ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​​ចំនួន​៤​​ទៀត


យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)
យុវតី​៣នាក់​ពាក់ម៉ាស់​ ​នៅច្រាំង​ទន្លេ​ចតុមុខ ខាង​មុខ​ព្រះបរមរាជវាំង​នៅ​ខាងមុខ​ព្រះបរមរាជវាំង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២០ ខណៈដែល​វីរុស ​Covid-19 កំពុង​ផ្ទុះ​ជុំវិញពិភពលោក។ (ទុំ ម្លិះ/VOA)

គិតត្រឹម​ម៉ោង​១១​អាធ្រាត្រ​ថ្ងៃ​ទី​១៥ ខែ​មីនា​ នេះ កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​១៩​ថ្មី​ចំនួន​៤​ថែម​ទៀត។ នេះ​បើយោង​តាម​សេចក្ដីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដែល​VOA​ទទួល​បាន។

ក្នុង​ចំណោម​នោះ ពីរ​នាក់​គឺ​ជា​ជនជាតិ​ខ្មែរ​ឥស្លាម​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ដែល​ម្នាក់​មានអាយុ​៣៥​ឆ្នាំនិង​ម្នាក់​ទៀត​មាន​អាយុ​៣៩​ឆ្នាំ។ ពួកគេ​ទាំងពីរ​ត្រូវ​បាន​រាយការណ៍​ថា ទើប​តែ​ត្រឡប់​មក​ពី​ចូលរួម​ក្នុង​ពិធី​សាសនា​នៅ​ជិត​ទីក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​៣ ខែ​មីនា កន្លង​ទៅ​នេះ ដែល​មាន​អ្នក​ចូលរួម​ឆ្លង​វីរុស​កូវីដ១៩​នេះ។ អ្នក​ជំងឺ​ទាំងពីរ​នាក់កំពុង​រង់ចាំ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះវិហារ។ នេះ​បើ​តាម​សេចក្ដីជូន​ព័ត៌មាន​ដដែល​នេះ។

សេចក្ដីជូន​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ឆ្លង​វីរុស​កូវីដ​១៩​មា្នក់​ទៀត​គឺ​ជា​បុរស​ជនជាតិ​ខ្មែរ ដែលទើប​តែ​ត្រឡប់​មក​ពី​ប្រទេស​បារាំង​វិញ ហើយ​ឥឡូវ​នេះ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

អ្នក​ឆ្លង​ទី​បួន​គឺ​ជា​ទារក​ដែល​មាន​អាយុ​៤ខែ ដែល​ជា​កូន​របស់​បុរស​ជនជាតិ​បារាំង​វ័យ​៣៥​ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូវីដ​១៩​កាល​ពី​មុន ប៉ុន្តែ​ម្ដាយ​របស់​ទារក​នេះ​មិន​មាន​ផ្ទុក​វីរុស​កូវីដ​១៩​នោះ​ទេ​។ បច្ចុប្បន្ន​នេះ ទារក​នេះ​កំពុង​រង់ចាំ​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ នេះ​បើ​យោង​តាម​សេចក្ដីជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​។

ឥឡូវ​នេះ អ្នក​ឆ្លង​វីរុស​កូវីដ​១៩​នេះ​មាន​ចំនួន​ជាង​១សែន​៥ម៉ឺន​៦​ពាន់​នាក់ និង​មាន​អ្នក​ស្លាប់​ចំនួន​ជាង​៥.៨០០​នាក់​នៅ​ទូទាំង​សាកលលោក​៕

XS
SM
MD
LG