អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងលោកយឹម ស៊ីណន បានស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកលែងការចោទប្រកាន់លើរូបលោក ពាក់ព័ន្ធនឹងផែនការវិលចូលប្រទេសមិនជោគជ័យរបស់មេដឹកនាំបក្សជំទាស់លោកសម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សំណើរបស់លោក យឹម ស៊ីណន ធ្វើឡើង ក្រោយតុលាការទម្លាក់ចោលការចោទប្រកាន់លើអ្នកវិភាគនយោបាយលោក សេង សារី ពីបទរួមគំនិតក្បត់និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមចំពោះការវិភាគរបស់លោកអំពី«រដ្ឋាភិបាលបង្រួបបង្រួមជាតិ» ដែលជាការប្រកូកប្រកាសរបស់លោកសម រង្ស៊ីកន្លងមកនោះ។ ការទម្លាក់ចោលការចោទប្រកាន់នេះ ធ្វើឡើងទៅតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក យឹម ស៊ីណន ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍តាមប្រព័ន្ធទំនាក់ទំនងសង្គមមួយក្នុងន័យដើមថា៖«ខ្ញុំចង់រស់នៅជាពលរដ្ឋដែលមិនស្ពាយចោទនូវទោសពៃរ៍ណាមួយជាប់ខ្លួន ដោយខ្លួនមិនបានធ្វើខុស។ ហើយរឿងទៅថ្ងៃក្រោយនៃជីវិតនយោបាយ ទុកឲ្យពលរដ្ឋ និងពេលវេលាអ្នកកំណត់»។
បើតាមលិខិតរបស់លោក យឹម ស៊ីណន ធ្វើនៅប្រទេសកូរ៉េខាងត្បូងចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អតីតប្រធានយុវជនគណបក្សប្រឆាំងរូបនេះ បានសារភាពប្រាប់លោក ហ៊ុន សែនថាក្នុងនាមអតីតប្រធានចលនាយុវជននៃគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសកូរ៉ខាងត្បូង លោកធ្លាប់ដឹកនាំការធ្វើបាតុកម្ម តស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសាកល។
ប៉ុន្តែជាអកុសល ចលនាធ្វើមាតុភូមិនិវត្តន៍៩ វិច្ឆិកា បានបង្កឲ្យមានការជេរប្រមាថព្រះមហាក្សត្រ និងបំផុសឲ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាល ហើយដែលការណ៍នេះធ្វើឲ្យលោកនិងសហការី៩នាក់ទៀត ត្រូវបានបក្ខពួកជ្រុលនិយមក្នុងបក្សមួយចំនួននៃគណបក្សជំទាស់វាយប្រហារ លាបពណ៌មួលបង្កាច់គ្រប់រូបភាពដល់យើងខ្ញុំ។
លោកថ្លែងក្នុងន័យដើមថា៖ «នេះជារឿងអយុត្តិធម៌ ហើយជាអកុសលមួយទៀតនោះ គឺយុទ្ធនាការខាងលើនេះ បានធ្វើឲ្យមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ដល់ពួកយើងខ្ញុំថា បានចូលរួមសកម្មភាពមាតុភូមិនិវត្តន៍៩វិច្ឆិកា២០១៩នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ខ្លួនពីស្ថាប័នតុលាការទៀតផង»៕