ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​អ៊ីស្រាអែល​៤​នាក់​បាន​ស្លាប់​និង​១៥​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​នៅ​​ហ៊្សេរុយសាឡិម


ក្រុមការងារ​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​នៅ​កន្លែង​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​ឡាន​ដឹកទំនិញ កាល​ពី​ថ្ងៃទី​៨ ខែ​មករា។
ក្រុមការងារ​ជួយ​សង្គ្រោះ​អ៊ីស្រាអែល​នៅ​កន្លែង​ដែល​មាន​ការ​វាយ​ប្រហារ​ដោយ​ឡាន​ដឹកទំនិញ កាល​ពី​ថ្ងៃទី​៨ ខែ​មករា។

ប៉ូលិស​អ៊ីស្រាអែល​និយាយ​ថា រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​មួយ​គ្រឿង​ដែល​បើកបរ​ដោយ​ជនជាតិ​ប៉ាលេស្ទីន​ម្នាក់​បាន​បើក​ទៅ​បុក​ទាហាន​អ៊ីស្រាអែល​មួយ​ក្រុម​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​ចេតនា​មួយ។ ហេតុការណ៍​វាយប្រហារ​នោះ​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​៤​នាក់​ និង​របួស​១៥​នាក់​ទៀត ដែល​ម្នាក់​ក្នុង​ចំណោម​នោះ​រង​របួស​ធ្ងន់។

អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​បាន​និយាយ​តាម​វិទ្យុ​អ៊ីស្រាអែល​ថា៖ «ហេតុការណ៍​វាយ​ប្រហារ​ដោយ​បុក​សម្លាប់​នោះ គឺ​ជា​អំពើ​ភេរវកម្ម»។

អាជ្ញាធរ​បាន​និយាយ​ថា ទាហាន​បាន​នាំ​គ្នា​ចុះ​ពី​លើ​រថយន្ត​ក្រុង​មួយ​គ្រឿង​នៅ​ឯ​រមណីយដ្ឋាន ​Armon Hanatziv ​ដើម្បីទស្សនា​ទីក្រុង​ហ៊្សេរុយសាឡិម (Jerusalem) ដែល​ឡោមព័ទ្ធ​ដោយ​ជញ្ជាំង ខណៈ​នោះ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​នោះបាន​បើក​សំដៅ​ទៅ​បុក​ទាហាន​ទាំង​នោះ​តែ​ម្តង។

អាជ្ញាធរបាន​និយាយ​ថា ពួក​គេ​បាន​បាញ់​សម្លាប់​អ្នក​បើក​បរ​រថយន្ត​ម្នាក់​នោះ​ហើយ។ អាជ្ញាធរ​ប៉ាលេស្ទីន​បាន​កំណត់​អត្តសញ្ញាណ​ជន​ដៃ​ដល់​ម្នាក់​នោះ​ថា​ ជា​អ្នក​រស់​នៅ​ក្នុង​តំបន់ ​Jabal Mukaber ​ដែល​ស្ថិត​នៅ​ជិត​កន្លែង​វាយប្រហារ​នោះ។ ​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក ​Benjamin Netanyahu ​បាន​មាន​ប្រសាសន៍​ថា មាន​សូចនាករ​បង្ហាញ​ថា អ្នក​វាយប្រហារ​ម្នាក់​នោះ​គឺ​ជា​អ្នកគាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម។
ទាហាន​ទាំង​៤​នាក់​ដែល​ត្រូវ​បាន​សម្លាប់​នោះ​ស្ថិត​ក្នុង​វ័យ​២០​ឆ្នាំ​ជាង ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​និង​បុរស​ម្នាក់។

ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្កោលទោស​ការវាយប្រហារ​នោះ​យ៉ាង​ធ្ងន់ធ្ងរ៕

XS
SM
MD
LG