ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អតីត​ព្រះ​សង្ឃ​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ប្តេជ្ញា​លើក​ស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ


លោក​ កើត សារ៉ាយ ​ជា​អតីត​ព្រះ​សង្ឃ​ និង​ជា​អ្នក​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ ​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​។ (រូបថត​ពី Facebook/Koet Saray)
លោក​ កើត សារ៉ាយ ​ជា​អតីត​ព្រះ​សង្ឃ​ និង​ជា​អ្នក​ធ្លាប់​ជាប់​ក្នុង​ពន្ធនាគារ​ ​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​។ (រូបថត​ពី Facebook/Koet Saray)

​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​ដោយ​បុរស​ម្នាក់​ដែល​ជា​អតីត​ព្រះសង្ឃ​មិន​ពាក់​ស្បែក​ជើង​ទេ​ ហើយ​នៅ​ពេល​គាត់​ត្រូវ​បាន​គេ​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ក៏​គាត់​មិន​ពាក់​ស្បែក​ជើង​ដែរ។​

បុរស​ជា​អតីត​ព្រះសង្ឃ​រូប​នោះ​គឺ​លោក​កើត​ សារ៉ាយ​ ដែល​ត្រូវ​បាន​តុលាការ​ដោះលែង​ចេញ ​ពី​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ក្នុង​សំណុំ​រឿង​ជំទាស់​នឹង​ការ​ចាប់ខ្លួន​លោក​រ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​កាលពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២០។​

បន្ទាប់​ពី​លោក​បាន​ក្លាយ​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ ​តាម​ការ​រយៈ​ការ​បោះឆ្នោត​ក្នុង​សមាជ​លើក​ទី២​ របស់​សមាគម​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ឆ្នាំ​២០២២​ លោក​កើត សារ៉ាយ​ ប្រាប់​វីអូអេ​ថា​ក្នុង​នាម​ជា​ប្រធាន​ សមាគម​លោក​មិន​រាថយ​នោះ​ទេ​ក្នុង​ការ​ប្រឆាំង​អំពើ​យុត្តិធម៌​សង្គម​ និង​ការ​ជំរុញ​ឱ្យ​មាន​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​មួយ​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​នៅ​កម្ពុជា។​

លោក​និយាយ​ថា៖​«ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ យើង​ទទួល​បាន​ភារៈ​ឬ​តួនាទី​ដែល​ទៅ​មុខ​ទៀត​ក្នុង​ការ​ចូលរួម​បម្រើ​ដល់​ផល​ប្រយោជន៍​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​

លោក​កើត សារ៉ាយ​ អាយុ​៣៥​ឆ្នាំ​មាន​ស្រុក​កំណើត​នៅ​ភូមិ​សំរោង​ ឃុំ​សំរោង​ ស្រុក​សូទ្រនិគម​ ខេត្ត​សៀមរាប។​លោក​ស្ថិត​នៅ​ក្នុង​ចំណោម​សកម្ម​ជន​យ៉ាង​ហោច​ណាស់​១០​នាក់​ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ រយៈ​ពេល​២០​ខែ​ ចំពោះ​សកម្ម​ភាព​តវ៉ា​ ​ទាម​ទារ​ឲ្យ​ដោះ​លែង​មេ​ដឹកនាំ​សហជីព​លោក​ រ៉ុង ឈុន​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​ វៀតណាម​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​បង​ប្អូន​៦នាក់ ​ លោក​កើត ​សារ៉ាយ​ បាន​សាង​ផ្នួស​បួស​ជាព្រះ​សង្ឃ​ជ្រក​ក្រោម​ម្លប់​ព្រះ​ពុទ្ធ​សាសនា​តាំង​ពី​នៅ​អាយុ​១៣​ឆ្នាំ ​រហូត​មក​ទល់​ពេល​ដែល​អាជ្ញាធរ​ចាប់​ផ្សឹក​កាល​ពី​អំឡុង​ខែ​សីហា​ ឆ្នាំ​២០២០​ក្រោយ​ពេល​ដែល​លោក​និង​ក្រុម​យុវជន​ផ្សេង​ទៀត​បាន​ចូលរួម​តវ៉ា​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​លោក​រ៉ុង ឈុន​ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ ក្រោម​បទ​ចោទ​ «ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។​

អំឡុង​ពេល​គង់​នៅ​ជា​សង្ឃ​ក្នុង​វត្ត​ដំរីស​ នា​ខេត្ត​បាត់ដំបង​អតីត​សង្ឃ​លោក​កើត សារ៉ាយ​ បាន​ទទួល​ការ​សិក្សា​ នៅ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះ​សីហនុរាជ។​លោក​ក៏​ជា​អតីត​សិស្ស​នៅ​ពុទ្ធិក​បឋម​សិក្សា​វត្ត​ខ្នាច​ រមាស​ និង​ពុទ្ធិក​វិទ្យាល័យ​អ៊ឹងធួង​នៅ​ខេត្ត​បាត់ដំបង​ជាប់​ប្រទេស​ថៃ។​

លោក​កើត សារ៉ាយ​ បាន​លើក​ឡើង​ទៀត​ថា ​ ការ​ទទួល​បាន​តួនាទី​ជា​ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​គឺ​ជា​ភារកិច្ច​មួយ​ថ្មី​ទៀត​សម្រាប់​លោក​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ប្រជា​ជាតិ​ខ្មែរ​ និង​ការ​ទាម​ទារ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ហើយ​ជា​ពិសេស​នោះ​ លោក​នឹង​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​បញ្ញ​ជន​ខ្មែរ​នៅ​គ្រប់​ច្រក​ល្ហក​ដើម្បី​កៀរ​គរ​ឱ្យ​ពួក​គេ​ចូល​រួមដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​និយាយ​ថា៖​«លើក​កម្ពស់​ប្រជា​ធិបតេយ្យ​ ​យើង​ចង់​ឃើញ​មាន​ការ​ផ្សះ​ផ្សារ​ជាតិ​ដោយ​អហិង្សា​ ជា​ពិសេស​យើង​ចង់​ឃើញ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ មាន​នីតិរដ្ឋ​ត្រឹម​ត្រូវ​ ហើយ​កាន់​តែ​ពិសេស​ទៀត​នោះយើង​មើល​ឃើញ​ពី​កំណែ​ទម្រង់​នៃ​អំពើ​ពុក​រលួយ»។​

មាន​សម្បុរ​ស្រអែម​ ហើយ​និយាយ​ដោយ​ភាព​ម៉ឺងម៉ាត់ អតីត​ព្រះ​សង្ឃ​លោក​កើត សារ៉ាយ​បាន​កោត​សរសើរ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ ដែល​បាន​ធ្វើ​កិច្ចការ​ជាច្រើនដូចជា​ ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​បញ្ហា​ព្រំដែន​ ដែល​មាន​ក្រុម​១០០​រាត្រី​ជា​អ្នក​ដឹកមុខ​ ហើយ​ក៏​ជា​អង្គភាព​មួយ​របស់​សមាគម​នេះ​ដែរ។​

លើស​ពី​នេះ ​លោក​កើត សារ៉ាយ​ ថា​ សមាគម​ក៏​បាន​ចូលរួម​ធ្វើ​សកម្មភាព​សង្គម​ផ្សេងៗ​ទៀត​ ក្នុង​នោះ​មាន​ការ​ ចូលរួម​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស ​ជំរុញ​ឱ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏ដូច​ជា​ចងក្រង​និស្សិត​បញ្ញវន្ត​ពី​គ្រប់​ទិសទី​ជា​ដើម។​

លោក​ រ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​ និង​ជា​អតីត​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ​បាន​លើក​ឡើង​ថាលោក​មាន​សុទិដ្ឋិ​និយម​ចំពោះ​លោក​កើត សារ៉ាយ​ ដោយ​ហេតុថា​លោក​មាន​ទាំង​ចំណេះ​ដឹង ​សមត្ថភាព​និង​ធនធាន ​ស័ក្តិសម​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​សមាគម​នេះ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ។​

លោក​ផ្តល់​ការ​កត់​សម្គាល់​ថា​លោក​កើត សារ៉ាយ​ មាន​ភាព​សកម្ម​ផង​ដែរ​នៅ​ក្នុង​ការ​តស៊ូ​មតិ​ជាមួយ​ក្រុម​យុវជន​មួយ​ ដែល​គេ​ស្គាល់​ជា​«ក្រុម​ខ្មែរ​ថាវរៈ» ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​ និង​បរិស្ថាន។ ​

លោក​រ៉ុង ឈុន ​ប្រាប់​វីអូអេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ថា៖ ​«យុវជន​គឺ​ត្រូវការ​អ្នក​ដែល​មាន​ឆន្ទៈ​និង​សេចក្តី​ក្លាហាន​នៅ​ក្នុង​ការ​រៀបចំ​ចងក្រង​ដើម្បី​ធ្វើ​ម៉េច​ឱ្យ​មាន​ឥទ្ធិពល​នៅ​ក្នុង​ការ​ចូល​រួម​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា​យើង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិតប្រាកដ»។​

បើ​តាម​លោក​រ៉ុង ឈុន​ បេសក​កម្ម​សំខាន់​ និង​ចម្បង​ជាង​គេ​របស់​លោក​កើត សារ៉ាយ​ គឺ​ការ​ចង​ក្រង​យុវជននិស្សតិ​និង​បញ្ញវន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​អាច​ចូល​រួម​ធ្វើ​ការងារ​សង្គម​ជា​មួយ​គ្នា​ពីព្រោះ​ថា ​និស្សិត​បញ្ញវន្ត​ ខ្មែរ​សព្វ​ថ្ងៃ​ភាគ​ច្រើន​ ហាក់​ដូច​ជា​មិន​មាន​មនសិការ​ គិត​គូរ​និង​ចូលរួម​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​ចាក់​ស្រេះ​ក្នុង​ប្រទេស​ជាតិ​ ដែល​រួមមាន​បញ្ហា​នៃ​ការ​អភិរក្ស​ធនធាន​ធម្មជាតិ អំពើ​ពុករ​លួយ​ ការ​អភិវឌ្ឍ​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធិ​ដីធ្លី​របស់​ពលរដ្ឋ​ និង​ការ​ការពារ​បូរណភាព​ទឹកដី។​

មុន​ពេល​អតីត​ព្រះសង្ឃ​លោក​កើត​ សារ៉ាយ​ មក​ដឹកនាំ​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​ សមាគម​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​យុវជន​មួយ​ចំនួន​ក្នុង​នោះ​ មាន​លោក​មួង សូនី​ និង​លោក​មាន ព្រហ្មមុនី​ ដែល​ជា​អនុប្រធាន។​ សមាគម​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ និង​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​មហាផ្ទៃកាលពី​ឆ្នាំ​២០១៤។ ​

កញ្ញា​ហុក គឹមលាង​ ហេរញ្ញឹក​នៅ​ក្នុង​សមាគម​និស្សិត​បញ្ញវន្ត​ អះអាង​ថា​ លោក​សារ៉ាយ​នឹង​ធ្វើ​ឱ្យ​សមាគម​ មាន​ភាព​រីក​ចម្រើន​បន្ត​ទៅ​មុខ​ទៀត ដោយ​ហេតុថា​លោក​ជា​ សហ​ស្ថាបនិក​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ។​ កញ្ញា​បន្ថែម​ថា​ ទស្សនៈ​របស់​សមាគម​និង​អ្វី​ដែល​លោក​កើត សារ៉ាយ​ កំពុងតែ​ធ្វើ​គឺ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។​

កញ្ញា​និយាយ​ថា៖ ​«ម្យ៉ាង​គាត់​ជា​មនុស្ស​ដែល​លះបង់។ ការងារ​ណា​ដែល​គាត់​ដាក់​ចិត្ត​ថា​នឹង​ធ្វើ​គាត់​ប្រាកដ​ជា​អាច​ធ្វើ​បាន។ ​ អាត្រង់​ចំណុច​នេះ​ ហើយ​ដែល​ខ្ញុំ​គិត​ថា​គាត់​មាន​ឆន្ទៈ​ហើយ​ជា​មនុស្ស​ដែល​លះ​បង់ខ្ពស់​ សម្រាប់​ជាតិ»។​

ដោយ​ឡែក​នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំ សំអាត ​មើល​ឃើញ​ពី​សារៈ​សំខាន់​នៃ​សេរីភាព​ពេញ​លេញ​របស់​លោក​កើត សារ៉ាយ​ក្នុង​ការ​បំពេញ​ការងារ​ដោយ​គ្មាន​សម្ពាធ​ពី​តុលាការ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា​តាំង​ពីដើម​មក​គឺ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ តែង​តែ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំង​ឡាយ​ទៅ​លើ​ក្រុម​យុវជនខ្មែរ​ថាវរៈ ​ក្នុង​នោះ​មាន​លោក​កើត សារ៉ាយ​ផង​ដែរ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«យើង​នៅ​តែ​ទាម​ទារ​ថា​សូម​ឱ្យ​សាលា​ឧទ្្ធរណ៍​ទម្លាក់​បទ​ចោទ​ទៅ​លើ​ពួក​គាត់​ចោល​ដើម្បី​ឱ្យ​ពួក​គាត់​មាន​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ចូលរួម​ធ្វើ​ការងារ​សង្គម ​ការងារ​សិទ្ធិ​មនុស្ស​ ឬ​ក៏​បរិស្ថាន​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​ឬ​ក៏​មិន​មាន​ស្ថិត​នៅ​ក្រោម​គំនាប​នៃ​ប្រព័ន្ធ​យុត្ថាធិការ​ ឬ​ក៏​ប្រព័ន្ធ​ផ្លូវ​ច្បាប់»។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ជិន​ ម៉ាលីន​បាន​លើក​ឡើង​ថា ការលើកឡើង​ថា មានការរឹតត្បិត​សិទ្ធិសេរីភាព​គ្រាន់​តែ​ជាមតិ​របស់​ក្រុម​នេះ​ដែល​តំណាង​ឱ្យ​មនុស្ស​មួយ​ចំនួន​តូច។​

«លំហ​សិទ្ធិ​សេរីភាព​និង​ប្រជា​ធិបតេយ្យ​អត់​មាន​ការ​រួម​តូច​ទេ​សម្រាប់​ប្រជា​ពលរដ្ឋ​ភាគច្រើន​ដែល​គោរព​ទៅ​តាម​ច្បាប់​បាន​ខ្ជាប់​ខ្ជួន។​ហើយ​បញ្ហា​តែ​មួយ​ក្រុម​តូច​ដែល​តែងតែ​ធ្វើ​សកម្មភាព​ល្មើស​នឹង​ច្បាប់​និង​បង្កភាព​ចលាចល​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​បាទ»។​

ទោះបី​ជា​សេរីភាព​របស់​លោក​មួយ​ផ្នែក​ត្រូវ​បាន​កំហិត​ដោយ​អំណាច​តុលាការ​ក្តី​ អតីត​ព្រះសង្ឃ​ លោក​កើត សារ៉ាយ​និយាយ​ថា​ លោក​នឹង​បន្ត​ប្រើប្រាស់​សិទ្ធិ​មូលដ្ឋាន​របស់​លោក​ក្នុង​សកម្មភាព​តស៊ូ​មតិ​ ខណៈ​លោក​បំពេញ​ការងារ​ជា​ប្រធាន​សមាគម​នេះ។​ លោក​ជឿ​ថា​សកម្ម​ភាព​សង្គម​របស់​លោក​កន្លង​មក​នោះ​ មិន​បាន​បង្ក​ឱ្យ​មាន​បទ​ល្មើស​ណាមួយ​ដែល​ត្រូវ​ឱ្យ​លោក​ប្រឈម​មុខ​នឹង​តុលាការ​នោះ​ទេ។​

លោក​និយាយ​ថា៖​«ដូច្នេះ​ខ្ញុំ​អត់​មាន​អី​ ដែល​ខុស​ ហើយ​ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ស្អាត​ស្អំ ​ ហើយ​ការ​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ​គឺ​ជា​រឿង​អយុត្តិធម៌ ​ដែល​សូម្បី​សាកល​លោក​ទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ​ក៏​ទទួល​ស្គាល់​ដែរ​ថា​ជា​ការ​ចាប់​ខ្លួន​ដែល​វា​មិន​ត្រឹម​ត្រូវ»។​

លោក​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា​បើ​មិន​មាន​ការ​អនុវត្ត​លទិ្ធ​ប្រជា​ធិបតេយ្យ​ត្រឹមត្រូវ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ពលរដ្ឋ​កម្ពុជា ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ ជើង​របស់​លោក​ក៏​មិន​ត្រូវការ​ស្បែក​ជើង​ដែរ។

លោក​ថ្លែង​យ៉ាង​ដូច្នេះ៖​«នេះ​ជា​ការ​តាំង​ចិត្ត​របស់​ខ្ញុំ ​គឺ​ខ្ញុំ​នៅ​តែ​បន្ត​វា​រហូត​ទាល់​តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឃើញ​ចង់​បាន​ហ្នឹង​ វា​លេច​ឡើង​ជា​រូប​រាង​ ដែល​ប្រជាជាតិ​ខ្មែរ​គិត​ថា​ អាច​ទទួល​យក​បាន។​អ៊ីចឹង​ដរាបណា​មិន​ទាន់​ទទួល​យក​បាន​គឺ​ការ​ពហិការ​មិន​ពាក់​ស្បែក​ជើង​របស់​ខ្ញុំនៅ​តែ​ធ្វើ​ទោះ​ជា​រហូត​ដល់​អស់​ដង្ហើម​នៃ​ជីវិត​របស់​ខ្ញុំ​ក៏​ខ្ញុំ​នៅ​តែ​មិន​ពាក់​វា​ទេ​ដរាប​ណា​មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ប្រាថ្នា​ឬ​ក៏​បាន​តាំង​ចិត្ត​អធិដ្ឋាន​ក្នុង​រឿង​ហ្នឹង»៕

XS
SM
MD
LG