ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​សភា


Thailand’s Ousted PM Impeached by Military's Hand-picked Parliament
សូម​រង់ចាំ

No media source currently available

0:00 0:02:19 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​សភា

តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយពី​ការិយាល័យ​របស់​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​ថៃ​ប្រកាស​ថា អតីត​នាយក​រដ្ឋមន្រ្តី​របស់​ប្រទេស​នេះ នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​តុលាការ​ពី​បទ​ធ្វេសប្រហែស​នៅក្នុង​ពេល​បំពេញ​ភារកិច្ច​នោះ សភា​ជាតិ​ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​រដ្ឋាភិបាល​យោធា បាន​ធ្វើការ​ចោទប្រកាន់​លោកស្រី យីងឡាក់ តាម​រយៈ​ការបោះឆ្នោត​ដោយ​សម្ងាត់​មួយ។ ព្រឹត្តិការណ៍​នេះ កើត​ឡើង រយៈ​៨ខែ​ក្រោយពី​លោកស្រី យីងឡាក់ ស្ហ៊ីណាវ៉ាត់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ជា​មេដឹកនាំ​នយោបាយ​របស់​ប្រទេស​ថៃ។

ការចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​សភា ទៅ​លើ​អតីត​នាយក​រដ្ឋមន្រ្តី លោកស្រី​ យីងឡាក់ ស្ហ៊ីណាវ៉ាត់ គឺ​ជា​ការបញ្ចប់​មិន​ឲ្យ លោកស្រី​ចូល​ប្រកួត​ប្រជែង​ នៅក្នុង​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។

តែ អ្វី​ដែល​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត គឺ​ការកាត់ទោស​ពី​បទល្មើស​ព្រហ្មទណ្ឌ​មួយ អាច​នឹង​ធ្វើ​ឲ្យ​លោកស្រី​យីងឡាក់ ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ។

លោកស្រី​អតីត​នាយក​រដ្ឋមន្រ្តី បាន​បង្ហាញ​ខ្លួន​ជា​លើក​ចុងក្រោយ​នៅ​ចំពោះ​មុខ​អង្គ​នីតិប្បញ្ញត្តិ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​យោធា គឺ​នៅ​មួយ​ថ្ងៃ​មុន​ការបោះឆ្នោត ដោយ​លោកស្រី​បាន​ថ្លែង​អះអាង​ថា លោកស្រី​មិន​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​អំពើ​ពុករលួយ និង​ការកេងបន្លំ​នៅក្នុង​ការទិញ​អង្ករ​តម្លៃ​ថ្លៃ ដែល​ទាំងនេះ​ជា​ស្នូល​នៃ​បទចោទ​ប្រកាន់​ទៅ​លើ​លោកស្រី។

លោកស្រី យីងឡាក់ បាន​ប្រាប់​សភា​ថា វិធានការ​នានា​ប្រឆាំង​នឹង​លោកស្រី គឺ​មាន​និន្នាការ​លាក់​បំពួន ហើយ​នឹង​បាន​ធ្វើ​ឡើង​ដោយសារ​មូលហេតុ​នយោបាយ។

«ដំណើរ​ការចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​សភា ដែល​អាច​នាំ​ទៅ​ឲ្យ​មាន​ការហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​នយោបាយ​រយៈពេល​៥ឆ្នាំ​សម្រាប់​ខ្ញុំ គឺ​ជា​ការបំពាន​ដល់​សិទ្ធិ​និង​សេរីភាព​មូលដ្ឋាន​របស់​ខ្ញុំ»។

លោកស្រី​យីងឡាក់ បាន​ឈ្នះ​ឆ្នោត​យ៉ាងភ្លូក​ទឹកភ្លូក​ដី នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ២០១១។ ការឈ្នះ​ឆ្នោត​នេះ បាន​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោកស្រី​ត្រឡប់​មក​កាន់​អំណាច​វិញ ប្រាំឆ្នាំ​ក្រោយពី​បងប្រុស​របស់​លោកស្រី​លោក​ថាក់ស៊ីន ស្ហ៊ីណាវ៉ាត់ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​រដ្ឋប្រហារ​មួយ។ លោក​បាន​និរិទេស​ខ្លួន​ឯង គ្រាដែល​លោក​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ បើសិនជា​លោក​ត្រឡប់​ចូល​ប្រទេស​វិញ។

ប្អូន​ស្រី​របស់​លោក ថាក់ស៊ីន ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ដោយ​សាលក្រម​មួយ​ពី​តុលាការ តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​រដ្ឋ​ប្រហារ​មួយ​នៅ​ថ្ងៃទី២២ ខែឧសភា កាលពី​ឆ្នាំ​មុន។

ច្បាប់​អាជ្ញាសឹក​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ការធ្វើ​រដ្ឋប្រហារ​ដែល​ជា​ការដាក់​គំនាប​ទៅ​លើ​ក្រុម​បាតុករ។ ជាថ្មី​ម្តង​ទៀត ក្រុម​យោធា​បាន​ព្រមាន​ថា ការប្រឆាំង​ជា​សាធារណៈ​ណា​មួយ​ក្រោយ​ពី​ការចោទ​ប្រកាន់​លោកស្រី​យីងឡាក់​នៅ​ចំពោះ​មុខ​សភា នឹង​មិន​ត្រូវ​បាន​លើកលែង​ឡើយ។

លោក Paul Chamber ជា​សាស្រ្តាចារ្យ​នៅ​វិទ្យាស្ថាន​កិច្ចការ​អាស៊ី​អាគ្នេយ៍ បាន​ទស្សន៍ទាយ​ថា ការ​ចោទ​ប្រកាន់​លោកស្រី​យីងឡាក់​នៅ​ចំពោះ​មុខ​សភា​ អាច​នឹង​បង្ក​ឲ្យ​មាន​ការតវ៉ា​មួយ​ថ្មី​ទៀត​ពី​សំណាក់​អ្នក​ដែល​គាំទ្រ​គ្រួសារ​ស្ហ៊ីណាវ៉ាត់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ក្រុម​អាវ​ក្រហម។

«ខ្ញុំ​គិត​ថា យើង​នឹង​ឃើញ​ការចាប់ផ្តើម​តតាំង​នឹង​របប​នេះ គឺ​ការងើប​តតាំង​របស់​លោក​ថាក់ស៊ីន ការងើប​តតាំង​របស់​សមាជិក​ស្ហ៊ីណាវ៉ាត់ ការងើប​តតាំង​របស់​ក្រុម​អាវ​ក្រហម ដែល​ឥឡូវ​នេះ លោក​ថាក់ស៊ីន នឹង​ត្រូវ​បើក​គម្រប ដើម្បី​ឲ្យ​ក្រុម​អាវ​ក្រហម​ទាំងអស់​ចេញ​មក»។

ក៏ប៉ុន្តែ អ្នក​ដទៃ​ទៀត ដោយ​រួមទាំង​ឥស្សរជន​សំខាន់ៗ ដែល​ធ្លាប់​បាន​បញ្ចេញ​មតិ​យ៉ាងស្ងៀមស្ងាត់​ប្រឆាំង​ជំទាស់​នឹង​វិធានការ​របស់​រដ្ឋាភិបាល​យោធា​ មិន​យល់​ថា អាច​មាន​ស្ថានការណ៍​ធ្ងន់ធ្ងរ​រហូត​ដល់​អាច​មាន​ការប្រឈមមុខ​គ្នា​យ៉ាង​ខ្លាំង​ណា​មួយ​នៅ​តាម​ផ្លូវ​ជា​ថ្មី​ម្តង​ទៀត ដោយសារតែ​អំណាច​ទាំងស្រុង​នៅ​ក្នុង​កណ្តាប់ដៃ​យោធា​នោះ​ទេ៕

ប្រែសម្រួល​ដោយ លី ម៉ូរីវ៉ាន់

XS
SM
MD
LG