ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ ហ៊ុន សែន​ បាន​ទាមទារ​ឱ្យ​លោក​ស្រី​មួរ សុខហួរ​ បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត


មេធាវី​របស់​លោក​ ហ៊ុន សែន​ បាន​ទាមទារ​ឱ្យ​លោក​ស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​បញ្ចូន​សំណើរ​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ លោកស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សង​ជម្ងឺ​ចិត្ត​ចំនួន​ ២ ០០០​ ដុល្លារ​អាមេរិកាំង​ ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

សំណើរនេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សាលដីការ​ស្ថាពរ​របស់​តុលាការ​កំពូល​បាន​បញ្ចូន​មក​ឱ្យ​ព្រះ​រាជ អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ចាត់ចែង​អនុវត្ត​តាម​នីតិវិធី។

តុលាការ​កំពូល​បាន​ផ្តន្ទាទោស​ពិន័យ​លោក​ស្រី​ មួរ សុខហួរ​ ជា​ប្រាក់​ចំនួន​ ៤ ៥០០​ ដុល្លារ​អាមេរិកាំង​ កាល​ពី​សប្តាហ៍​មុន​ ចំពោះ​ការ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

តាម​ផ្លូវ​ច្បាប់​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ត្រូវ​ជូន​ដំណឹង​ទៅ​លោក​ស្រី​ មួរ សុខហួរ​ អំពី​ការ​កំណត់​ពេល​បង់​ប្រាក់​ពិន័យ​ចំនួន​ ២៥០០ ដុល្លារ អាមេរិកាំង​ សម្រាប់​ចូល​ថវិកា​រដ្ឋ​និង​ ប្រាក់​សង​ជម្ងឺ​ចិត្ត​ចំនួន​ ២០០០​ ដុល្លារ​អាមេរិកាំង​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ការ​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​លោក​ស្រី​ មួរ សុខហួរ​ អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ដោយ​ស្មគ្រ័ចិត្ត​ បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​ និង​មេធាវី។

លោក​ គី តិច​ មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់ VOA ថា ​ លោក​បាន​ រៀបចំ​សំណើសុំ​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ស្រប​តាម​សាលដីកា​របស់​តុលាការ​កំពូល។

"ខ្ញុំជាតំណាងរបស់សម្តេច ខ្ញុំកំពុងធ្វើសំណើរពាក់ព័ន្ឌនឹងសំណងរដ្ឋប្បវេណី ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យគាត់អនុវត្តទាមទារយកប្រាក់មកសងជម្ងឺចិត្ត។"

លោក ​ស្រី​ មួរ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម រង្សី​ នៅ​តែ​ប្រកាន់​ជំហរ​មិន​បង់​ប្រាក់​ពិន័យ​ចំនួន​ ៤៥០០ ដុល្លារ​អាមេរិកាំង​ តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​ស្រី។

"ជំហរ (ជំហរមិនបង់ប្រាក់ពិន័យ) របស់ខ្ញុំ​នៅ​ដដែល។​ ខ្ញុំ​មិន​អាច​ដក​ជំហរ​នេះ​ចេញ​បាន​ទេ។​ ខ្ញុំ​ជា​ជន​រងគ្រោះ​។ ហេតុ​អ្វី​បាន​ជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​ឈរ​លើ​អ្វី​ ដែល​យើង​ត្រូវ​បង់​ពិន័យ"។

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​ គឺ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​ប្តឹង​បក​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រឆាំង​នឹង​លោក​ស្រី​ មួរ សុខហួរ​ កាល​ពី​ឆ្នាំ​ទៅ​ បន្ទាប់​ពី​លោកស្រី​បាន​ប្តឹង​ទៅ​តុលាការ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​និយាយ​បង្ខូច​លោក​ស្រី​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ៕

XS
SM
MD
LG