ចៅក្រមស.រ.អា.បានបដិសេធបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍របស់អតីតមន្ត្រីយុទ្ធនាការបោះឆ្នោតពីរនាក់របស់លោកប្រធានាធិបតី Donald Trump ដែលសុំបញ្ចប់ការឃុំឃាំងពួកគេក្នុងផ្ទះ រង់ចាំការកាត់ទោសពីបទលាងលុយទុច្ចរិតច្រើនលានដុល្លារ ដែលពួកគេបានទទួលសម្រាប់ធ្វើកិច្ចការឲ្យលោក Viktor Yanukovych ដែលជាបុរសខ្លាំងនៅប្រទេសអ៊ុយក្រែនកាលពីមុន ដូច្នេះពួកគេអាចលាក់លុយចំណូលរបស់គេមិនឲ្យអាជ្ញាធរស.រ.អា.ដឹង។
លោក Paul Manafort ដែលបានធ្វើជាប្រធានយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតីរយៈពេល៣ខែ ហើយនឹងដៃគូធ្វើកិច្ចការជំនួញរបស់លោកឈ្មោះ Rick Gates ដែលជាអនុប្រធានយុទ្ធនាការនោះ បានសុំឲ្យចៅក្រមរដ្ឋធានីវ៉ាស៊ីនតោនបញ្ចប់ការឃុំឃាំងពួកគេក្នុងផ្ទះ។ ពេលពួកគេត្រូវចោទប្រកាន់កាលពីថ្ងៃចន្ទ ចៅក្រមតម្រូវឲ្យលោកManafort បង់លុយ១០លានដុល្លារបើលោកមិនបង្ហាញខ្លួនក្នុងសវនាការក្នុងពេលអនាគត ហើយលោក Gates ត្រូវបង់៥លានដុល្លារ៕