អតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក សុន ឆ័យ បានសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សដឹកនាំដោយលោក សម រង្ស៊ី។ នេះ បើតាមថ្នាក់ដឹកនាំគណបក្សភ្លើងទៀន។
ប្រធានស្តីទីគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភាមួយរូប ប្រាប់វីអូអេនៅថ្ងៃអង្គារថា លោក សុន ឆ័យ បានសម្រេចចិត្តចូលគណបក្សភ្លើងទៀន ដូចដែលបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់លោក សុន ឆ័យ ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម។
នៅក្នុងសេចក្តីប្រកាសមួយដែលបង្ហោះលើហ្វេសប៊ុករបស់លោក លោក សុន ឆ័យ បានបញ្ជាក់នៅថ្ងៃទី១ ខែមីនានេះថា លោកសម្រេចចូលរួមជាមួយគណបក្សភ្លើងទៀន។
លោកបញ្ជាក់ថា៖ «គណបក្សភ្លើងទៀនជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនជនរួម ជាតិជាច្រើនធ្លាប់បានចូលរួមនិងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្សដែលបម្រើនិងការពារប្រជាពលរដ្ឋខ្មែរបានយ៉ាងត្រឹមត្រូវ»។
គួរបញ្ជាក់ថា លោក សុន ឆ័យ បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីឆ្នាំ២០២០៕