ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុផ្ផា​ ឈឺធ្ងន់​ និង​ត្រៀម​លាលែង​ពីការងារ


រូបឯកសារ៖ ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner)។
រូបឯកសារ៖ ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner)។

ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner) កំពុង​មាន​ជំងឺ​ធ្ងន់​ធ្ងរ ដែល​តម្រូវ​ឲ្យ​លោក ​លាលែង​ពី​ការងារ​ក្នុង​ផ្នែក​មនុស្ស​ធម៌នេះ។ មាន​កុមារ​ជាង​ ១២​លាន​នាក់​ ដែល​បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា។

តំណាង​មន្ទីរពេទ្យ​ថ្លែង​ថា​ ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​មនុស្សធម៌​ដ៏​ធំ​នេះ​នឹង​នៅ​តែ​ដំណើរ​ការ​ដូចសព្វ​ដង​ ហើយ​សង្ឃឹម​ថា​ សប្បុរសជន​នឹង​បន្ត​ជួយ​ឧបត្ថម្ភ​មន្ទីរពេទ្យ​នេះ​បន្ត​ទៀត។

ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត​បេអាត រិចឆ្នឺរ​ ​(Beat Richner) នឹង​លា​លែង​ពី​មុខ​តំណែង​របស់​លោក​ ក្នុង​តួនាទី​ជា​នាយក​គ្រប់គ្រង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដែល​បាន​ផ្តល់​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុជា​ជា​ច្រើន​នាក់ ដោយ​ឥត​យក​កម្រៃ។ ការ​គ្រោង​លាលែង​ពី​តួនាទី​របស់​លោក​កើត​ឡើង ខណៈ​លោក​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់។

នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈគ្រប់​គ្រង​មន្ទីរពេទ្យ​ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី២៨​ ខែមីនា​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បញ្ជាក់​ថា​ លោក​វេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ (Peter Studer)​ ​ដែល​ជា​អនុប្រធាន​ក្រុមប្រឹក្សា​មន្ទីរពេទ្យ​គន្ធបុប្ផា​ នឹង​ឡើង​កាន់​ការងារ​ជំនួស​លោក​ វេជ្ជបណ្ឌិត​ រិចឆ្នឺរ ​ដើម្បី​ចាត់​ចែង​កិច្ចការ​របស់​មន្ទីរពេទ្យ។​ លោក​វេជ្ជបណ្ឌិត ភីធឺរ ស្ទូដឺរ នឹង​បំពេញ​តួនាទី​ជា​នាយក​មន្ទីរពេទ្យ​ស្តី​ទី។

លោក​វេជ្ជ​បណ្ឌិត​ រិចឆ្នឺរ ដែល​មានវ័យ​ ៧០​ឆ្នាំ​ គឺជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​មនុស្ស​ធម៌​គន្ធបុប្ផា។ លោក​បាន​ជួយ​ធ្វើឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដំណើការ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ១៩៩២​ បន្ទាប់​ពី​មន្ទីរ​ពេទ្យ​នេះ​ត្រូវបាន​បំផ្លិច​បំផ្លាញ​នៅ​សម័យ​សង្គ្រាម។

មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៩​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ដោយសារ​ការ​កើន​ឡើង​នៃ​តម្រូវការ​សេវា​ព្យាបាល​ជំងឺ​កុមារ​ដោយ​ឥតគិតថ្លៃ មន្ទីរពេទ្យ​នេះ​ត្រូវបាន​ពង្រីក​បន្ថែម​ចំនួន​បួន​ទៀត​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀមរាប។ បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន​២៥០០នាក់​ កំពុង​បម្រើ​ការ​ឲ្យ​មន្ទីរពេទ្យ​ទាំង​នេះ។

លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់​ (Denis Laurent) ជំនួយការ​លោក​វេជ្ជបណ្ឌិត​ Richner មិន​អាច​បញ្ជាក់​ប្រាប់ VOA ថា​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ធ្លាក់​ខ្លួន​ឈឺ​តាំងពី​ពេល​ណា​នោះទេ។ តែ​លោក​សម្តែង​ក្តី​ក្រៀមក្រំ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ។ លោក​ ឡូរ៉ង់ មាន​ប្រសាសន៍​បន្ត​ថា​ ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា នឹង​ដំណើរ​ការ​ទៅ​ជា​ធម្មតា​ ហើយ​លោក​សង្ឃឹម​ថា មន្ទីរពេទ្យ​នឹង​បន្ត​ទទួល​បាន​ជំនួយ​សប្បុរសធម៌ នៅគ្រា​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ កំពុង​ឈឺ​ធ្ងន់។

«យើង​សង្ឃឹមថា​ យើង​នឹង​មិន​ទទួល​រង​ផល​ប៉ះពាល់ ប៉ុន្តែ​យើង​មិន​អាច​ដឹង​ទេ។​ យ៉ាងណា​ក៏ដោយ​ អ្វី​ដែល​បាន​យើង​បាន​ធ្វើ​រួច​ហើយ​នោះ​ គឺ​ថា​ យើង​បាន​ជម្រាប​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​ស្ថានភាព​ថ្មីៗ។ ហើយ​យើង​សង្ឃឹម​ថា​ អ្នករាល់​គ្នា​អាច​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដូច​កាលពី​ពេល​មុន»។

លោក​វេជ្ជ​បណ្ឌិត ដេនីស ឡូរ៉ង់ ក៏​មិន​អាច​បញ្ជាក់​បាន​ថាតើ​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ មាន​ជំងឺអ្វី​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត ឡូរ៉ង់ មាន​ប្រសាសន៍​ថា​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ពុំមាន​ប្រពន្ធ​កូន​ទេ។

ជាង​២៥​ឆ្នាំមក​នេះ​ មាន​កុមារ​ជាង​១២លាន​នាក់​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដែល​មាន​ទីតាំង​ចំនួន​ប្រាំកន្លែង​នៅ​ក្នុង​ប្រទេស។​ បើ​តាម​តួលេខ​ប្រចាំ​ឆ្នាំ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ២០១៦​ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ បាន​ឲ្យ​ដឹង​ថា​ កុមារ​មាន​ជងឺ​ចំនួន​ ៨៤៨​ ៣៩៣​នាក់​ ត្រូវបាន​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​កើន​ឡើង​ ១២ភាគរយ​ ច្រើន​ជាង​ឆ្នាំ២០១៥។ តួលេខ​បាន​បង្ហាញ​ថា​ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​ ១៥៥ ​៣៣៨ ​នាក់​ ត្រូវបាន​ដាក់​ឲ្យ​សម្រាក​នៅ​មន្ទីរពេទ្យ ដែល​ចំនួន​នេះ​កើនឡើង​១៣ ភាគរយ​ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៥។

គិត​មកត្រឹម​ខែមីនា​ ឆ្នាំ​២០១៧​ មាន​កុមារ​ជាង​ ៧ម៉ឺន​នាក់​បាន​មក​ទទួល​ការ​ព្យាបាល​ និង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ។

ម្តាយ​ដែលបាន​យក​កូន​មក​ព្យាបាល​ជងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុផ្ផា​ បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​សុខភាព​របស់​លោក​ វេជ្ជបណ្ឌិត​ រិចឆ្នឺរ។

​អ្នកស្រី ពេញ​ ធីតា វ័យ​៣០ឆ្នាំ ​និយាយ​ថា​លោក​វេជ្ជបណ្ឌិត រិចឆ្នឺរ បាន​ធ្វើ​កិច្ចការ​យ៉ាង​ច្រើន​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។ អ្នកស្រី​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ផងដែរ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​លោក​វេជ្ជបណ្ឌិត រិចឆ្នឺរ។

«គាត់​ជា​មនុស្ស​ល្អ​ម្នាក់​ហ្មង​ និយាយ​មួយម៉ាត់​ថា​ គាត់​ល្អហ្មង​ ល្អ​ដូចថា​គ្មាន​អ្វី​ប្រៀប​បាន​ទេ​ ដូច​គាត់​ ដូច​ទេព្តា​មួយ​ក្នុង​ប្រទេស​កម្ពុជា​ខ្មែរ​យើង​អញ្ចឹង»។

លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner) ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ និយាយ​ទៅ​កាន់​បុគ្គលិកពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា២ កាលពី​ឆ្នាំ​១៩៩៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក Beat Richner)
លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner) ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ និយាយ​ទៅ​កាន់​បុគ្គលិកពេទ្យ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា២ កាលពី​ឆ្នាំ​១៩៩៦។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក Beat Richner)

កញ្ញា ឡាយ ស្រីណុច វ័យ​២០ឆ្នាំ​ ដែល​បាន​យក​ក្មួយ​មក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ក្នុង​រាជធានី​ភ្នំពេញ បាន​និយាយ​ប្រាប់​ VOA​ ថា​ ប្រសិន​បើ​មិនមាន​វត្តមាន​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ នោះ​កុមារ​កម្ពុជា​ជាច្រើន នឹង​ប្រឈម​ផល​វិបាក​ ព្រោះ​តែ​កង្វះ​មូលនិធិ។ យ៉ាងណា​ក៏ដោយ កញ្ញា​សរសើរ​ការ​លះបង់​របស់​លោក​ រិចឆ្នឺរ ក្នុងការ​ជួយ​កុមារ​កម្ពុជា។

«ស្ញប់ស្ញែង​គាត់​ថា​ គាត់​គ្រាន់តែ​ជា​ជនជាតិ​បរទេស​ម្នាក់​ ប៉ុន្តែ​គាត់​ជួយ​កុមារ​ដូចជា​ប្រជាជន​នៅ​ខ្មែរ​ហ្នឹង​ គាត់​មាន​បញ្ហា​អី​គឺ​គាត់​ផ្តល់​ការ​ព្យាបាល​ និង​ការ​ថែរទាំ​ដោយ​អត់​មាន​បង់ប្រាក់»។

លោក​វេជ្ជបណ្ឌិត រិចឆ្នឺរ ​កើត​នៅ​ថ្ងៃ​ទី១៣​ ខែមីនា ឆ្នាំ​១៩៤៧ ក្នុង​ទីក្រុង​ Zurich ប្រទេស​ស្វ៊ីស។​ លោក​ទទួល​បាន​សញ្ញាប័ត្រ​ជំនាញ​វិជ្ជាពេទ្យ​កុមារ​ក្នុង​ឆ្នាំ​ ១៩៧៣​ នៅ​ពេល​លោកធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យកុមារ​ក្រុង Zurich។ នេះបើ​យោងតាម​គេហទំព័រ​ផ្ទាល់​ខ្លួនរបស់​លោក​វេជ្ជ​បណ្ឌិត​ រិចឆ្នឺរ។

លោក​ វេជ្ជបណ្ឌិត រិចឆ្នឺរ ត្រូវបាន​បញ្ជូន​មក​ធ្វើការ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ប្រទេស​កម្ពុជា​ក្នុង​ចន្លោះឆ្នាំ​១៩៧៤​ និង​១៩៧៥​ ដោយ​កាកបាទក្រហម​ប្រទេស​ស្វ៊ីស។​ ក្រោយ​សម័យ​សង្គ្រាម​ គឺ​នៅខែ​ធ្នូ ឆ្នាំ១៩៩១​ រដ្ឋាភិបាល​កម្ពុជា​ស្នើ​ឲ្យ​លោក​កសាង​ឡើង​វិញ​ និង​គ្រប់គ្រង​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដែល​ត្រូវបាន​បំផ្លិច​បំផ្លាញ​ក្នុង​សម័យ​សង្គ្រាម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ប្រាប់​ VOA ​ថា​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ បាន​កសាង​ស្នាដៃ​ជាច្រើន​ ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា​តាម​ការ​សង្គ្រោះ​កុមារ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​នេះ។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖

«យើង​មាន​ការ​សោកស្តាយ​ ទោះបី​លោក​មិន​ទាន់​បាត់បង់​ជីវិត​ក៏​ពិតមែន​ ក៏​សូម​បួងសួង​ ឲ្យ​ទេវព្តា​ឆ្នាំ​ថ្មី​ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា​ ជួយ​ទ្រទ្រង់​លោក​ឲ្យ​បាន​ជា​សះស្បើយ​ លើ​រោគា​ព្យាធិ​របស់​លោក​នេះ ហើយ​មាន​កម្លាំង​ពលំម៉ាំ​មួន​ដើម្បី​ដំណើរ​ការ​ គ្រប់​គ្រង​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​កុមារ​កម្ពុជា​ ជាច្រើន​តទៅមុខ​ទៀត​បាទ»។

លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner) ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា កាលពី​ថ្ងៃទី២២ ខែកញ្ញា ​ឆ្នាំ​១៩៩២។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក Beat Richner)
លោក​វេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ​ (Beat Richner) ស្ថាបនិក​មន្ទីពេទ្យ​គន្ធបុប្ផា​ ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា កាលពី​ថ្ងៃទី២២ ខែកញ្ញា ​ឆ្នាំ​១៩៩២។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក Beat Richner)

ក្រុម​អ្នក​វិភាគ​និយាយ​ថា លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ជា​គំរូ​ដ៏ល្អ​មួយ​ដល់​មន្ត្រី​រដ្ឋាភិបាល​ក្នុងការ​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។ ជាមួយគ្នានេះ​ ពួកគេ​មាន​មន្ទិល​ថា​ ហេតុអ្វី​បាន​ជា​មន្ត្រី​រដ្ឋាភិបាល​ មិន​បាន​គិត​គូ​អំពី​ការ​ពង្រីក​មន្ទីរពេទ្យ​នេះ​បន្ថែម​ទៀត តែ​បែរ​ជា​ចំណាយ​ថវិកា​លើ​កិច្ចការ​ដែល​ពុំមែន​ជា​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​ ក្នុងនោះ​មាន​ការ​ចំណាយ​លុយ​រាប់សែន​ដុល្លារ​ទៅ​បុណ្យ​សព​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយរូប ដែល​បាន​ស្លាប់​កាល​ពីពេលថ្មីៗ​នេះ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ចអភិវឌ្ឍសង្គម​មាន​ប្រសាសន៍​ថា៖

«ការ​ជួយ​របស់​គាត់​ហ្នឹង​ វា​មាន​រយៈពេលជាង​២០​ឆ្នាំ​ ចូលជិត​៣០​ឆ្នាំហើយ​ដែរ​ ប៉ុន្តែ​យើង​ហាក់​ដូច​មិន​ទាន់​ឃើញនូវ​សញ្ញា​ណា​មួយ​ដែល​រដ្ឋាភិបាល ពិសេស​ក្រសួង​រដ្ឋាភិបាល​ នឹង​មាន​លទ្ធភាព​ក្នុងការ​ចាប់​យក​មន្ទីរ​ពេទ្យហ្នឹង​មក​បន្ត​កិច្ច​ប្រតិបត្តិការ​ឲ្យ​នៅ​ដូច​សព្វថ្ងៃហ្នឹង​ ដើម្បី​ជួយ​កុមារ​ខ្មែរ។ យើង​ឃើញ​រហូត​មកដល់​ពេលនេះ មន្ទីរ​ពេទ្យ​ហ្នឹង​អត់មាន​បាន​រីក​រាលដាល​ទៅខេត្ត​ដទៃទៀត​ ដែល​រដ្ឋាភិបាល​ឃើញ​គំរូ​ហ្នឹង​គួរតែ​ចម្លង​យក ហើយថា​បង្កើត​យ៉ាង​ហោច​ណាស់​ក៏​បាន​មួយ​ ឬ​ពីរក្នុង​រយៈពេល​២០ឆ្នាំ​ចុងក្រោយ​ហ្នឹង។​ យើង​ឃើញ​ថា​ អត់​មាន​សោះ​ អញ្ចឹងអា​នេះ​គឺ​ជា​ចំណុច​ខ្សោយ​មួយ​ដែល​រដ្ឋាភិបាល​គួរតែ​ពិចារណា​មើល»។

«គន្ធ​បុប្ផា‍» គឺ​ជា​ព្រះនាម​របស់​បុត្រីមួយ​អង្គ​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្តេច​នរោត្តម សីហនុ។ បុត្រី​អង្គ​នេះ​បាន​សោយទិវង្គត​នៅ​ព្រះជន្ម​៥ព្រះវស្សា​ នៅឆ្នាំ​១៩៥២។

នៅ​ពេល​មាន​ដំណឹង​ថា​ លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ កំពុង​ឈឺធ្ងន់​នេះ​ ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​ស្គម​ហ្វេសប៊ុក​ បាន​ចូលរួម​ជូនពរ​លោក​វេជ្ជបណ្ឌិត​ឲ្យ​ឆាប់​ជា​សះស្បើយពី​ជំងឺ។ ពួក​គេ​និយាយ​ថា​ នៅ​កម្ពុជា​ពិបាក​នឹង​រក​មនុស្ស​មាន​មេតា្តធម៌​ដូច​លោក​វេជ្ជបណ្ឌិត​ រិចឆ្នឺរ ដែល​បាន​លះបង់​ពេលវេលា​សង្គ្រោះ​កុមារ​ក្នុង​ប្រទេស​ដ៏ក្រីក្រ​នេះ៕

រាយការណ៍​បន្ថែម​ដោយ​កញ្ញា ហ៊ាន​ សុជាតា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG