ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូ​បង្រៀន​​៤រូប​ក្នុង​ខេត្ត​សៀមរាប ​​ដែល​ជា​អតីត​មន្រ្តី​បក្ស​ជំទាស់​ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​ក្រសួង​អបរំ


ក្រសួង​អប់រំ​យុវជន និង​កីឡា កសាង​ និង​អភិវឌ្ឍ​ធនធាន​មនុស្ស​ ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ជា​មូលដ្ឋាន​នៅ​កម្ពុជា (ស៊ូ ពិសែន/ VOA)

គ្រូ​បង្រៀន​​បួន​រូប​​ដែល​ជា​អតីត​​មន្រ្តី​​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​​បាន​ក្រសួង​អប់រំ​ចេញ​ប្រកាស​លុប​ឈ្មោះ​ចេញ​​ពី​ក្រប​ខណ្ឌ​ក្រសួង ​ហើយ​ពួកគាត់​អះអាង​ថា វា​គឺ​ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​ឡើង​​ដោយ​សារ​ហេតុផល​​នយោបាយ។

គ្រូ​បង្រៀន​៤រូប​នៅ​ខេត្ត​សៀមរាបត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​ដោយ​បញ្ជាក់​ថា​ គ្រូ​បង្រៀន​ទាំង​៤​រូប​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​ ​នេះ​បើ​យោង​តាម​លិខិត​បួន​ដាច់​ដោយ​ឡែក​ពីគ្នា ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ។​

យ៉ាង​ណា​ក៏​ដោយ​ ​ក្រុម​គ្រូ​បង្រៀន​ទាំង​៤រូបបាន​បញ្ជាក់​ប្រាប់​ VOA​ ​ថា​ ​ការ​លុប​នេះ​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ ​ដោយ​សារពួក​គេ​ជា​អតីត​ក្រុម​ប្រឹក្សាខេត្ត​មកពី​គណ​បក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង។​

លិខិត​ចំនួន​៤ ​ដែល​ចេញ​កាលពី​ថ្ងៃទី​៣០​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​ដោយ​លោក​ ​ហង់ ជួនណារ៉ុន​ ​រដ្ឋម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ហើយដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ​ ​បាន​ប្រកាស​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ក្នុង​ខេត្ត​សៀម​រាប​ចំនួន​៤​រូប​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ​ចាប់ពី​ថ្ងៃ​ទី១​ ខែ​មករា​ ​ឆ្នាំ​២០១៨។​

បុគ្គលិក​ក្រសួង​អប់រំ​ទាំង​បួន​នេះ​មាន​ឈ្មោះ​ ​លោក​ ពៀត ម៉ាប់​ ​បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ​ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប​ ​លោក​ ​ច័ន្ទ សុភា​ ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស លោក​ ​ហុង សុជា​ ​បម្រើ​ការងារ​នៅ​សាលា​បឋម​សិក្សា​ ហ៊ុន សែន​ ​តាពេញ​ ​និង​លោក​ ​មុត ផល្លា​ បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប។​

លោក ​ពៀត ម៉ាប់​ ​គ្រូ​ង្រៀននៅ​សាលា​គរុកោសល្យ​ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប​ ​ដែល​ត្រូវ​បាន​ក្រសួងលុប​ឈ្មោះ​ចេញពី​ក្របខណ្ឌ​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះថា​ ​ការ​ប្រកាស​លុប​ឈ្មោះ​លោក​ ​និង​គ្រូ​បង្រៀន​៣រូប​ផ្សេង​ទៀត​ ដែលសុទ្ធ​តែ​ជា​អតីតមន្រ្តី​របស់​គណបក្ស​សង្គ្រោះជាតិគឺ​ជា​រឿង​អយុត្តិធម៌ ​និង​ជា​ការ​ធ្វើ​ឡើងដោយ​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំនៅ​តែ​ចាត់​ទុក​ថា ​វា​អយុត្តិធម៌​ ​ហើយ​នេះជា​ចេតនា​នយោបាយ។​ ​បើ​និយាយ​ពីលក្ខន្តិកៈ​មន្រ្តី​រាជការ​ក៏ត្រូវ​មាន​ការ​ព្រមាន​ស្តី​បន្ទោស​ដែរ​ ​ព្រោះ​អានេះ​ជា​ក្រប​ខណ្ឌ​ដែល​កើត​ដោយសារ​ការខិត​ខំរៀន​សូត្រ​ ​ហើយ​ប្រឡង​ ​ហើយ​ទៅ​ធ្វើ​ការងារ។​ ​អីចឹង បើ​និយាយ​ពី​តាម​អាហ្នឹង​ វា​អត់​មានស្អី​ ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ការ​លុប​ទេ​ យ៉ាង​ច្រើន​ស្តី​បន្ទោស ​ឬ​ដក​ ផ្លាស់ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ហ្នឹង។​ បើ​ថា​ ខ្ញុំខុស។ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា​ ខ្ញុំ​អត់​មាន​រឿង​អី​ដែល​ខុសទេ»។​

លោក​ ​ពៀត ម៉ាប់​ ​បន្ថែមថា​ ​លោកចាប់​ផ្តើម​បង្រៀន​តាំង​ពី​ឆ្នាំ​១៩៩២​រហូត​ដល់​ឆ្នាំ​២០០៩។​ ​នៅពេល​លោក​ជាប់ជា​ក្រុម​ប្រឹក្សា​ខណ្ឌគណបក្ស​ប្រឆាំង​ ​លោកបាន​ដាក់​ពាក្យស្នើទៅ​មន្ទីរ​ ​និង​ក្រសួង​អប់រំ​ដើម្បី​បម្រើការក្រៅ​ក្របខណ្ឌ​ដើម​ ហើយ​ថា​ ​ក្រសួង​បាន​យល់​ព្រម​អនុញ្ញាត​តាម​ការ​ស្នើរបស់លោក សុំ​បម្រើ​ការ​ក្រៅ​ក្រប​ខណ្ឌ​ដើម​ ​រហូត​ដល់​ឆ្នាំ​២០១៩។​ ​លោក​បន្ថែម​ថា ​ក្រោយ​ពេល​តុលាការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​លោក​ក៏​បាន​ស្នើ​សុំ​បម្រើ​ការងារ​ជា​គ្រូ​វិញ ​តែ​ត្រូវ​បាន​ខាង​មន្ទីរ​ប្រាប់​ឲ្យ​រង់​ចាំ​រហូត​មាន​ប្រកាស​ពីខាង​ក្រសួង​ជាមុន។​ ​ប៉ុន្តែ​លោក​ថា​ ​ក្រសួង​បាន​ចេញ​ប្រកាស​លុប​ឈ្មោះ​លោក​ចេញ​ពី​ក្រប​ខណ្ឌ​ ​ដោយ​មិន​មាន​ការសួរ​នាំ​ណា​មួយ​នោះ​ទេ។​

ស្រដៀង​គ្នា​នេះ​ដែរ ​គ្រូ​បង្រៀន​ម្នាក់​ទៀត ​លោក​ ​មុត ផល្លា​ ​ប្រាប់​វីអូអេ​ថា​ ​ចាប់តាំង​ពី​លោក​ដាក់ពាក្យ​សុំ​ចូល​បម្រើ​ការងារ​ជាគ្រូ​បង្រៀន​វិញ​ ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​កាលពី​ចុង​ឆ្នាំ​២០១៧ ​លោក​មិន​ដែល​ត្រូវ​បាន​ក្រសួង ​ឬមន្ទីរ​ហៅ​សួរនាំនោះ​ទេ។​ ​លោក​ថា​ ​ការ​សម្រេចលុប​ឈ្មោះលោក​ចេញ​ពី​ក្រប​ខណ្ឌ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ និង​ផ្ទុយ​ពី​ច្បាប់ដែល​មាន​ចែង។

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​សម្រេច​នេះ​វាមិន​ឈរ​លើ​បែបបទ​នៃ​នីតិវិធីរដ្ឋបាល​ ​ឬ​ការងារ​បច្ចេក​ទេស​ទេ។​ ​យើង​មើល​ទៅហាក់​ដូចមាន​ក្នុង​ន័យ​ជា​លក្ខខណ្ឌ​នយោបាយ​ច្រើន​ជាង​ ​ដោយសារ​តែ​ទី១​ខ្ញុំ​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ ​និង​ជាអតីត​ប្រធាន​ប្រតិបត្តិ​ខេត្ត​សៀមរាប»។

គ្រូ​បង្រៀន ​ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​មកពី​គណបក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ថា៖​

«ក្រោយ​តុលាការ​រំលាយ​នៅ​ថ្ងៃទី​១៦​ខែ​វិច្ឆិកា​ហ្នឹង​ រហូត​ដល់​ខែ​១២​នេះ ពួក​យើង​ខ្ញុំ​ចាប់ផ្តើមដាក់​ពាក្យ​ ​ហើយ​ដាក់​ពាក្យ​ដាក់​ចុង​ខែ។ ​ហើយ​មន្ទីរ​សម្រេច​ឲ្យ​ពួក​យើង​ខ្ញុំ​ប្រើប្រាស់​លទ្ធភាព​ថ្ងៃ​ទី​១ ​ខែ​មករា ​ប៉ុន្តែ​ដល់​ឃើញ​ប្រកាស​ហ្នឹង​ គេ​ដាក់​ថា​ ពួក​ខ្ញុំ​អវត្តមាន។ ​ហើយ​ក្នុង​ចន្លោះ ​ដែល​ពួកខ្ញុំ​ដាក់​ពាក្យ​ មាន​មន្ទីរ​ក៏​បាន​ណែនាំ​ថា​ បើ​ពួកខ្ញុំ​ដាក់​ពាក្យ​ ប្រកាស​មិន​ទាន់​ធ្លាក់ ​ពួកខ្ញុំ​មិន​បាច់​ទាន់​ធ្វើការ​ទេ រង​ចាំ​ប្រកាស​ធ្លាក់។​ ដល់​ពេល​ប្រកាស​ធ្លាក់ ​វា​ចេញ​សេចក្តី​ប្រកាស​លុប​ ដូច​លោក​ ​រ៉ុង ឈុនដែរ»។​

គ្រូ​បង្រៀន​ទាំង​នោះ ដែល​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ ​បាន​លើក​ឡើង​ថា​ ​ពួកគេ​នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​អប់រំ​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ ​និង​ប្តឹង​ទៅ​អង្គការ​អន្តរជាតិ​នានា​ដើម្បី​រក​យុត្តិធម៌។​

មាត្រា​៤៧​នៃ​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ចែង​ថា​ ​ការ​ចោទ​ប្រកាន់​អំពី​កំហុស​ខាង​វិន័យ​ត្រូវ​ធ្វើការ​អង្កេត​ជាមុន​សិន​ ចំពោះ​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី២​ ​(ឬវិន័យ​ដែល​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ)។​ ​ការ​អង្កេត​ត្រូវ​ប្រគល់​ឲ្យ​តំណាង​ប្រធាន​ស្ថាប័ន​សាមីមួយ​រូប​ ​ឬ​ច្រើន​រូប​ ​ដែល​មាន​ឋានន្តរស័ក្តិ ​និង​ថ្នាក់​ខ្ពស់​ជាង​ ​ឬ​អតីត​ភាព​ច្រើន​ជាង​អ្នក​រាជការ​ដែល​ត្រូវ​ជាប់​ចោទ។​ សំណុំ​រឿង​អង្កេត​ត្រូវ​បញ្ជូន​ទៅ​ប្រធាន​ស្ថាប័ន​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ថា​ គួរ​បញ្ជូន​អ្នក​រាជការ​ដែល​ជាប់​ចោទ​នោះ​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​ ឬ​ក៏​សម្រេច​ថា​ គួរ​បញ្ឈប់​ការ​ចោទ​ប្រកាន់​វិញ។​ ​ក្នុង​ករណី​ដែល​ប្រធាន​ស្ថាប័ន​យល់​ថា ​គួរ​បន្ត​ការ​ចោទ​ប្រកាន់​ ​សំណុំ​រឿង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​វិន័យដែលត្រូវ​អញ្ជើញ​អ្នក​រាជ​ការ​ជាប់​ចោទមក​ពន្យល់​ដោះសារ​ដោយ​ផ្ទាល់​មាត់​ ​និង​ជា​លាយ​លក្ខណ៍​អក្សរមុន​នឹង​ក្រុម​ប្រឹក្សា​វិន័យ​ធ្វើការ​សន្និដ្ឋាន​អំពី​កំហុស​ ​និង​ទណ្ឌកម្ម​ ​ដើម្បី​ជា​យោបល់​ដល់​អ្នកមានសមត្ថកិច្ចសម្រេច។​

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពី​លោក​ហង់​ ជួនណារ៉ុន​ រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ទេ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​រីឯ​លោក​រស់ សាលីន អ្នក​នាំពាក្យ​ក្រសួងនេះ​ បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ។​

លោក​ ​សយ ទិត្យាវង្ស​ ​ប្រធាន​មន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ខេត្ត​សៀមរាប​ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ​ដោយ​គ្រាន់​តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ​លោក​អនុវត្តតាមសេចក្តី​ណែនាំ​របស់​ក្រសួង។​

លោក​មាន​ប្រសាសន៍​ថា៖​

«គេ​លើក​ម៉េច​ក៏​លើក​តាម​តែ​គាត់​ទៅ​ ​ខ្ញុំ​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង។​ ​ខ្ញុំ​ជាប់​ប្រជុំ​នាង​ណា ​ខ្ញុំ​ជាប់​ប្រជុំ»។​

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រសួង​អប់រំ​លុប​ឈ្មោះ​គ្រូ​បង្រៀន​មួយ​ចំនួន​ ពី​ក្របខណ្ឌ​ក្រសួង​អប់រំ​ ​តួយ៉ាង​ការ​លុប​ឈ្មោះលោក​ ​រ៉ុង ឈុន​ អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ ​និង​ជាអតីត​សមាជិក​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ ​ដែលត្រូវ​បាន​ជ្រើស​ចេញពី​គណបក្ស​ប្រឆាំង​ កាល​ពី​ពេល​ថ្មីៗ ​ដោយ​មូលហេតុ​ថា​ លោក​អវត្ត​មាន​ដោយ​គ្មាន​ច្បាប់​ដូច​គ្នា។​

លោក​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​ប្រាប់ VOA ​ថា ​ការ​សម្រេច​លុប​ឈ្មោះ​មន្រ្តីរាជការ​ណា​ម្នាក់ពី​ក្របខណ្ឌ​គឺ​ត្រូវ​មាន​ការ​សាកសួរ​ពី​សាម៉ី​ខ្លួន​ជាមុន ​ដើម្បី​បង្ហាញ​ពី​តម្លាភាព​ និង​សុក្រឹត្យ​ភាព​ក្នុង​សង្គម។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​នៅ​តែចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​មុន​នឹង​មាន​ការ​សម្រេច​លុប​ឈ្មោះ ​ពី​ព្រោះ​ថា​ ក្រែង​លោ​ពាក្យ​ដែល​ថា ​អវត្តមាន​ហ្នឹង​វា​យោង​លើ​មូលហេតុ​អីខ្លះ?​ ហើយ​ខាង​សាម៉ី​ខ្លួន​ហ្នឹង​គួរ​តែ​មាន​ការ​បំភ្លឺគ្នាទៅវិញ​ទៅ​មក។​ ​យើង​ដឹង​ហើយ​ នីតិវិធី ​ឬ​ហៅ​ថា​ ការងារ​រដ្ឋបាល​របស់​ក្រសួង ​មិនមែន​មាន​តែ​កម្រិត​ក្រសួង​ទេ​ ​មាន​ថ្នាក់​មន្ទីរ​អប់រំ​រាជធានី​ខេត្ត​ទៀត។​ អីចឹងក្រែង​មាន​ចន្លោះប្រហោង​ណាមួយ»។​

កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥០០៧​ត្រូវ​បានបែងចែក​ទៅ​ឲ្យ​គណបក្ស​ផ្សេង ​បន្ទាប់ពី​គណបក្ស​ប្រឆាំង​ដែល​ទទួល​បានការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​៣​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៣​ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ៕

XS
SM
MD
LG