ក្រុមអង្គការសង្គមស៊ីវិលចំនួន៤ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធមិនព្រមកែរបាយការណ៍របស់ខ្លួនចំនួន៣ តាមការទាមទាររបស់សមាគមហិរញ្ញវត្ថុចំនួន២ នៅកម្ពុជានោះទេ។
ការបដិសេធនេះធ្វើឡើង ក្រោយពីសមាគមមីក្រូហិរញ្ញវត្តុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា បានចេញផ្សាយលិខិតចំហមួយច្បាប់តាមទំព័រហ្វេសប៊ុក និងបញ្ជូនទៅអង្គការទាំងនេះ ទាមទារឲ្យក្រុមអង្គការក្រៅរដ្ឋាភិបាលទាំងនេះ កែប្រែរបាយការណ៍ទាំងបីរបស់ពួកគេ ដោយលើកឡើងថា របាយការណ៍ទាំងនេះ «មិនពិត»។
លិខិតឆ្លើយតបរួមគ្នា ចុះថ្ងៃទី១៦ ខែកក្កដានេះរបស់អង្គការទាំង៤ ដែលរួមមានអង្គការលីកាដូ សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) និងសមាគមធាងត្នោត បានសរសេរថា៖
«ព័ត៌មាន និងរឿងរ៉ាវរបស់បុគ្គលនៅក្នុងរបាយការណ៍ ដែលបានចុះផ្សាយទាំងនេះ គឺនៅតែមានភាពច្បាស់លាស់ត្រឹមត្រូវដដែល ដោយមិនអាចកែប្រែបាន»។
លិខិតដែលចុះហត្ថលេខា ដោយតំណាងអង្គការសង្គមស៊ីវិលទាំង៤ ផ្ញើជូនប្រធានសមាគមទាំង២ ដែលតំណាងឲ្យគ្រឹះស្ថានហិរញ្ញវត្ថុឯកជន នៅទូទាំងប្រទេស បានបន្ថែមថា៖
«យើងខ្ញុំសូមលើកទឹកចិត្តសមាគមមីក្រូហិរញ្ញវត្ថុនិងសមាគមធនាគារនៅកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ឲ្យអានរបាយការណ៍ទាំងនេះឲ្យបានលម្អិត ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីគោលបំណង វិធីសាស្ត្រ និងការរកឃើញផ្សេងៗនៅក្នុងរបាយការណ៍»។
របាយការណ៍ទាំង៣រ បស់ក្រុមអង្គការសង្គមស៊ីវិលទាំង៤ មានចំណងជើងថា «ការនាំឲ្យមានចំណាកស្រុក» ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដោយអង្គការលីកាដូ និង «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ដោយអង្គការលីកាដូ និងសមាគមធាងត្នោត ហើយនិងរបាយការណ៍ «ធ្វើការរហូតជំពាក់បំណុលវ័ណ្ឌក» ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយអង្គការលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជា៕