ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​នយោបាយ​៤​ស្នើ​​រដ្ឋសភា​កុំ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ​លើក​ទី១០


តំណាងគណបក្សនយោបាយចំនួន៤ ដើរចេញពីរដ្ឋសភាបន្ទាប់ពីដាក់ញត្តិស្នើរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
តំណាងគណបក្សនយោបាយចំនួន៤ ដើរចេញពីរដ្ឋសភាបន្ទាប់ពីដាក់ញត្តិស្នើរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​នយោ​បាយ​ចំនួន​៤ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើរដ្ឋ​សភា​ឱ្យ​លុប​ចោលសេចក្តី​ព្រាងធម្មនុញ្ញ​លើក​ទី​១០ ដែលត្រូវ​បាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កក្កដា។ តំណាង​គណ​បក្ស​ទាំង​នោះ​ចាត់​ទុក​ការ​ធ្វើវិសោធនកម្ម​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​របប​សភា​និយម ដោយ​បន្ថយ​សិទ្ធិ​អំណាច​តំណាង​រាស្ត្រ និង​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​ភាគ​តិច​ក្នុង​សភា។

សេចក្តី​ព្រាងធម្មនុញ្ញ​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​គណៈ​កម្មការ​ជំនាញ​របស់​រដ្ឋសភា ​ដើម្បី​ត្រួត​ពិនិត្យ។ ការ​ស្នើ​របស់​គណបក្ស​នយោបាយ ស្រប​ពេល​ដែល​ស្ថាប័នរដ្ឋសភា​ត្រូវ​បាន​ដឹកនាំ​ដោយ​តំណាង​រាស្រ្ត​ទាំង​អស់​ចំនួន​១២៥​នាក់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​បច្ចុប្បន្ន។ ការ​អនុម័ត​ច្បាប់​នេះ​ត្រូវ​ការ​សំឡេង​ពីរ​ភាគ​បី។

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​វេលា​ម៉ោង​៩​និង​៤០​នាទី ​តំណាង​គណបក្ស​ចំនួន​៤ រួម​មាន​លោក​ ចេប​ គឹមអ៊ាង អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក យ៉េង​ វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក តុល ប្រាសាទ តំណាង​គណបក្ស​ឆន្ទៈ​ខ្មែ​រ និង​លោក ​ត្រាវ សុភី ​តំណាង​គណបក្ស​កែទម្រង់​កម្ពុជា បាន​នាំ​គ្នា​យក​ញត្តិរួម​មួយ​ច្បាប់​ដាក់​ទៅ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​រដ្ឋសភា​កុំអនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ។

គណ​បក្ស​ទាំ​ង​៤​បញ្ជាក់ក្នុង​ញត្តិ​រួម​នោះ​ថា ​ការ​ធ្វើ​វិសោ​ធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០​នេះ ធ្វើ​ឱ្យបន្ថយ​អំណាច​សភា​ជាតិ ដោយ​ផ្តល់​សិទ្ធិ​អំណាច​ទៅ​ឱ្យ​គណ​បក្ស​នយោបាយ ដែល​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​ដោយ​ផ្ទាល់​ថ្វាយទៅ​ព្រះ​មហា​ក្សត្រ​ក្នុង​ការ​ចាត់​តាំង​នាយក​រដ្ឋមន្ត្រី​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​របប​សភា​និយម​ ការ​បំបាត់​សំឡេង​គណបក្ស​ដែល​មាន​អាសនៈ​តិច​ក្នុង​សភា​ដោយ​មិន​គោរព​គោលការណ៍​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស និង​បន្ថយ​សិទ្ធិ​អំណាច​ និង​តួនាទី​អ្នក​តំណាង​រាស្ត្រ​ ដោយ​សារ​ការ​បង្កើន​ចំនួន​តំណាង​រាស្ត្រ​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​រាជ​រដ្ឋាភិបាល​ពី​៣០​នាក់​ ទៅ​មួយ​ភាគ​បី​ ឬ​ស្មើ​នឹង​សំឡេង​តំណាង​រាស្ត្រ​ចំនួន​៤២​នាក់។

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)
រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

លោក យ៉េង​ វីរៈ ប្រធាន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​មុខ​រដ្ឋសភា​ថា​ខ្លឹម​សារ​នៃ​ការ​កែ​ប្រែ​មាត្រា១១៩​ថ្មី​ គឺ​ជា​ការ​ផ្តល់​សិទិ្ធ​អំណាច​ឱ្យ​ទៅគណ​បក្ស​នយោបាយ​ខ្លាំង​ជាង​សភា​ ​និង​មាត្រា​៩៨​ថ្មី ដែល​គណបក្ស​មើល​ឃើញ​ថា​ជា​ការ​បន្ថយ​តួនាទី​តំណាង​រាស្រ្ត​ក្នុង​ការ​ធ្វើ​ញត្តិ​បន្ទោស​រដ្ឋាភិបាល ដែល​មិន​គួរឱ្យ​មាន​ការ​ធ្វើ​វិសោ​ធន​កម្ម​ច្បាប់នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «មាត្រា​១១៩​ថ្មី ដែល​កែ​ហ្នឹង​ទៅ​ជា​បើក​សិទ្ធិ​អំណាច​ដល់​គណបក្ស​នយោបាយ​ដែល​មិន​មែន​ជា​ស្ថាប័ន​នៅ​ក្នុង​សភា​ទេ​ [គឺ]​ជា​ស្ថាប័ន​ក្រៅ​សភា​ធ្វើ​សេចក្តី​ស្នើ​ដោយ​ផ្ទាល់​ថ្វាយ​ព្រះមហាក្សត្រ ​ទ្រង់​ចាត់​តាំង​នា​យក​រដ្ឋមន្ត្រី។ នៅ​ក្នុង​មាត្រាធម្មនុញ្ញ​នៅជា​ធរមាន​នេះ ជា​ពិសេស​វិសោធន​កម្ម​[លើក]​ទី​៩ ​ប្រធាន​រដ្ឋសភា​ដែល​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ ជា​អ្នក​ធ្វើ​សេចក្តី​ស្នើ​ព្រះ​មហាក្សត្រ​ក្នុង​ការ​តែង​តាំង​វរជន ដើម្បី​ឱ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ ប៉ុន្តែ​វិ​សោធនកម្ម​នេះ​ ​ទៅជា​បើក​សិទ្ធិ​អំណាច​ឱ្យ​គណបក្ស​នយោបាយ​ទៅ​វិញ។ អ៊ីចឹង​យើង​ឃើញ​ថា​ជា​ការ​បន្ថយ​តួនាទី​សភា»។

បើ​យោង​តាម​សេចក្តី​ព្រាង​ធម្មនុញ្ញ ត្រង់​មាត្រា​១១៩ ​អត្ថ​ន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឱ្យុ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា ​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឱ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេច​ក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋ​សភា។​

តំណាងគណបក្សនយោបាយចំនួន៤ ឈរនៅខាងមុខរដ្ឋសភា ដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីការដាក់ញត្តិស្នើរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)
តំណាងគណបក្សនយោបាយចំនួន៤ ឈរនៅខាងមុខរដ្ឋសភា ដើម្បីផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីការដាក់ញត្តិស្នើរដ្ឋសភាកុំអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញលើកទី១០ នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

បើ​តាម​លោក យ៉េង​ វីរៈ ញត្តិ​រួម​របស់​គណ​បក្ស​ទាំង​៤ គឺ​គណៈ​កម្មការ​ទី​១​នៃ​រដ្ឋសភា​ជា​អ្នក​ទទួល។

លោក សរ​ ចំរុង​ ប្រធាន​គណៈ​កម្មការ​ទី១​នៃ​រដ្ឋសភា ទទួលបន្ទុក​ ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យ​បណ្តឹង​ អង្កេត ​ទំនាក់​ទំនង​រដ្ឋសភា ព្រឹទ្ធ​សភា ប្រាប់​វីអូអេ​ថា ​លោក​កំពុង​ជាប់​បំពេញ​ភារកិច្ច​នៅ​តាម​ខេត្ត​ ដោយ​មិន​ទាន់​បាន​ពិនិត្យ​ញត្តិ​រួម​របស់​គណបក្ស​ទាំង​៤​ ដែល​ដាក់​មក​រដ្ឋសភា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា​ លោក​នឹង​ពិនិត្យ​ញត្តិ​នោះ​ ពេល​លោក​ត្រឡប់​មក​ពី​ការ​បំពេញ​ភារ​កិច្ច​តាម​ខេត្ត​វិញ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ប្រាប់​វីអូអេ​ថា​ការ​ធ្វើ​វិសោធន​កម្ម​លើក​ទី​១០​នេះ មិន​មាន​អ្នក​ណា ឬ​ស្ថាប័ន​ណា ដែល​មាន​សិទ្ធិ​ក្នុង​ការ​រារាំង​បាន​ឡើយ ព្រោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​វាយ​តម្លៃ និង​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​រួច​រាល់​ហើយ ដោយ​បញ្ជាក់​ថា​មិន​មាន​អ្វី​ប៉ះ​ពាល់​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​រាជា​និយម​អាស្រ័យ​រដ្ឋធម្ម​នុញ្ញ​ទេ។

លោក​ថ្លែង​ថា៖ ​«កុំ​ថា​ញត្តិ​មួយ​ គាត់​ដាក់​ញត្តិ​មួយ​បាវ ក៏​វា​អត់​មាន​អី​ដែរ​ អាហ្នឹង​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ​មិន​អាច​រារាំង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ហ្នឹង​បាន​ទេ»។

កាល​ពីថ្ងៃ​ទី​១៣ ខែ​កក្កដា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ដោយ​បញ្ជាក់​ថា​វិសោធនកម្ម​ដែល​សំដៅ​ធានា​នូវ​ដំណើរ​ការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ «អាច​ធ្វើ​ទៅ​បាន» ហើយ​ពុំ​មាន​ប៉ះពាល់​អ្វី​ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស និង​របប​រាជា​និយម។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ការពារ​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​នេះ។ លោក​ស្នើ​ឱ្យ​គណបក្ស​ទាំង​អស់​ទៅ​ស្តាប់​ការ​បក​ស្រាយ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក កើត រិទ្ធ ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​១៤ ខែ​កក្កដា មុន​នឹងទាម​ទារ ឬ​អត្ថាធិប្បាយ​អ្វី​មួយ។

លោក​បន្ថែម​ថា៖ «ហើយ​ជា​សំណូមពរ​របស់​ខ្ញុំ​មួយ​ទៀត​ ប្រសិន​បើ​ពួក​គាត់​មើល​ហើយ​នៅ​តែ​មិន​យល់​ទៀត ឬ​មួយ​គាត់​ស្តាប់​សន្និសីទ​សារ​ព័ត៌មាន​ដ៏​ក្បោះ​ក្បាយ​ច្បាស់​លាស់ នៅ​តែ​មិន​យល់​ទៀត សុំ​ឱ្យ​ពួក​គាត់​សួរ មិន​យល់​កន្លែង​ណា មិន​ច្បាស់​កន្លែង​ណា​ឱ្យ​គាត់​សួរ​ជា​ជា​ង​ការ​ធ្វើ​ការ​អត្ថាធិប្បាយ​ទាំង​មិន​យល់។ ឱ្យ​គាត់​សួរ​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​ច្បាប់ ពីព្រោះ​ពួក​គាត់​គ្មាន​ជំនាញ​ផ្នែក​ច្បាប់​ទេ»។

កាល​ពី​សប្តាហ៍​មុន រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ថ្លែង​ថា​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ណា ក៏​មាន​ការ​កែ​ប្រែ​ដែរ ដើម្បី​ធានា​កុំ​ឱ្យ​មាន​ការ​ជាប់​គាំង​ក្នុង​កិច្ច​ដំណើរ​ការ​របស់​ស្ថាប័ន​ជាតិ និងបំពេញ​ចន្លោះ​ខ្វះ​ខាត​នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ៕

XS
SM
MD
LG