សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញលិខិតចំហមួយទៅកាន់អង្គការសង្គមស៊ីវិលចំនួន៤ ដោយស្នើឲ្យកែតម្រូវរបាយការណ៍ចេញផ្សាយកាលពីកន្លងទៅ ទាក់ទងនឹងការខ្ចីបុលដោយលើកឡើងថា របាយការណ៍ទាំងនោះ «សរសេរផ្ទុយពីការណ៍ពិត»។
អង្គការទាំងនោះរួមមានអង្គការលីកាដូ សម្ព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) និងសមាគមធាងត្នោត។ របាយការណ៍ទាំងនោះមានចំនួន៣ ដែល ២ ចេញផ្សាយកាលពីខែឧសភា និងខែមិថុនាឆ្នាំនេះ ទាក់ទងនឹង «ការនាំឲ្យមានចំណាកស្រុក» និង «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក»។ ចំណែករបាយការណ៍មួយទៀតទាក់ទងនឹង «ការធ្វើឲ្យខូចខាតទ្រព្យដាក់បញ្ចាំ» ដែលចេញកាលពីខែសីហាឆ្នាំ២០១៩។
លិខិតចំហចុះហត្ថលេខាដោយលោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជានិងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងលោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សមាគមលើកឡើងថា អង្គការនិងសហជីពទាំង ៤ នោះបានចេញផ្សាយ «របាយការណ៍មិនពិតជាបន្តបន្ទាប់»។
សមាគមដែលមានសមាជិកជាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានចាត់ទុករបាយការណ៍ទាំងនោះ «គ្មានមូលដ្ឋានវិទ្យាសាស្រ្តខ្វះតម្លាភាពជាពិសេសមិនដែលបានសាកសួរ ឬពិភាក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ»។ ពួកគេបញ្ជាក់ថា ការផ្សាយរបាយការណ៍នេះបានផ្តល់ឱកាសដល់ «ជនខិលខូចមួយចំនួន» យកទៅផ្សព្វផ្សាយ «ក្នុងចេតនាញុះញង់បង្កចលាចលដល់សង្គមជាតិ» និងធ្វើឲ្យខូចកិត្តិយសគ្រឹះស្ថានហិរញ្ញវត្ថុ។
លិខិតនេះបញ្ជាក់ថា៖ «អាស្រ័យហេតុនេះ សមាគមយើងខ្ញុំសូមស្នើឲ្យអង្គការសង្គមស៊ីវិលខាងលើធ្វើការកែតម្រូវចំពោះអត្ថបទ ដែលជាការសន្មតផ្ទាល់ខ្លួន និងសរសេរផ្ទុយពីការណ៍ពិតនេះឲ្យបានឆាប់រហ័សបំផុត»។
ប៉ុន្តែលិខិតចំហនេះមិនបានបញ្ជាក់ថា តើចំណុចអ្វីដែលត្រូវកែតម្រូវនោះទេ ជាពិសេសទាក់ទងនឹងរបាយការណ៍ចុងក្រោយរបស់អង្គការសង្គមស៊ីវិល។
កាលពីចុងខែមិថុនា អង្គការសង្គមស៊ីវិលចំនួន៣ គឺអង្គការលីកាដូ អង្គការសង់ត្រាល់ និងសម្ព័ន្ធសហជីពកម្ពុជា បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលសិក្សាអំពីបំណុលរបស់កម្មករក្នុងវិស័យកាត់ដេរបង្ហាញអំពី «ភាពជំពាក់បំណុលច្រើនលើសលប់» ក្នុងវិស័យនេះ ដែលអាចនាំឲ្យកម្មករបង្ខំចិត្តលក់ដីផ្ទះសម្បែងទ្រព្យសម្បត្តិ និងខ្ចីគេបន្ថែមទៀត ដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ។
របាយការណ៍ដែលមានចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» ត្រូវបានអង្គការសង្គមស៊ីវិលចងក្រងដោយសម្ភាសកម្មករកាត់ដេរចំនួន ១៦២ នាក់ ភាគច្រើនជាស្រ្តី នៅចន្លោះពីខែមីនាដល់ខែឧសភា ឆ្នាំ២០២០។រ បាយការណ៍ចុងក្រោយនេះនាំឲ្យមានប្រតិកម្មពីធនាគារអេស៊ីលីដាផងដែរ ដោយសាររបាយការណ៍នេះបានដកស្រង់សម្តីរបស់អ្នកជំពាក់ប្រាក់ធនាគារអេស៊ីលីដា។
ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា កន្លងទៅ អង្គការទាំងនោះមិនបានឆ្លើយតបនឹងការរកឃើញភាពមិនប្រក្រតីនៅក្នុងរបាយការណ៍របស់ពួកគេ ទាក់ទងនឹងចំណាកស្រុកក្នុងខេត្តបន្ទាយមានជ័យ ដែលសមាគមមីក្រូហិរញ្ញវត្ថុរកឃើញថា ខុសការណ៍ពិតនោះទេ។
លោកមានប្រសាសន៍ថា៖ «មែនទែនទៅលិខិតនេះ យើងផ្ញើជូនគាត់ដោយសារកន្លងទៅ យើងធ្លាប់ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងភាពមិនប្រក្រតី ដែលយើងរកឃើញកន្លងមក ប៉ុន្តែវាអត់ទាន់មានឃើញការឆ្លើយតបពីគាត់។ អ៊ីចឹងយើងដាក់លិខិតមួយទៀតបន្ថែមផ្ទាល់ទៅគាត់ហ្នឹង ដើម្បីសុំឲ្យគាត់កែតម្រូវ ដោយសារយើងរកឃើញរបាយការណ៍របស់គាត់មួយ ទាក់ទងនឹងចំណាកស្រុកនិងមីក្រូហិរញ្ញវត្ថុហ្នឹង គឺវាមានភាពខុសឆ្គង គឺយើងចាប់ភស្តុតាងបាន។ យើងរកឃើញអ្វីដែលគាត់រកឃើញហ្នឹងវាខុស»។
ភាពមិនប្រក្រតីនោះមានការសម្ភាសអ្នកជំពាក់ប្រាក់ពីរនាក់ដែលម្នាក់ឈ្មោះ ខុន រ៉េត និយាយថា មិនដែលខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុណាមួយឡើយ ហើយការរស់នៅរបស់គាត់មានភាពល្អប្រសើរឆ្ងាយ ខុសពីអ្វីដែលបានរកឃើញនៅក្នុងរបាយការណ៍។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមនេះចុះថ្ងៃទី៣ខែមិថុនា។ ចំណែកម្នាក់ទៀតជំពាក់បំណុលគេចំនួន ១១ ម៉ឺនបាត (ប្រមាណ១៤៣០ម៉ឺនរៀល) ដែលក្នុងនោះកម្ចីពីអ្នកចងការប្រាក់ឯកជនចំនួន ៩ម៉ឺនបាត (ប្រមាណ១១៧០ម៉ឺនរៀល ហើយកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ២ម៉ឺនបាត (ប្រមាណ២៦០ម៉ឺនរៀល) តែប៉ុណ្ណោះ។
សមាគមមីក្រូហិរញ្ញវត្ថុបញ្ជាក់ថា នេះជាកម្ចីក្រុមដែលមិនមានដាក់ទ្រព្ យឬប្លង់ធានាអ្វីទាំងអស់ ហើយដូច្នេះការចោទប្រកាន់ថាបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យមានការចំណាកស្រុក គឺជា«រឿងមិនត្រឹមត្រូវនិងមិនអាចទទួលយកបាន»។
ប៉ុន្តែលោក កាំង តុងងី មិនទាន់អាចបញ្ជាក់ តើនឹងមានចំណាត់ការអ្វីបន្តទៀតនោះទេ ប្រសិនបើមិនមានការកែតម្រូវពីអង្គការទាំងនោះ។ លោកបន្ថែមថា៖ «យើងអត់ទាន់ហ៊ានសន្និដ្ឋានថា តើយើងនឹងធ្វើម៉េច ដោយសារយើងចាំមើលគាត់សិន។ ហើយបើសិនអត់កែតម្រូវទេ យើងនឹងជជែកគ្នានៅក្នុងផ្ទៃក្នុងនៅក្នុងវិស័យទាំងមូលថា តើយើងគួរតែធ្វើអី»។
នៅពេលសួរថា តើនឹងមានការប្តឹងទៅតុលាការឬយ៉ាងណា ប្រសិនបើពុំមានការកែតម្រូវ លោក កាំង តុងងី បញ្ជាក់ថា៖ «យើងមិនទាន់មើលទៅលើជម្រើសនេះនៅឡើយទេ»។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជាបានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា អង្គការនេះបានទទួលលិខិតចំហនេះ។ លោកបញ្ជាក់ថា អង្គការទាំង ៤ នៅតែកាន់ជំហរថា របាយការណ៍របស់ខ្លួនត្រឹមត្រូវ ហើយធ្វើឡើងដោយស្មោះត្រង់។
លោកថ្លែងប្រាប់ VOA ថា៖ «អង្គការទាំង៤ យើងប្រកាន់ជំហរនៃការស្រាវជ្រាវរបស់យើង ហើយនេះមិនមែនតែអង្គការទាំង ៤ នេះទេ ដែលបានពិនិត្យទៅលើស្ថានភាពសិទ្ធិមនុស្សនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនេះ សូម្បីអ្នកសារព័ត៌មានឯករាជ្យជាច្រើន ក៏បានចុះទៅធ្វើការយកព័ត៌មាន ទាក់ទងក្នុងវិស័យនេះដូចគ្នាផងដែរ»។
លោកបន្ថែមថា៖ «ហើយអ្វីដែលយើងបានធ្វើជាឯកសារកន្លងមកនេះ គឺជាការរាយការណ៍ដោយពិតប្រាកដ និងស្មោះត្រង់ និងត្រឹមត្រូវ»។
របាយការណ៍ចុងក្រោយរបស់អង្គការសង្គមស៊ីវិលស្តីពីបំណុលក្នុងវិស័យកាត់ដេរ ឲ្យដឹងថា កម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់ក្នុងប្រទេសកម្ពុជា នឹងជួបការលំបាកជាខ្លាំងក្នុងការសងបំណុលមីក្រូហិរញ្ញវត្ថុ នៅពេលដែលពួកគាត់ត្រូវបានបញ្ឈប់ពីការងារ ហើយរោងចក្រដែលពួកគាត់ធ្វើការត្រូវផ្អាកដំណើរការដោយសារបញ្ហាជំងឺកូវីដ១៩។
របាយការណ៍បញ្ជាក់ថា៖ «បញ្ហានេះបង្កើតឲ្យមានវិបត្តិរំលោភសិទ្ធិមនុស្សជាច្រើន ដែលនាំឲ្យពួកគាត់ជួបការលំបាកខ្លាំងក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ និងធ្វើឲ្យការកាន់កាប់ដីធ្លីរបស់ពួកគាត់ ត្រូវរងសម្ពាធយ៉ាងខ្លាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»៕