អតីតប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ត្រូវបានកោះហៅឲ្យបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។
ប៉ូលិសបាននិយាយថា លោក Zuma ត្រូវបានតុលាការចេញដីកាកោះហៅកាលពីថ្ងៃចន្ទ បន្ទាប់ពីលោកត្រូវបានបង្ខំឲ្យចុះចេញពីតំណែងកាលពីខែមុន ក្រោយពីគណបក្សរបស់លោកលែងគាំទ្រលោកតទៅទៀត។
អាជ្ញាធរកាត់ទោសជាតិនៃប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយកាលពីដើមខែនេះថា ខ្លួននឹងចោទប្រកាន់លោក Zuma លើ១៦ករណី ដោយរួមទាំងករណីបន្លំ ទុច្ចរិត ពុករលួយ និងការលាងលុយកខ្វក់។
ការចោទប្រកាន់ទាំងនោះពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងអាវុធកាលពីអំឡុងទសវត្សរ៍៩០ ហើយត្រូវបានលុបចោលអស់រយៈពេលជិតមួយទសវត្សរ៍មុននឹងលោក Zuma បានជាប់ជាប្រធានាធិបតីដោយជោគជ័យនៅក្នុងឆ្នាំ២០០៩។
លោក Zuma គឺជាអនុប្រធានាធិបតីកាលពីពេលធ្វើកិច្ចព្រមព្រៀងអាវុធនោះ។ លោក Schabir Shaikh ដែលជាអតីតទីប្រឹក្សាហិរញ្ញវត្ថុរបស់លោក ត្រូវបានរកឃើញថាមានកំហុសកាលពីឆ្នាំ២០០៥ ចំពោះការព្យាយាមទាមទារប្រាក់ឲ្យលោក Zuma ពីក្រុមហ៊ុនផលិតអាវុធបារាំងមួយ។ លោក Zuma បានបដិសេធម្តងហើយម្តងទៀតថាខ្លួនមិនបានប្រព្រឹត្តខុសឆ្គងនោះទេ៕