ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក សុន ឆ័យ និង​មន្រ្តី​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ


រូបឯកសារ៖ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ​​មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ផ្តល់បទសម្ភាសន៍ដល់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ​​មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ផ្តល់បទសម្ភាសន៍ដល់ VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។

មួយ​សប្តាហ៍​ក្រោយ​ពី​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ​៣ ​នាក់ ត្រូវ​បាន​ផ្តល់​ឲ្យ​មាន​សិទ្ធិ​នយោបាយ​ឡើង​វិញ។

សិទ្ធិ​នយោបាយ​របស់​ពួកគេ​ទាំង ​៣ នាក់ ដែល​ស្ថិត​ក្នុង​ចំណោម ​១១៨ នាក់ ត្រូវ​បាន​ដក​ហូត​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ​៥ ​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​មួយ​ ចុះ​ថ្ងៃ​ទី​៣ ខែ កញ្ញា ព្រះ​មហាក្សត្រ នរោត្តម​សីហមុនី បាន​ត្រាស់​បង្គាប់​ផ្តល់​នីតិ​សម្បទា​តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់​ ​លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រ ដែលត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។

ព្រះមហាក្សត្រ​ក៏​បាន​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​នយោបាយ​ឡើង​វិញ​ដល់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ ២ ​នាក់​ទៀត គឺ​លោក ​វ៉ា សាម៉ុន​ និង​លោក ​តាវ គឹមឈន​ ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​រស់​នៅ​ក្រៅ​ប្រទេស។

ពួកគេ​ទាំង ​៣ នាក់​ បាន​ដាក់​លិខិតម្នាក់​មួយ​ច្បាប់ ​ចុះ​ថ្ងៃ​ទី​ ២៧ ខែ​សីហា ឆ្នាំ​ ២០២០ ទៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​រយៈ​ពេល​ជិត​ ៣​ ឆ្នាំ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន ​១២ ​នាក់​ហើយ ​ក្នុង​ចំណោម​ ១១៨ ​នាក់ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៕

XS
SM
MD
LG