លោកឧត្តមសេនីយឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថា លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យមន្ត្រីប៉ូលីសចរាចរណ៍ ផាកពិន័យបទល្មើសចរាចរណ៍នៅហ្នឹងកន្លែង ហើយមិនអនុញ្ញាតឲ្យដឹកនាំយកមធ្យោបាយទៅផាកពិន័យ នៅការិយាល័យរបស់ខ្លួននោះទេ។ នេះចំពោះបទល្មើសតិចតួច។ បទល្មើសចរាចរណ៍តិចតួច ដែលលោកគៀត ចាន់ថារិទ្ធិយកមកនិយាយនេះ រួមមាន អ្នកបើកបរទោចក្រយានយន្តគ្មានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់។ ចំណែកឯគ្មានស្លាកលេខម៉ូតូ ប៉ូលីសអាចយកទៅរក្សាទុកនៅឯការិយាល័យរបស់ខ្លួនបាន។
លោក គៀត ច័ន្ទថារិទ្ធិ បានមានប្រសាសន៍ថា ប្រសិនបើមន្ត្រីប៉ូលីសចរាចរណ៍ណាមួយ ផាកពិន័យលើសច្បាប់កំណត់ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង ដើម្បីប្រឆាំនឹងមន្ត្រីប៉ូលីសទាំងនោះ។
«បងប្អូនមានអត្តលេខ មានឈ្មោះ។ ប្រសិនបើមានសកម្មភាពបែបហ្នឹង។ សំណូមពរប្រជាពលរដ្ឋ កត់ឈ្មោះធ្វើពាក្យប្តឹង យើងមានក្រុមប្រឹក្សាតាមលំដាប់ថ្នាក់តាមអង្គភាព ហើយយើងនឹងចាត់ការតាមហ្នឹង»។
ការលើកឡើងរបស់លោក គៀត ច័ន្ទថារិទ្ធិ បានធ្វើឡើងក្រោយពីប៉ូលីសនៅក្រុងភ្នំពេញ ត្រូវបានកាសែតនៅក្នុងស្រុកមួយ ចុះផ្សាយថា ការផាកពិន័យបទល្មើសចរាចរណ៍ធ្វើខុសទៅនឹងច្បាប់កំណត់ និងបានចាប់ម៉ូតូរបស់ប្រជាពលរដ្ឋដាក់លើរថយន្ត ទៅរក្សាទុកនៅការិយាល័យរបស់ខ្លួន។
យោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានស្នើដល់រាជធានីភ្នំពេញចាត់វិធានការ ផ្អាក់ការអនុវត្តចាប់តូចចក្រយានយន្ត នៅពេលដែលអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ហើយយកទោចក្រយានយន្ត ទៅរក្សាទុកបណ្តោះអាសន្ននៅអង្គភាពរដ្ឋបាល និងផាកពិន័យអ្នកបើបរចំនួនពីរម៉ឺនរៀលនៅក្នុងមួយថ្ងៃ។
លោក ចេវ ហាក់ អនុប្រធានការិយាល័យប៉ូលីសចរាចរណ៍ជើងគោកក្រុងភ្នំពេញ មិនបានធ្វើអត្ថាធិប្បាយទេ ហើយលោកបានបង្វែរសំណួរនេះឲ្យទៅសួរលោក ហេង ចាន់ធារី។
លោក ហេង ចាន់ធារី ប្រធានការិយាល័យប៉ូលីសចរាចរណ៍ជើងគោក មិនទាក់ទងដើម្បីបំភ្លឺបានទេនៅថ្ងៃសៅរ៍នេះ។ ក៏ប៉ុន្តែលោក ទិន ក្រសា អនុប្រធានសណ្តាប់ធ្នាក់របស់ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការផាកពិន័យកន្លងមកជាគោលការណ៍របស់អភិបាលក្រុងភ្នំពេញ ដើម្បីព្រមានដល់អ្នកបើកបរឲ្យចេះគោរពច្បាប់។ លោកបានបេដិសេធទៅនឹងការចោទប្រកាន់ថា ប៉ូលីសធ្វើការផាកពិន័យខុសទៅនឹងផ្លូវច្បាប់។
«អាហ្នឹងជាការត្រឹមត្រូវហើយ ព្រោះគោលការណ៍គេមិនឲ្យផាកពិន័យលើសពីកំរិតលហុទេ។ ឥតពាក់មួកសុវត្ថិភាព គេពិន័យតែប្រាំពាន់ទេ។ អត់ស្លាកលេខឃាត់ទុក»។
ពលរដ្ឋមួយរូបរស់នៅសង្កាត់ទឹកថ្លា បានស្នើសុំមិនបញ្ចេញឈ្មោះថា ការផាកពិន័យរបស់ប៉ូលីសចរាចរណ៍កន្លងមក មិនអនុវត្តត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ទេ។ លោកបានបញ្ជាក់ថា មិត្តិភក្តិរបស់លោកម្នាក់មកពីខេត្តកំពត ត្រូវបានបង់ពិន័យរបស់ប៉ូលីសចរាចរណ៍ចំនួន១០ដុល្លារសហរដ្ឋអាមេរិច នៅពេលដែលម៉ូតូមិនបានដាក់កញ្ចក់។
«គាត់មកពីស្រែអញ្ចឹងគាត់មិនដឹងតវ៉ាយ៉ាងម៉េច។ គាត់ខ្លាចគេយកម៉ូតូ គាត់ក៏បង់១០ដុល្លារទៅ។ ដោយតាមពិតទៅតម្លៃគឺពី៣.០០០ ឬ៦.០០០ ឬក៏ទៅ១០.០០០។ ក៏ប៉ុន្តែគាត់អត់ដែរ គាត់ខ្លាចគេ»។
លោក សែម បញ្ញាវុទ្ធ ប្រធានគំរោងប្រព័ន្ធទិន្ន័យគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក នៃអង្គការជនពិភពលោកបែលសិច បានគាំទ្រចំពោះវិធានការ ដែលជំរុញឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការដែលអនុវត្តផ្ទុយខុសពីច្បាប់។
«ដើម្បីឲ្យនគរបាលចរាចរណ៍មួយចំនួនតូចដែលគាត់អនុវត្តន៍មិនត្រឹមត្រូវហ្នឹង គាត់មានធ្វើការកែតម្រូវខ្លូនគាត់ ដើម្បីធ្វើយ៉ាងណាឲ្យកំហុសឆ្គងរបស់គាត់ហ្នឹងមានម៉ត់ចត់ត្រឹម និងការអនុវត្តរបស់គាត់ហ្នឹងត្រឹមត្រូវ»។
យោងតាមច្បាប់ចរាចរណ៍ផ្លូវគោកបានឲ្យចែងថា អ្នកបើកបរមិនពាក់មួកសុវត្ថិភាព គឺផាកពិន័យចំនួន៣.០០០រៀលតែប៉ុណ្ណោះ។
លោក សែម បញ្ញាវុទ្ធ បានបញ្ជាក់ថានៅក្នុងទីក្រុងភ្នំពេញមានប្រមាណ៨៥ភាគរយ បានពាក់មួកសុវត្ថិភាព សម្រាប់អ្នកបើកបរនៅពេលថ្ងៃ និង៦០ភាពរយទៀតសម្រាប់អ្នកបើកបរ និងសម្រាប់អ្នករួមដំណើរ៕