មហាបាតុកម្មលើកទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៩នេះ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
លោក ស សុខេម ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងដែលជាអ្នករៀបចំម្នាក់នៃបាតុកម្មនេះបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងមានគោលបំណងបីគឺ ទីមួយដើម្បីស្នើឱ្យប្រទេសហត្ថលេខីបានអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសពីព្រោះអីយើងធ្វើថ្ងៃទី២០ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣។ អីចឹងយើងស្នើឱ្យគេអនុវត្តកិច្ចព្រមព្រៀងហ្នឹងពីព្រោះវាសំខាន់សម្រាប់កម្ពុជា។ គោលបំណងទីពីរគឺយើងស្នើដល់រដ្ឋាភិបាលកូរ៉េឱ្យគេបានជួយដឹងឮហើយនឹងជួយជាសាក្សីចំពោះមាតុភូមិនិវត្តន៍នេះផងដែរ។ គោលបំណងទីបីគឺដើម្បីបំផុសបំផុលទឹកចិត្តពលរដ្ឋខ្មែរនៅជុំវិញពិភពលោកមិនត្រឹមតែនៅកូរ៉េទេគឺនៅជុំវិញពិភពលោកឱ្យមានសកម្មភាពផុលផុសឡើងចូលរួមអមដំណើរនៅក្នុងមាតុភូមិនិវត្តន៍នៅថ្ងៃទី៩វិច្ឆិកានេះ»។
លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេសជិត៤ឆ្នាំបានប្តេជ្ញាដឹកនាំមន្ត្រីគណបក្សដែលបានរត់ភៀសខ្លួនមកនៅក្រៅប្រទេសនិងពលករខ្មែរនៅប្រទេសនានាឱ្យវិលត្រឡប់ចូលមាតុភូមិវិញនៅថ្ងៃទី៩ខែវិច្ឆិកាបើទោះបីជាមិនទទួលបានការលើកលែងទោសពីព្រះមហាក្សត្រចំពោះទោសទណ្ឌនិងបណ្តឹងជាច្រើនដែលលោកត្រូវទទួលក្នុងនោះមានការប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រផងដែរ។
រីឯក្រុមចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងក៏នឹងរៀបចំបាតុកម្មមួយទៀតនៅថ្ងៃទី៣ខែវិច្ឆិកានៅកណ្តាលទីក្រុងសេអ៊ូលដែរ។
លោកយឹម ស៊ីណនប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់វីអូអេតាមទូរស័ព្ទថា៖
«គោលបំណងធំរបស់យើង ដូចដឹងស្រាប់ហើយគឺយើងចង់ជំរុញបងប្អូនខ្មែរនៅជុំវិញពិភពលោកជាពិសេសនៅកម្ពុជាហ្នឹងងើបក្រោកឈរទាំងអស់គ្នាដើម្បីទាមទារឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឱ្យមានការដោះលែងលោកប្រធានកឹម សុខានិងប្រគល់មកឱ្យគណបក្សសង្គ្រោះជាតិមកវិញ បានរស់ឡើងវិញតាមការទាមទាររបស់គណបក្សប្រឆាំងក៏ដូចជាតាមរយៈការធ្វើមាតុភូមិនិវត្តន៍របស់លោកប្រធានសមរង្ស៊ីទៅថ្ងៃទី៩ខែវិច្ឆិកាខាងមុខ»។
មានពលករខ្មែរចំនួន៥៤.០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូងខាងវិស័យសំណង់ កសិកម្មនិងឧស្សាហកម្មធុនស្រាល។ ពួកគេតែងតែចូលរួមក្នុងសកម្មភាពនយោបាយដោយមានការចូលរួមធ្វើបាតុកម្ម និងរៃអង្គាសថវិកាជួយដល់ក្រុមអ្នកប្រជាធិបតេយ្យ។
ក្នុងពេលកន្លងមក លោកសមរង្ស៊ីក៏បានអំពាវនាវឱ្យពួកគេវិលត្រឡប់ទៅមាតុភូមិវិញជាមួយនឹងលោកដើម្បីទៅទាមទារដីស្រែចំការនិងផ្តួលរំលំលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចេញពីអំណាចតាមរយៈចលនាអំណាចពលរដ្ឋ។
មេដឹកនាំពលករបានបញ្ជាក់ថាមានពលករខ្លះចង់ចូលរួមធ្វើមាតុភូមិនិវត្តន៍ជាមួយនឹងលោក សមរង្ស៊ី ប៉ុន្តែពួកគេខ្លះអាចជាប់រវល់ការងារតាមកិច្ចសន្យាដែលពិបាកក្នុងការចាកចេញពីការងារ។
លោកស សុខេម នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅកូរ៉េខាងត្បូងបានបញ្ជាក់បន្ថែមថាលោកមិនបានដឹងពីចំនួនអ្នកស្ម័គ្រចិត្តនៅឡើយទេ៖
«នៅកូរ៉េនេះគឺយើងអត់មានចុះបញ្ជីចាត់តាំងរៀបចំ អ្វីទាំងអស់ដោយសារតែពួកគាត់ គាត់ទៅ ដោយខ្លួនឯង។ គាត់គ្រាន់តែប្រាប់យើងថាគាត់គាំទ្រហើយគាត់ព្យាយាមទៅ ចូលរួមនៅក្នុងមាតុភូមិនិវត្តន៍នេះ។ អីចឹងអត់ពិបាកទេសម្រាប់ពួកគាត់ គាត់មានផ្ទះនៅស្រុកខ្មែរស្រាប់។ អ្នកខ្លះមានផ្ទះនៅភ្នំពេញស្រាប់អីចឹង គាត់ទិញសំបុត្រយន្តហោះគាត់ទៅតែម្តង»។
អាជ្ញាធរកម្ពុជាកំពុងតែរឹតបន្តឹងការធ្វើសកម្មភាពនានាដែលកៀងគរអ្នកគាំទ្រដើម្បី មកស្វាគមន៍លោកសមរង្ស៊ី។ រហូតមកដល់ពេលនេះមានអតីតអ្នកគាំទ្រនិងមន្ត្រីបក្សសង្គ្រោះជាតិចំនួន៤៥នាក់ហើយត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារដោយចោទពីបទរួមគំនិតក្បត់ជាតិ។
អ្នកវិភាគនយោបាយមើលឃើញថានេះគឺជាយុទ្ធនាការបំភិតបំភ័យអ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរនូវការគ្រប់គ្រងអំណាចជាង៣០ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
លោកយឹម ស៊ីណនបញ្ជាក់ថាពលរដ្ឋកម្ពុជាគួរតែជំនះការភ័យខ្លាចខ្លះហើយក្រោកឈរដើម្បីប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមលទ្ធិប្រជាធិបតេយ្យដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។
«មានពាក្យមួយគេនិយាយថាដើមឈើប្រជាធិបតេយ្យអាចរស់បានដោយសារឈាម អីចឹងសម្រាប់ការតស៊ូណាមួយសម្រាប់ប្រជាធិបតេយ្យកម្ពុជា វាមិនអាចអ្នកណាលើកដាក់ជើងពានមកឱ្យយើងទេ វាត្រូវតែមានការលះបង់សាច់ស្រស់ឈាមស្រស់ខ្លះ បែកញើសខ្លះដើម្បីទាមទារនូវលទ្ធិប្រជាធិបតេយ្យមួយសម្រាប់កូនចៅយើងជំនាន់ក្រោយ។ មានន័យថាយើងជំនាន់នេះយើងមានកាត្វកិច្ច ភារកិច្ចមួយសម្រាប់កសាងប្រទេសជាតិសម្រាប់កូនចៅយើងតទៅទៀត»។
ក្រុមចលនាយុវជននេះក៏នឹងត្រៀមធ្វើបាតុកម្មមួយទៀតនៅថ្ងៃទី២៤ខែវិច្ឆិកា ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាននិងដៃគូនៅប្រទេសកូរ៉េខាងត្បូង៕