អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត់ទទួលរងការចោទប្រកាន់ផ្ទួនៗ ខណៈពេលដែលព្រះរាជអាជ្ញានិយាយថា ពួកគេនឹងចោទប្រកាន់លោកស្រីពីបទព្រហ្មទណ្ម ហើយសភាដែលតែងតាំងដោយក្រុមយោធាបានបោះឆ្នោតចោទ ប្រកាន់លោកស្រីសម្រាប់ការធ្វេសប្រហេសក្នុងកម្មវិធីផ្តល់ប្រាក់ជំនួយឧបត្ថម្ភផ្នែកស្រូវអង្គរ។
ក្រុមមន្ត្រីបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះថា លោកស្រី យីងឡាក់ នឹងប្រឈមមុខនឹងបទព្រហ្មទណ្មក្នុងតុលាការកំពូលប្រទេសថៃ។ ហើយប្រសិនបើរកឃើញថាមានទោស លោកស្រីនឹងជាប់ពន្ធនាគារជាអតិបរមាចំនួន១០ឆ្នាំ។
លោក Surasak Threerattrakul អគ្គនាយកការិយាល័យរាជអាជ្ញានៃទីភ្នាក់ងារ ស៊ើបអង្កេតបានថ្លែងថាក្រុមរដ្ឋអាជ្ញាកំពុងត្រួតពិនិត្យមើលសាក្សីនិងភស្តុតាង ដែលបានបញ្ជូនមកពីក្រុមការងារ ក៏ដូចជាភស្តុតាងដែលគណៈកម្មាធិការ ប្រឆាំងនឹងអំពើពុករលួយបានតម្គល់ទុកជាឯកសារផងដែរ។ ហើយរឿងនេះ គេបានរកឃើញថាមានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ជាផ្លូវការ។
លោកស្រីយីងឡាក់បានការពារខ្លួនលោកស្រីនៅចំពោះមុខសភាកាលពីថ្ងៃ ព្រហស្បតិ៍។ លោកស្រីបានអះអាងប្រាប់សមាជិកសភាទាំង២២០នាក់ថា សំណុំ រឿងប្រឆាំងនឹងលោកស្រីជារឿងនយោបាយ ហើយកម្មវិធីឧបត្ថម្ភប្រាក់ដើម្បីទិញស្រូវអង្គរបានផ្តល់ផលប្រយោជន៍ដល់កសិករថៃ៕