អតីតសមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់គឺលោក ហុង សុខហួរ ដែលទើបតែមានសេរីភាពឡើងវិញ គ្រោងនឹងចាកចេញពីប្រទេសកម្ពុជា ក្រោយពេលចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ២០១៨។
ភ្លាមៗក្រោយពីត្រូវបានដោះលែង លោក ហុង សុខហួរ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីយប់ថ្ងៃពុធថា បញ្ហាសំខាន់បំផុតសម្រាប់រូបលោក គឺទៅចុះឈ្មោះបោះឆ្នោត មុននឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីព្យាបាលជម្ងឺនៅឯប្រទេសបារាំង ដែលលោកខកខានទៅពិនិត្យជម្ងឺជាង២ឆ្នាំមកហើយ។
លោក ហុង សុខហួរ ដែលមានសញ្ជាតិពីរគឺបារំាង និងខ្មែរ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងន័យដើមយ៉ាងដូច្នេះ៖
«ខ្ញុំក៏មានការត្រេកអរដែរ ដោយសារតែខ្ញុំមានបញ្ហាជម្ងឺព្យាបាលរោគ តាមធម្មតាខ្ញុំត្រូវទៅជួបគ្រូពេទ្យខ្ញុំ៦ខែម្តង។ អីចឹងក្នុងរយៈពេល២ឆ្នាំហ្នឹង ខ្ញុំមិនបានទៅជួបគ្រូពេទ្យខ្ញុំទេ។ ជាឱកាស ខ្ញុំនឹងទៅជួបគ្រូពេទ្យខ្ញុំដើម្បីព្យាបាលជម្ងឺ ឱ្យជាសះស្បើយ បន្ទាប់ពីទៅចុះឈ្មោះបោះឆ្នោតហើយ»។
អតីតសមាជិកព្រឹទ្ធសភា និងមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ បន្ទាប់ពីលោកបានបង្ហោះនូវឯកសារមួយស្តីពីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ក្រោយរងការចោទប្រកាន់បទល្មើសចំនួន៣ រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃពុធកន្លងទៅ ព្រះមហាក្សត្រ បានព្រះរាជទានទោសដល់លោកហុង សុខហួរ ក្រោមការស្នើសុំរបស់លោក ហ៊ុន សែន និងក្រោយពីលោក ហុង សុខហួរ សរសេរលិខិតសុំទោសលោកនាយករដ្ឋមន្ត្រីកម្ពុជាចំពោះទង្វើរបស់លោក។
លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី បានសរសេរលិខិតលាឈប់ពីគណបក្សជំទាស់ កាលពីចុងខែកុម្ភៈកន្លងទៅ មុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន ដែលហាមឃាត់មិនឱ្យបក្សនយោបាយជាប់ទំនាក់ទំនងនឹងទណ្ឌិត ឬជនជាប់ទោស។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅយប់ថ្ងៃពុធ លោក ហុង សុខហួរ ក៏បានអះអាងផងដែរថា លោក មិនទាន់បានសម្រេចចិត្តអំពីគម្រោងបន្ទាប់របស់ខ្លួនថា តើត្រូវបន្តការងារនយោយបាយ ឬយ៉ាងណានៅនោះទេ។
«ខ្ញុំមិនទាន់បានដឹងថា ទៅណា! មកណាទេ! ខ្ញុំសព្វថ្ងៃនេះគឺជាប្រជាជនសាមញ្ញធម្មតា ហើយយើងគិតបន្តទៀត មិនដឹងថា ទៅធ្វើស្អីទេ! ទៅពិនិត្យជម្ងឺសិន ចាំជា ចាំគិតទៀត»។
ការដោះលែងលោក ហុង សុខហួរ ធ្វើឡើងចំពេលដែល ស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា កំពុងឡើងកំដៅ និងមានគម្រោងរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងដ៏ធំរបស់គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបដែលជាគណបក្សជំទាស់ បានបញ្ជាក់ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈទូរស័ព្ទថា ការដោះលែងលោក ហុង សុខហួរ ឱ្យមានសេរីភាពឡើងវិញគឺជា «សញ្ញាវិជ្ជមានមួយ» ខណៈនយោបាយក្នុងប្រទេសកម្ពុជាកំពុងឡើងកំដៅ និងចំពេលដែលមានការអំពាវនាវពីសហគមន៍អន្តរជាតិ។ ទោះយ៉ាងណា លោកស្រី មូរ សុខហួរ បន្តថា ការដោះលែងលោក ហុង សុខហួរ គឺធ្វើតាមសាច់រឿង ដែលធ្លាប់ធ្វើឡើងដោយគណបក្សកាន់អំណាចក្នុងការគំរាមគណបក្សជំទាស់ ហើយលោកស្រីថ្លែងថា កម្ពុជាត្រូវតែធ្វើការកែទម្រង់ឡើងវិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានប្រាប់ VOA ក្នុងន័យដើមថា៖
«ការចាប់ចង ចូលតុលាការកាត់ទោស ចូលពន្ធនាគារ ហើយបានទៅតាមនីតិវិធីគឺសរសេរលិខិតសុំទោសហើយថ្វាយព្រះករុណា លោកព្រះរាជទានឱ្យមានសេរីភាពឡើងវិញនេះមិនមែនជាការណ៍មួយប្រសើរទេ។ ត្រូវមានការកែទម្រង់ប្រព័ន្ធតុលាការមួយឱ្យបានច្បាស់។ អីចឹងហើយបានជាសិទ្ធិបញ្ចេញមតិ សិទ្ធិអ្នកសារព័ត៌មាន សិទ្ធិទទួលព័ត៌មានហើយអ្វីដែលចែងក្នុងរដ្ឋធម្មនុញ្ញ យើងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន...សំខាន់ណាស់គឺ តុលាការ»។
យ៉ាងហោចណាស់មានអតីតសមាជិក និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិជិត២០នាក់ ផ្សេងទៀតកំពុងជាប់ឃុំឃាំងពីបទផ្សេងៗគ្នា។ ពួកគេបានប្រកាសលាលែង និងផ្តាច់ទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០១៧នេះ មុនពេលសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះបានចែងថា គណបក្សនយោបាយដែលមានទំនាក់ទំនងជាមួយពិរុទ្ធជន ឬជនជាប់ទោស គណបក្សនោះនឹងត្រូវរំលាយ។
យ៉ាងណាមិញ គណបក្សសង្គ្រោះកំពុងប្រឈមនឹងការរំលាយចោល ក្រោយពីការចាប់ឃាត់ខ្លួនមេបក្សនេះ គឺលោក កឹម សុខាពីបទឃុបឃិតជាមួយបរទេស ដើម្បីផ្តូលរំលំរដ្ឋាភិបាល ដែលអាចមានទោស «ក្បត់ជាតិ»។
ការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិត្រូវបានអ្នកឃ្លាំមើលការវិវត្តនយោបាយក្នុងប្រទេសកម្ពុជានិងអង្គការនានា ចាត់ទុកថា ជាការបំបាត់សំឡេងប្រឆំាង មុនពេលការបោះឆ្នោតជាតិ ២០១៨ ហើយការណ៍នេះជាការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាក៏រងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អ.ស.ប. អូស្ត្រាលី កាណាដា អង់គ្លេស និងអង្គការអន្តរជាតិធំៗជាច្រើន ចំពោះការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងការប៉ុនប៉ងរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា៕