ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហុង សុខហួរ​ ​អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង​ជាប់​ឃុំ​ ​ត្រូវ​បាន​ដោះលែង​ ក្រោយ​សុំជំនួយពី​លោក​ ​ហ៊ុន សែន


រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។
រូបឯកសារ៖ លោក ហុង សុខហួរ (ស្តាំ) សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម ​រង្ស៊ី ដែល​មាន​សញ្ជាតិ​បារាំង​ ត្រូវបាន​ប៉ូលិស​នាំ​ខ្លួន​ចូលសាលាដំបូងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។ នៅថ្ងៃច័ន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សាលាដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​សាលក្រម​កាត់ទោស​លោក ហុង សុខហួរ ឲ្យ​ជួប​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ។

លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង ដែល​ជាប់​ពន្ធនាគារ​ពី​បទ​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម​ ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ្យ​ទាន​លើកលែង​ទោស​នៅ​ថ្ងៃ​ពុធ​នេះ​ ​បន្ទាប់​ពី​អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ បាន​សរសេរ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។

បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​អំពាវនាវ​ឲ្យ​មេឃុំ​ចៅ​សង្កាត់​ ​និង​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ជាង​៥ពាន់​នាក់​មក​ចុះចូល​ជាមួយ​គណបក្ស​របស់​លោក ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រឈម​នឹង​ការ​រំលាយ​ នៅ​ថ្ងៃ​ពុធ​នេះ​ ​គេ​ឃើញ​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ​ ដោយ​មាន​យោង​ទៅ​តាម​ការ​ទូល​ថ្វាយ​របស់ លោក ហ៊ុន សែន បាន​ត្រាស់បង្គាប់​ឲ្យ​លើក​លែង​ទោស​ លោក​ ​ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រឆាំង។

លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង ដែល​ជាប់​ពន្ធនាគារ​ពី​បទ​ក្លែង​ឯកសារ​ព្រំដែន​កម្ពុជា-វៀតណាម​ ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ព្រះ​រាជ្យ​ទាន​លើកលែង​ទោស​នៅ​ថ្ងៃ​ពុធ​នេះ​ ​បន្ទាប់​ពី​អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ បាន​សរសេរ​លិខិត​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន។

យោង​តាម​ព្រះ​រាជក្រឹត្យ​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះ​មហាក្សត្រ​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​ចេញ​នៅ​ថ្ងៃ​ពុធ​នេះ​ ​ព្រះ​មហាក្សត្រ​ បាន​ត្រាស់​បង្គាប់​ឲ្យ​លើកលែង​ទោសលោក​ ​ហុង​ សុខហួរ​ ​ដោយ​ទ្រង់​យល់​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។

ក្នុង​ព្រះ​រាជក្រឹត្យ​នោះ​ ​ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លោក​ ​ហ៊ុន សែន​ ​ទទួល​បន្ទុក​អនុវត្ត​ព្រះ​រាជក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ។

ព្រះ​រាជក្រឹត្យ​នេះ​ បញ្ជាក់​ដោយ​សម្រង់​ន័យ​ដើម​ថា៖ «ត្រូវ​បាន​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ ហុង សុខហួរ ភេទប្រុស អាយុ ៥៩ ឆ្នាំ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៦៨ ក្រ.Iសវ ចុះ​ថ្ងៃ​ទី​២៩-០៦-២០១៧ របស់​សាលា​ឧទ្ធរណ៍»។

​លិខិត​មួយ​ច្បាប់​ផ្សេង​ទៀត​ ​ដែល​សរសេរ​តាម​កុំព្យូទ័រ​ ​និង​មាន​ហត្ថលេខា​ ​និង​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ហុង សុខហួរ​ ​សរសេរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​កាលពី​ថ្ងៃ​ទី៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៧​ ​និង​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មួយ​ផ្សព្វផ្សាយ​នា​ថ្ងៃ​ពុធ​នេះ ឱ្យ​ដឹង​ថា​លោក​ ​ហុង សុខ​ហួរ​ ​សោកស្ដាយដោយ​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ចំពោះ​នយោបាយ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​បោះ​បង្គោល​ព្រំ​ដែន ដូចជា​យក​ឯកសារ​មិន​ត្រឹមត្រូវ​មក​ប្រើប្រាស់​ក្នុង​បញ្ហា​ព្រំ​ដែន​ ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ក្នុង​មតិ​សាធារណៈ​ លើ​គោល​នយោបាយ​ ​និង​ការ​អនុវត្ត​កន្លង​មក​របស់​រដ្ឋាភិបាល​ជាដើម។​

លិខិត​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ខ្ញុំ​សូម​សម្ដេច​តេជោ​មេត្តា​ពិចារណា​ដោយ​ក្តី​យោគ​យល់​ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជទាន​លើកលែង​ទោស​ដល់​រូប​ខ្ញុំ​ ឲ្យ​មាន​សេរីភាព​ជួបជុំ​ក្រុម​គ្រួសារ និង​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​នៅ​ប្រទេស​បារាំង​ដោយ​ក្តី​អនុគ្រោះ»។​

លោក​ ​ហុង សុខហួរ​ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាលពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​បាន​បង្ហោះ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​សម រង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ​ហុង សុខហួរ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ ​ក្រោយរង​ការ​ចោទប្រកាន់​ចំនួន​៣​បទល្មើស​ ​រួម​មានបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ ​និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ ​VOA​ ​ថា​ ​លោក​មិន​ទាន់​បាន​ដឹង​ពី​ព្រះ​រាជក្រឹត្យ​លើកលែង​ទោស​លោក​ ​ហុង សុខហួរ​ ​នៅ​ឡើយ។​ ​ទោះ​ជា​យ៉ាង​ណា​ លោក​ថា លោក​នាយក​រដ្ឋមន្ត្រី ​តែង​មាន​សន្តាន​ចិត្ត​ក្នុង​ការ​យោគយល់ និង​លើកលែង​សម្រាប់​អ្នក​ដែល​ដឹង​កំហុស។​

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា៖​

«បើ​គ្មាន​ការ​ស្នើ​សុំ​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​ទេ ក៏​ព្រះ​ករុណា​លោក​ក៏​មិន​ដឹង​ថា​មាន​សញ្ញាណ​ណាមួយ​ពី​ការ​លើកលែង​ដែរ។​ ​អា​ហ្នឹង​វា​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​មនោ​សញ្ចេតនា​ផ្ទាល់​របស់​សម្ដេច​តេជោ​ ហ៊ុន សែន នេះ​តែ​ម្ដង»។​

លោក ​សុខ ឥសាន​ ​បន្ថែម​ថា ប្រសិនបើ​លោក​ ​ហុង សុខហួរ​ ​ចង់​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ឬ​អត់ គឺ​សម្រេច​លើ​សិទ្ធិ​នយោបាយ​របស់​លោក ហុង សុខហួរ​ ផ្ទាល់។​

ទោះ​ជា​យ៉ាង​ណា ភរិយា​របស់​លោក​ ​ហុង សុខហួរ​ ​គឺ​អ្នក​ស្រី​ ​គុណ លំអង​ ​ដែល​ជា​ប្រធាន​ចលនា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ដែរ​នោះ បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា អ្នកស្រី​មិន​ទាន់​បាន​ឃើញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​របស់​ព្រះ​មហាក្សត្រ​នៅ​ឡើយ​ និង​មិន​បាន​ដឹង​ពី​លិខិត​ដែល​លោក ហុង សុខហួរ សរសេរ​ទៅ​កាន់​លោក​ ហ៊ុន សែន នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ អ្នកស្រី​ថា អ្នកស្រី​កំពុង​ទាក់ទង​ទៅ​អ្នក​ពាក់ព័ន្ធ និង​ត្រៀម​ចាំ​ទទួល​ស្វាមី​អ្នកស្រី​ចេញពី​ពន្ធនាគារ។

អ្នកស្រី​ ​គុណ លំអង​ ​បញ្ជាក់​ថា៖

«មីង​សុំ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ចាំ​គាត់​មក​ដល់​ផ្ទះ​ស្រួលបួល​សិន។​ ​មីង​កំពុង​រៀបចំខ្លួន​ ​ហើយ​មីង​កំពុងតែ​ទំនាក់​ទំនង​ទៅ​មេធាវី​ ​ជូ​ង ជូងី​ ​ក៏​គាត់​មិន​ទាន់​ដឹង។ ឥឡូវ ​ហ្នឹង​មីង​កំពុង​ទំនាក់​ទំនង​អ្នក​ផ្សេង​ទៀត​ហៅ​អត់​ចូល។​ ​អញ្ចឹង​មីង​សុំ​ពេល​បន្តិច​សិន»។

(រូបភាពពីបណ្តាញ Twitter បង្ហាញ លោក ហុង សុខហួរ និង​ភរិយា នៅក្រៅពន្ធនាគារ)

ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​កើន​កម្ដៅ​ ​និង​បន្ទាប់ពី​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចាប់​ខ្លួន​ ​និង​ឃុំ​ក្នុង​ពន្ធនាគារ ដោយតុលាការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​ ​គេ​ឃើញ​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជាង​ពាក់​កណ្ដាល ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​នេះ​ជាច្រើន​រូប​ទៀត បាន​ចាកចេញ​ពី​កម្ពុជា​ជា​បន្តបន្ទាប់។​

ស្រប​ពេល​ជាមួយគ្នា​នេះ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ជំរុញ​ការ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ចំនួន​៤ ដោយ​កំណត់​បែងចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេង​ ខណៈ​ដែល​តុលាការ​កំពូល​កំពុង​ចាត់​ការ​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ​ ដែល​ប្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

នៅ​ដើម​សប្ដាហ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ បាន​អំពាវ​នាវ​ឲ្យ​មេឃុំ​ចៅ​សង្កាត់ និង​ក្រុមប្រឹក្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ជាង​៥ពាន់​នាក់ មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​រក្សា​តំណែង​របស់​ពួកគេ៕

XS
SM
MD
LG