លោក Dennis Hastert អតីតប្រធានសភាអាមេរិកត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល១៥ខែ ក្នុងករណីពាក់ព័ន្ធនឹងប្រាក់បិទមាត់ដែលលោកបានបង់ឲ្យទៅសិស្សម្នាក់ក្នុងចំណោមអតីតសិស្សរបស់លោកយ៉ាងហោចណាស់ចំនួន៤នាក់ ដែលគេចោទប្រកាន់ថា លោកបានបំពានផ្លូវភេទទៅលើសិស្សរូបនោះកាលពីប៉ុន្មានទសវត្សរ៍មុន។
លោក Hastert ក៏នឹងត្រូវទទួលការអប់រំកែប្រែសម្រាប់អ្នកប្រព្រឹត្តការបំពានផ្លូវភេទ ស្ថិតក្រោមការតាមដានរយៈពេល២ឆ្នាំក្រោយពីចេញពីពន្ធនាគារ និងបង់ប្រាក់ពិន័យចំនួន២សែន៥ម៉ឺនដុល្លារផងដែរ។
មុនពេលកាត់ទោស ចៅក្រមតុលាការសហព័ន្ធទីក្រុង Chicago គឺលោក Thomas Thornton បានហៅលោក Hastert ថាជាអ្នកបៀតបៀនផ្លូវភេទទៅលើកុមារជាច្រើននាក់។
លោក Hastert បានសារភាពទទួលកំហុសកាលពីឆ្នាំមុន ថាបានផ្ទេរប្រាក់ជាច្រើនតាមគណនីធនាគារ ទោះបីជាបរិមាណនោះលើសពីបរិមាណដែលច្បាប់អនុញ្ញាតក៏ដោយ។
លោក Hastert ព្យាយាមផ្ទេរប្រាក់ចំនួន៣លាន៥សែនដុល្លារដល់បុរសម្នាក់ដែលបច្ចុប្បន្ននេះស្ថិតក្នុងវ័យជាង៥០ឆ្នាំ ដើម្បីបិទបាំងអំពីការបំពានផ្លូវភេទរបស់ខ្លួនទៅលើបុរសម្នាក់នោះ កាលពីពេលដែលលោក Hastert ធ្វើជាគ្រូបង្វឹកកីឡាបោកចំបាប់នៅវិទ្យាល័យមួយក្នុងរដ្ឋ Illinois។
លោក Hastert មិនត្រូវបានកាត់ទោសលើករណីបំពានផ្លូវភេទនោះទេ ដោយសារតែអាជ្ញាយុកាលនៃករណីបំពានផ្លូវភេទនោះបានផុតកំណត់ទៅហើយ៕