លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងដែលជាគូប្រជែងនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ធ្ងន់ៗ លើភាពស្របច្បាប់របស់រដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងការខ្ចីប្រាក់ពីរដ្ឋបរទេស ហើយថា រដ្ឋាភិបាលនៃរដ្ឋបរទេសទាំងនោះអាចនឹងប្រឈមការខាតបង់ ប្រសិនបើពួកគេបន្តផ្តល់ប្រាក់ឲ្យកម្ពុជាខ្ចីទៀតនោះ។
នេះបើយោងតាមការអធិប្បាយរបស់លោកសម រង្ស៊ី ដែលបានធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃច័ន្ទ ដោយមានភ្ជាប់ជាមួយនូវអត្ថបទបញ្ចេញមតិរបស់លោក ផ្សាយដោយសារព័ត៌មានបរទេស Asia Times។
លោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិ និងធ្លាប់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុផងនោះ បានអធិប្បាយលើទំព័រហ្វេសប៊ុករបស់លោកតាមន័យដើមថា៖
«ថ្ងៃនេះ សារព័ត៌មាន Asia Times ជាភាសាអង់គ្លេស បានចុះផ្សាយអត្ថបទរបស់ខ្ញុំមួយ មានចំណងជើង«ការប្រែប្រួលយោបល់ទៅជាអវិជ្ជមានពីសំណាក់ភ្នាក់ងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុ (Rating Agencies) ចំពោះប្រទេសកម្ពុជា ឆ្លុះបញ្ចាំងគ្រោះថ្នាក់ក្នុងការឲ្យរបបខុសច្បាប់របស់លោកហ៊ុន សែន ខ្ចីលុយ»។
លោក សម រង្ស៊ី បានបន្តថា៖
«ក្រោយពីការបោះឆ្នោតរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ ១៩៩៣ នេះជាលើកទី១ ហើយពេលនេះ ដែលប្រទេសកម្ពុជាខ្វះរដ្ឋាភិបាលស្របច្បាប់ ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ (Legitimate government)។ អ្នកដែលឲ្យលុយគេខ្ចី (Lenders) ត្រូវយល់ថា រដ្ឋាភិបាលអនាគតនៅកម្ពុជា ដែលចេញមកពីការបោះឆ្នោតត្រឹមត្រូវ តាមបែបបទប្រជាធិបតេយ្យច្បាស់ជានឹងមិនទទួលស្គាល់ឡើយ រាល់ការសម្រេចខ្ចីលុយ ធ្វើឡើងដោយរដ្ឋាភិបាលមិនស្របច្បាប់សព្វថ្ងៃ ចេញមកពីរដ្ឋសភាសព្វថ្ងៃ ដែលមិនស្របច្បាប់ពីដើមទី»។
ក្នុងអត្ថបទរបស់លោកសម រង្ស៊ី ដែលចេញផ្សាយដោយសារព័ត៌មាន Asia Times កាលពីថ្ងៃទី១៩ ខែវិច្ឆិកា អតីតមេដឹកនាំគណបក្សប្រឆាំងរូបនោះ បានលើកឡើងអំពីការវាយតម្លៃនានារបស់ភ្នាក់ងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុ រួមមាន ភ្នាក់ងារ Fitch និង Moody's។
លោក សម រង្ស៊ី បានសរសេរថា កាលពីថ្ងៃទី១៥ ខែតុលា ភ្នាក់ងារ Fitch បានទទួលស្គាល់ថា នៅពេលដែលខ្លួន«កាលពីដំបូងបានចោទសួរថា លោកហ៊ុន សែន កំពុងចាត់ចែងបញ្ចៀសហានិភ័យនានា ដែលបង្កដោយការគ្រប់គ្រងផ្តាច់ការរបស់លោក...វាមើលទៅដូចជាការខិតខំរបស់លោកមិនហុចផលល្អនោះទេ។ ហេតុដូច្នេះ ហានិភ័យនានាទៅលើការព្យាករណ៍កំណើនផលិតផលក្នុងស្រុក ៦ភាគរយក្នុងឆ្នាំ២០១៩ និង៥,៧ភាគរយក្នុងឆ្នាំ២០២០នោះ ត្រូវបានក្លាយជាទម្ងន់នាំដល់ការធ្លាក់ចុះយ៉ាងខ្លាំង»។
ភ្នាក់ងារ Fitch បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងចាត់វិធានការតាមក្រោយក្នុងការដកបុព្វសិទ្ធិពាណិជ្ជកម្មនានា។
តាមការពន្យល់របស់លោក សម រង្ស៊ី វិធានការរបស់សហរដ្ឋអាមេរិកអាចនឹងធ្វើឡើង នៅពេលសហភាពអឺរ៉ុបសម្រេចដាក់ពន្ធលើទំនិញកម្ពុជា ប្រសិនបើប្រទេសនេះមិនធ្វើឲ្យប្រសើរឡើងនៃសិទ្ធិការងារ និងសិទ្ធិមនុស្សពិតប្រាកដនោះទេ។
លោក សម រង្ស៊ី ដែលពេលនេះកំពុងរស់នៅដោយនិរទេសខ្លួនឯងនៅឯប្រទេសបារំាង បានបញ្ជាក់ឲ្យដឹងទៀតថា កាលពីខែមេសា ភ្នាក់ងារ Moody's បានកត់សម្គាល់នូវ«ទស្សនវិស័យកំណើនខ្លាំងក្លានៃផលិតផលសរុបក្នុងស្រុក» និង«ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។ ក៏ប៉ន្តែ Moody's បានយល់ឃើញដូចភ្នាក់ងារ Fitch ដោយភ្នាក់ងារ Moody's បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែតុលា ដែលបានបញ្ជាក់អំពី «ផលប៉ះពាល់ឥណទានអវិជ្ជមានជាដុំកំភួន» មកលើបំណុលជាតិប្រទេសកម្ពុជា ពីការបាត់បង់ការនាំចូលទំនិញដោយមិនជាប់ពន្ធទៅសហភាពអឺរ៉ុប។ ភ្នាក់ងារ Moody's និយាយថា ប្រទេសដទៃទៀត ដូចជាអូស្ត្រាលី និងកាណាដា នឹងធ្វើតាមការចាត់វិធានការនាំមុខរបស់សហភាពអឺរ៉ុប។
លោក សម រង្ស៊ី បានសរសេរជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«ការកែប្រែពាក្យសម្តីដោយភ្នាក់ងារទាំងនេះគួរជាការដាស់ឲ្យភ្ញាក់អ្នកឲ្យខ្ចីលុយសព្វថ្ងៃទៅរបបពុករលួយរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន។ ទោះជានិយាយត្រូវ ឬខុស អ្វីដែលភ្នាក់ងារទាំងនោះលើកឡើង បានរួមចំណែកដល់ការធ្វើគោលនយោបាយ»។
លោក សម រង្ស៊ី បន្ថែមថា រាល់ការអធិប្បាយរបស់ភ្នាក់ងារទាំងនោះទៅលើផលវិបាកជាអវិជ្ជមានខាងពាណិជ្ជកម្មណាមួយ ដែលបណ្តាលមកពីភាពដែលអាចបាត់បង់បន្ថែមសិទ្ធិពាណិជ្ជកម្ម អាចនឹងជាការអធិប្បាយដែលនឹងក្លាយជាការណ៍ពិត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ថ្លែងថា លោក សម រង្ស៊ី ជាមនុស្សមានបញ្ហាប្រព័ន្ធសសៃប្រសាទទៅហើយ។
លោកមានប្រសាសន៍ថា៖
«កុំទៅជាឆ្កួតជាមួយរង្ស៊ីហ្នឹង! អាហ្នឹងវាឆ្កួតបាត់ទៅហើយ! ក្មួយឯងចង់ឆ្កួតជាមួយវា ឬយ៉ាងម៉េច? ឬមួយក្មួយឯងជាអ្នកនាំពាក្យរបស់រង្ស៊ី?»
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះថ្លែងបន្ថែមទៀតថា លោកសម រង្ស៊ី មិនដែលចង់ឃើញកម្ពុជារីកចម្រើននោះទេ។
«សម រង្ស៊ីមិនដែលធ្វើឲ្យស្រុកខ្មែរគ្រាន់បើទេ»។
មុនមួយថ្ងៃនៃការចេញផ្សាយអត្ថបទរបស់លោក សម រង្ស៊ី ដោយសារព័ត៌មាន Asia Times លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីជួបជុំជាមួយកុមារពិការគ ថ្លង់ និងកុមារកំព្រាមកពីមណ្ឌលនានា ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបានបន្ដកើនឡើងទៅមុខជាលំដាប់ ជាហេតុធ្វើឲ្យសហគមន៍អន្ដរជាតិព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីយកទៅជួយដល់ប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចអន់ថយជាងកម្ពុជា។
ក៏ប៉ុន្តែតាមការបញ្ជាក់ពីស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាពេលកន្លងមកនោះ ប្រមុខបេសកកម្មការទូតសហភាពអឺរ៉ុបមិនបានផ្តល់ការអធិប្បាយទៅលើការណ៍ដែលថា ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ទើបតម្រូវឲ្យសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធនោះទេ។
សហភាពអឺរ៉ុបបានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការរៀបចំនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធតាមកម្មវិធីពាណិជ្ជកម្ម«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA)«បានឆ្លុះបញ្ចាំងពីការបារម្ភធ្ងន់ធ្ងរចំពោះការវិវត្តនានានៅកម្ពុជាទាក់ទិនការគោរពសិទ្ធិមនុស្ស និងសេរីភាព ដូចមានចែងក្នុងច្បាប់នានារបស់អង្គការសហប្រជាជាតិ និងកតិការសញ្ញាស្តីពីសិទ្ធិមនុស្ស និងសិទ្ធិការងារជាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO)»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបដិសេធមិនផ្តល់ការអធិប្បាយទៅលើផលប៉ះពាល់លើការងាររបស់កម្មករក្នុងឧស្សាហកម្មកាត់ដេរ ក្នុងករណីមានការដកប្រព័ន្ធអនុគ្រោះពន្ធនេះទេ តែសហភាពអឺរ៉ុបសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងចាត់វិធានការដែលស្របនឹងកតិការសញ្ញាទាំងឡាយ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបនៅទុកពេលឲ្យមានការសន្ទនាជាមួយកម្ពុជា ហើយប្រសិនបើកម្ពុជាកែប្រែស្ថានភាពបានយ៉ាងឆាប់នោះ នោះរាល់វិធានការនានាអាចនឹងត្រូវយកមកធ្វើការពិចារណាឡើងវិញ។
លោក សម រង្ស៊ី បានថ្លែងបញ្ជាក់ក្នុងអត្ថបទរបស់លោកចេញផ្សាយដោយកាសែត Asia Times ថា បើតាមការប៉ាន់ស្មានរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ការបាត់បង់កិច្ចអនុគ្រោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប នឹងនាំមកនូវការជាប់ពន្ធមានទឹកប្រាក់ចំនួន៦៧៦លានដុល្លារអាមេរិក។
អតីតមេដឹកនាំគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំមុននោះ បានបញ្ជាក់ទៀតថា ហិរញ្ញវត្ថុ និងនយោបាយជាការណ៍ពិតមិនអាចចែកឲ្យដាច់ពីគ្នាបានទេ។ ការចូលទៅទីផ្សារដោយគ្មានការបង់ពន្ធសម្រាប់កម្ពុជាត្រូវបានផ្តល់ពីដើមទីដោយសហភាពអឺរ៉ុប ជាការទទួលស្គាល់ការផ្លាស់ប្តូររបស់កម្ពុជាទៅរកលទ្ធិប្រជាធិបតេយ្យ។ ចាប់តាំងពីការចាប់ផ្តើមនោះមក សហភាពអឺរ៉ុបបានទទូចសុំឲ្យកម្ពុជាធ្វើឲ្យមានច្រើនមុខនៃការនាំចេញរបស់ខ្លួនដើម្បីបញ្ចៀសការពឹងផ្អែកលើផលិតផលតែមួយ ឬក៏ទីផ្សារមួយ។ ប៉ុន្តែប្រមាណ៤០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅតែបានមកពីការនាំចេញសម្លៀកបំពាក់។
លោកបានបន្តថា ដំណើរវិវត្តន៍ទៅរកលទ្ធិប្រជាធិបតេយ្យ ដែលជាដំណើរមួយដ៏យឺតយ៉ាវ និងឈឺចាប់នៅកម្ពុជា បានបញ្ចប់ទាំងស្រុងកាលពីខែកក្កដា នៅពេលរដ្ឋាភិបាលរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលគណបក្សសង្គ្រោះជាតិ ដែលជាអ្នកប្រកួតប្រជែងសំខាន់តែមួយគត់ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ត្រូវបានគេផាត់ចេញ ហើយមិនមានអ្នកសង្កេតការណ៍អន្តរជាតិដែលគួរឲ្យទុកចិត្តបានបង្ហាញឆន្ទៈឃ្លាំមើលដំណើរការបោះឆ្នោតនោះទេ៕