្តថា លោកពិបាកសន្និដ្ឋានថា តើការប្រើប្រាស់កម្លាំងសមាមាត្រទៅនឹងក្រុមជនដៃដល់ រហូតដល់មានការបាញ់សម្លាប់ទាំងអស់ឬទេ។
លោកបន្ថែមថា៖ «យើងឃើញមានការបង្ហាញនូវរូបភាពវីដេអូខ្លះមួយចំនួន ហើយបានបញ្ជាក់ថា ជនដែលប្រព្រឹត្តហ្នឹង គឺមានអាវុធហើយមានការបាញ់ស្រោចមកលើខាងសមត្ថកិច្ច។ ក៏ប៉ុន្តែយើងមើលមិនឃើញថា ការបាញ់ស្រោចហ្នឹងបានបណ្តាលឲ្យមានសមត្ថកិច្ចមួយរូបណារងរបួសទេ។ តែផ្ទុយទៅវិញ យើងឃើញថា សមត្ថកិច្ចមានគ្នាជាច្រើននាក់ហ្នឹងបានបាញ់មកលើក្រុមប្រដាប់អាវុធហ្នឹង គឺស្លាប់ដល់ ៤ រូប។ អ៊ីចឹងយើងមិនទាន់ដឹងពីនីតិវិធី ឬក៏វិធីនៃការបង្រ្កាបហ្នឹងដោយក្នុងលក្ខខណ្ឌនិងកម្រិតសមាមាត្រគ្នាក្នុងកម្រិតណាទេ»។
មន្រ្តីសិទ្ធិមនុស្សរូបនេះក៏បានសម្តែងការព្រួយបារម្ភផងដែរ ប្រសិនបើករណីនេះត្រូវបានប្រព្រឹត្តឡើងដោយមន្រ្តីនៃអង្គភាពណាមួយ ដែលមានសិទ្ធិយកអាវុធរបស់អង្គភាពមកប្រើប្រាស់បាននៅតាមទីសាធារណៈ។
លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោក ដោយហៅក្រុមនោះថាបាន «រៀបផែនការគួរឲ្យភ្ញាក់ផ្អើលបំផុត»។
លោកបន្តថាអ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលត្រូវបានរាយការណ៍ថា មានអាយុជាង ២០ ឆ្នាំ ធ្លាប់ធ្វើជាអ្នកបើករថយន្តឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ ប៉ុន្តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប។
លោកបន្ថែមថា គម្រោងចាប់ជម្រិតធ្វើឡើងនៅថ្ងៃច័ន្ទ ដោយសារពួកគេងាយស្រួលចូលធនាគារដកលុយតាមមូលប្បទានប័ត្រ (សែក) ដែលពួកគេមានគម្រោងជំរិតពីក្រុមគ្រួសារជនរងគ្រោះ។
បើតាមលោក រ័ត្ន ស្រ៊ាង ជនល្មើសដាក់ផែនការភ្ជង់ម្ចាស់ផ្ទះឲ្យសរសេរសែកសាច់ប្រាក់ ១ លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូចរបស់ម្ចាស់ផ្ទះម្នាក់ឡើងរថយន្តទៅធនាគារ ដើម្បីដកប្រាក់។
ផែនការបន្ទាប់ ក្រោយពីដកលុយបាន ជនដៃដល់នឹងសម្លាប់ម្ចាស់ផ្ទះទាំង ២ នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ ៦ នាក់ និងអ្នកបម្រើ ២ នាក់ រួចប្លន់យកលុយនិងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់។
បន្ទាប់មកវេចខ្ចប់សាកសពដាក់ចូលរថយន្តម្ចាស់ផ្ទះ ២ គ្រឿង ហើយបើកយកសពទៅបោះចោលនៅជ្រោះពេជ្រនិល។
លោក រ័ត្ន ស្រ៊ាង បន្ថែមថា គម្រោងរបស់មេខ្លោង ក្រោយពេលប្លន់បានសម្រេច គឺនឹងទិញរថយន្តម៉ាកឡិចស៊ីស (Lexus LX570 Kuro) មួយគ្រឿង រួចរៀបការផងដែរ៕