ក្រុមតំណាងរាស្ត្រចំនួន១៧នាក់របស់គណបក្សសង្គ្រោះជាតិ ដែលតុលាការខ្មែរបានរំលាយចោលកាលពីឆ្នាំ២០១៧នោះ បានដាក់លិខិតពីរដាច់ដោយឡែកពីគ្នាបញ្ជាក់ប្រាប់ក្រុមមេដឹកនាំគោលនយោបាយ និងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប អំពីការបន្តរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បង្កដោយអាជ្ញាធរក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ការគាំទ្រដល់ជំហរនយោបាយរបស់ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ក្នុងការបន្តដាក់ទណ្ឌកម្មទិដ្ឋាការលើជនណាដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លិខិតរបស់ក្រុមតំណាងរាស្ត្រទាំង១៧នាក់ ក្នុងនោះមានលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងអ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សនេះ បានពណ៌នាការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធមកលើជនស៊ីវិលដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទីដែលមានជម្លោះដីធ្លីរវាងក្រុមពលរដ្ឋ និងឧកញ្ញ៉ាដ៏មានឥទ្ធិពលមួយរូបគឺលោកស៊ី គង់ទ្រីវ ដែលធ្លាប់ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
លិខិតដែលបានផ្ញើជូនប្រធានកិច្ចការនយោបាយបរទេសសហភាពអឺរ៉ុប គឺអ្នកស្រី Federica Mogherini និងអ្នកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបនោះ បានរ៉ាយរ៉ាប់ថា ឧបទ្ទវេហេតុនៃជម្លោះដីធ្លីដ៏ហិង្សាថ្មីៗមួយបានកើតឡើងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មនុស្សប្រាំនាក់ត្រូវបានឃាត់ខ្លួន តែក្រោយមកត្រូវបានដោះលែងវិញ បន្ទាប់ពីពួកគេត្រូវបានអូស និងរុញច្រានយ៉ាងឃោរឃៅដោយមន្ត្រីកងរាជអាវុធហត្ថ ហើយមនុស្សម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើង។
អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA តាមសារឆ្លើយឆ្លងអេឡិចត្រូនិកមួយថា ការប្រព្រឹត្តដ៏ហិង្សារបស់ក្រុមអាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើឲ្យកម្ពុជារឹតតែប្រឈមមុខនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធតាមកម្មវិធីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបហៅថា«គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ» ឬ EBA។
«អ្វីដែលពាក់ព័ន្ធជាមួយករណីយកដីប្រជាពលរដ្ឋនេះហើយគឺជាករណី ដែលសហគមន៍អឺរ៉ុប គេដាក់ជាលក្ខខណ្ឌ ដោះដើម្បីក្នុងករណី ដែលអាចគេព្យួរ EBA»។
អនុប្រធានគណបក្សប្រឆាំងរូបនេះអះអាងថា រដ្ឋាភិបាលលោកហ៊ុន សែនបានបាត់ឱកាសក្នុងការរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធដ៏មានសារៈសំខាន់នេះ ដោយសារតែអាជ្ញាធរកម្ពុជាបានបន្តប្រើហិង្សាយ៉ាងកាចសាហាវលើពលរដ្ឋស្លូតត្រង់របស់ខ្លួនម្តងហើយម្តងទៀត។
លិខិតរបស់ក្រុមតំណាងរាស្ត្រទាំង១៧នាក់ក៏បានបង្ហាញការគាំទ្រដល់វិធានការរបស់ក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក ក្នុងនោះមានលោក Ted Yoho ដែលបានព្យាយាមរំឭកឡើងវិញនូវច្បាប់មួយដើម្បីជួសជុលការខូចខាតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កាលពីដើមខែមករា ឆ្នាំ២០១៩កន្លងទៅនោះ លោក Ted Yoho អ្នកតំណាងរាស្រ្តប្រចាំរដ្ឋផ្លរីដានៃគណបក្សសាធារណរដ្ឋ បានដាក់សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»នេះចូលសភាតំណាងរាស្រ្តឡើងវិញ។
សេចក្តីស្នើច្បាប់នេះមានការចូលរួមគាំទ្រដោយលោក Alan Lowenthal អ្នកតំណាងរាស្រ្តប្រចាំរដ្ឋកាលីហ្វញ៉ានៃគណបក្សប្រជាធិបតេយ្យ លោក Eliot Engel អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យនិងជាប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រ និងលោក Michael T. McCaul អ្នកតំណាងរាស្ត្រប្រចាំរដ្ឋតិចសាស និងជាប្រធានក្រុមសាធារណរដ្ឋនៃគណៈកម្មាធិការកិច្ចការបរទេស។
សេចក្តីស្នើ«ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»នេះមានគោលបំណងដាក់ទណ្ឌកម្មទិដ្ឋាការ និងសេដ្ឋកិច្ចលើជនណាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យដោយការចងភ្ជាប់បញ្ហាពាណិជ្ជកម្មជាមួយនឹងសិទ្ធិមនុស្ស។
លោក Ted Yoho ដែលមកពីគណបក្សកាន់អំណាចបានបញ្ជាក់ប្រាប់ VOA កាលពីពេលកន្លមកថា៖
«គោលនយោបាយរបស់យើង គឺយើងចង់ធ្វើពាណិជ្ជកម្មដោយឈរលើមូលដ្ឋានយុត្តិធម៌។ ប្រសិនបើពួកគេចង់ក្លាយជាប្រទេសប្រជាធិបតេយ្យ ពួកគេត្រូវតែធ្វើឱ្យមានប្រជាធិបតេយ្យ ហើយនេះជាហេតុផលមួយដែលយើងធ្វើពាណិជ្ជកម្មជាមួយនឹងពួកគេ។ ប្រសិនបើពួកគេមានសិទ្ធិមនុស្សមិនល្អ ហើយគាបសង្កត់ការបោះឆ្នោត គឺពួកគេមិនមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ហើយដូច្នេះសម្ពាធនឹងដាក់លើពួកគេ។ លោកហ៊ុន សែន ត្រូវតែសម្រេចថា គាត់ចង់ធ្វើអ្វី»។
អ្នកស្រីមូរ សុខហួរ បានឲ្យដឹងទៀតថា អ្នកស្រីបានស្នើសុំក្រុមតំណាងរាស្ត្រសភាសហរដ្ឋអាមេរិកដាក់បញ្ចូលឈ្មោះសេដ្ឋីកម្ពុជាពីរនាក់គឺលោកស៊ី គង់ទ្រីវ និងលោកឡៅ ម៉េងឃីន ដែលជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកចំពោះប្រវត្តិមិនល្អរបស់ជនមានអំណាច និងទ្រព្យទាំងពីរនាក់នេះ ពាក់ព័ន្ធនឹងការរំលោភធ្ងន់ធ្ងរលើសិទ្ធិដីធ្លីរបស់ពលរដ្ឋខ្មែរក្នុងខេត្តព្រះសីហនុ ខេត្តរតនគីរី និងខេត្តមណ្ឌលគិរី។
បន្ថែមលើការបង្ហាញក្តីបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានោះ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង១៧នាក់ក៏បានស្នើសុំគណៈកម្មការសហភាពអឺរ៉ុបផ្តល់ឱកាសឲ្យពួកគាត់ផ្តល់សក្ខីកម្មអំពីបញ្ហារំលោភសិទ្ធិនេះនៅចំពោះមុខក្រុមមេដឹកនាំនៃគណៈកម្មការសហភាពអឺរ៉ុបម្តងទៀតផងដែរ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពីសេដ្ឋីខ្មែរទាំងពីរនាក់នេះបានទេនៅថ្ងៃអង្គារនេះ។ VOA ក៏មិនទាន់អាចទាក់ទងលោកយន្ត មីន អភិបាលខេត្តព្រះសីហនុបានដែរនៅថ្ងៃអង្គារនេះ។
ហេតុការណ៍ដ៏ហិង្សា ដែលបានកើតឡើងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីចុងខែមករាកន្លងទៅនោះ បានកើតឡើង គ្រាដែលតម្លៃដីធ្លីនៅខេត្តព្រះសីហនុបានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ ដោយសារតែការវិនិយោគរបស់ចិនយ៉ាងក្រាស់ក្រែលនៅក្នុងខេត្តជាប់មាត់សមុទ្រដែលស្ថិតនៅភាគនិរតីរបស់ប្រទេសកម្ពុជា។
នេះបើយោងតាមលិខិតដដែលរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ក្រោមបទចោទថា គណបក្សនេះប្រព្រឹត្តអំពើក្បត់ជាតិ៕