ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គ​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​គាំទ្រ​សំណើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ បើ​ទោះ​មាន​ការ​រិះគន់


រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

បើ​ទោះ​មាន​ការ​រិះគន់ និង​បារម្ភ​អំពី​ការ​ស្នើ​កែ​ប្រែ​រដ្ឋ​ធម្មនុញ្ញ​នា​ពេល​នេះ អង្គ​សន្និបា​ត​វិសាមញ្ញ​របស់គណបក្ស​ប្រជា​ជន​កម្ពុជា បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង​លើ​សំណើ​វិសោធន​កម្ម​លើក​ទី​១០​នេះ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ដោយ​រដ្ឋ​សភា​ដែល​ដឹកនាំ​ទាំង​ស្រុង​ដោយ​គណបក្ស​កាន់​អំណាច។

ការ​ប្រកាសនេះ​ធ្វើ​ឡើង​នៅ​ក្នុង​អង្គ​សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាលគណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​នៅទីស្នាក់ការ​កណ្តាល​គណបក្ស ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១៦ និង​១៧ ខែ​កក្កដា ឆ្នាំ​២០២២។

សេចក្តី​ជូន​ដំណឹង​ពី​លទ្ធផល​នៃ​សន្និបាត​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ ឲ្យ​ដឹង​ក្នុង​សំណេរ​ដើម​ថា៖ «អង្គ​សន្និបាត​គាំទ្រ​ទាំងស្រុងលើ​សំណើ​វិសោធនកម្ម​លើក​ទី​១០​ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ សំដៅ​បម្រើ​ឧត្តម​ប្រយោជន៍​របស់​ជាតិ​ គឺ (ទី១)ការ​ធានា​ឲ្យ​ស្ថាប័ន​កំពូល​របស់​ជាតិ​ ជា​ពិសេស​អំណាច​នីតិប្រតិបត្តិ​ដែល​មាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ដឹកនាំ​ការងារ​ទូទៅ​របស់​រដ្ឋ​មាន​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​និង​ប្រកប​ដោយ​និរន្តភាព​នៅ​គ្រប់​កាលៈ​ទេសៈ និង​(ទី២)​ការ​ធានា​ការពារ​ និង​ថែរក្សា​ឲ្យ​បាន​សន្តិភាព​ សណ្តាប់​ធ្នាប់​សាធារ​ណៈ និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ជាតិ​នៅ​គ្រប់​កាលៈ​ទេសៈ»។

ការ​ស្នើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ចុង​ក្រោយ​បង្អស់​នេះ ក៏​រង​ការ​រិះគន់​ផង​ដែរ ដោយ​សារ​វា​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​រដ្ឋសភា​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​ឯក​បក្ស។ អត្ថន័យ​មួយ​ចំនួន​ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​ធ្វើ​ឲ្យ​អំណាច​រដ្ឋសភា​ចុះ​ខ្សោយ​ផង​ដែរ។

អ្នក​ស្រាវជ្រា​វនៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិ​ភាព លោក វណ្ណ ប៊ុនណា ប្រាប់​វីអូអេ​ថា​ សំណើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ​ធ្វើ​ឲ្យ​មាន​«ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ» ខណៈ​មាន​ការបំពេញ​បន្ថែម​លើ​មាត្រា​មួយ​ចំនួន​ដែល​នៅ​មាន​ចន្លោះ​ប្រហោង។ ប៉ុន្តែ​លោក​មើល​ឃើញ​ថា ​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ត្រង់​ចំណុច​មួយ​ចំនួន មាន​បង្កប់​«ចេតនា​នយោបាយ»ផង​ដែរ។

លោក​ថ្លែង​ថា៖ «ផល​អវិជ្ជមាន​ ខ្ញុំ​មើល​ឃើញ​ទាក់ទង​នឹង​ការ​រឹត​ត្បិត​ផ្នែក​អំណាច​របស់​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ ហើយ​និង​ទាក់ទង​នឹង​ការ​លើក​តួនាទី​របស់​គណបក្ស​ជា​ជាង​អំណាច​របស់​សភា»។

បើ​យោង​តាម​សេចក្តី​ព្រាង​ធម្មនុញ្ញ ត្រង់​មាត្រា​ ១១៩ អត្ថន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឲ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា​ តាម​សេចក្តី​ស្នើ​ពី​គណ​បក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះម​ហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋ​មន្ត្រី​ ឲ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋសភា។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​វីដេអូ​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ និយាយ​ថា ​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រញាប់​ជំរុញវិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ គឺ​ដោយ​សារ​តែ​លោក​ ហ៊ុន សែន​ កាន់​តែ​មាន​វ័យ​ចំណា​ស់ មាន​ការ​មិន​ពេញ​ចិត្ត​មក​លើ​លោក​ ហ៊ុន សែន នៅ​ក្នុង​ជួរ​គណ​បក្ស​ប្រជាជន​កម្ពុជា និង​វត្តមាន​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ភ្លើង​ទៀន​នៅ​ក្នុង​រដ្ឋសភា នា​ពេល​ខាង​មុខ។

លោក​បន្ថែម​ថា​ វិសោធន​កម្ម​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ហ៊ុន សែន អាច​ស្នើ​វរជន​ជា​នាយករដ្ឋមន្ត្រី​ជំនួស​រូប​លោក ដោយ​មិន​មាន​ការ​ឆ្លង​កាត់​រដ្ឋសភា នៅ​ពេល​ណា​មួយ​ដែល​លោក​ចង់​លា​លែង​ពី​តំណែង។

លោក សម រង្ស៊ី ថ្លែង​ថា៖ «បំណង​ហ៊ុន សែន ចង់​ធ្វើ​ថៅកែ ផ្ទេរ​តំណែង​ថៅកែ​ឲ្យ​កូន​គាត់​ឲ្យ​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​ចិត្ត អ៊ីចឹង​ហើយ​បាន​គាត់​ថា​ទេ ឥឡូវ​សុំ​កែ ឲ្យ​តែ​គណបក្ស​ណា​ដែល​មាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ ស្នើ​ទៅ​ព្រះមហាក្សត្រ អត់​មាន​ឆ្លង​រដ្ឋសភា»។

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន​ថា​ការ​ស្នើ​កែ​ប្រែ​នេះ គឺដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ។

អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​បាន​ទទួល​សំណើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ កាល​ពី​សប្តាហ៍​មុន និង​កំពុង​ដាក់​បញ្ជូនសំណើ​នេះ​ទៅ​ក្នុង​សម័យ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ទី១៩​ ខែ​កក្កដា ឆ្នាំ​២០២២។

លោក​ថ្លែង​ថា៖ «ខាង​រដ្ឋសភា​គឺ​ថា នឹង​ពិនិត្យ​មើល​នៅ​ថ្ងៃ​ស្អែក​ហ្នឹង។ ហើយ​នឹង​បញ្ជូន​ទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ​សិក្សា​ស្រាវ​ជ្រាវ»។

គួរ​បញ្ជាក់​ថា ​មាត្រា​ដែល​ត្រូវ​ធ្វើ​វិសោធន​កម្ម​ចុង​ក្រោយ​នេះ​ រួម​មាន​មាត្រា​១៩ ថ្មី(មួយ) មាត្រា​ ៨៩ មាត្រា​ ៩៨ ​ថ្មី មាត្រា​១០២​ ថ្មី ​មាត្រា​១១៩​ ថ្មី​(មួយ) និង​មាត្រា​ ១២៥​ ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រសួង​យុត្តិធម៌។

សេចក្តី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​ក៏​រួម​ទាំង​មាត្រា​ថ្មី​ពីរ​ទៀត គឺ​មាត្រា​ ៣​ថ្មី និង​មាត្រា​ ៤​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម។ ការ​ស្នើ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​លើក​ទី​១០​នេះ ដែល​ត្រូវ​បាន​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២២​ នាំ​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​ថា​តើ​ការ​កែ​ប្រែ​ច្បាប់​កំពូល​របស់​ជាតិ​នេះ​បម្រើឧត្តម​ប្រយោជន៍​ជាតិ​ដែរ​ឬ​ទេ ហើយ​ថា​តើ​មាន​ភាព​ចាំ​បាច់​កម្រិត​ណា ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​វិសោធន​កម្ម​នេះ៕

XS
SM
MD
LG